ភ្នំពេញ ៖ រថយន្តហ្វតរ៉េនជ័រ បើកបរដោយស្ត្រីម្នាក់បានរេចង្កូតបុកចូលរបងស័ង្កសីដែលគេព័ទ្ធពីមុខដីឡូត៍មួយកន្លែងធ្លាយចូលទៅក្នុង ហើយបានថយរថយន្តចេញមកវិញបំរុងបើករត់តែដោយសារថយន្តបែកកង់ក៏ត្រូវសមត្ថកិច្ចឃាត់ជាប់ កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី៧ខែមេសា
ឆ្នាំ២០១៤ ត្រង់ចំណុចមុខក្រុមហ៊ុនទូរស័ព្ទចល័ត ឃ្យូប៊ី (qb) តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ្វតរ៉េនជ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-6835 បើកបរដោយស្ត្រីម្នាក់ក្នុងល្បឿនលឿនពីច្រមុះជ្រូកក្បាលថ្នល់ទិសដៅពីជើងទៅត្បូង ខណៈមកដល់ផ្លូវកោង មុខក្រុមហ៊ុនទូរស័ព្ទចល័ត ឃ្យូប៊ី (qb) ក៏បានរេចង្កូតទៅខាងស្ដាំបុកចូលរបងស័ង្កសីដែលគេព័ទ្ធពីមុខដីឡូត៍មួយកន្លែងធ្លាយចូលទៅក្នុង បណ្ដាលអោយរថយន្តផ្ទុះពោងសុវត្តិភាពទាំង២និងខូចខាតផ្នែកមុខយ៉ាងតំណំ បន្ទាប់មករថយន្តបង្កបានថយក្រោយចេញមកវិញ បំរុងបើករត់ប៉ុន្តែដោយសាររថយន្តបែកកង់មុខផ្នែកខាងស្ដាំទៅមុខមិនអាចបន្តដំណើរទៅមុខបាន ក៏ត្រូវសមត្ថកិច្ចឃាត់ជាប់។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌចំការមនដើម្បីធ្វើការដោះស្រាយសំណងជាមួយម្ចាស់ដីឡូត៍ ដោយសារករណីចរាចរនេះពុំបង្កអោយប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវឡើយ គ្រាន់តែខូចខាតរថយន្តនិងរបងស័ង្កសីព័ទ្ធពីមុខដីឡូត៍តែប៉ុណ្ណោះ៕