ខេត្តបន្ទាយមានជ័យ
កម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបន្ទាយមានជ័យដឹកនាំដោយលោកវរសេនីយ៍ត្រីឡាយគឹមលួននាយការិយាល័យប្រឆាំងការជួញដូរមនុស្សបានសហការជាមួយនគរបាលស្រុកម៉ាឡៃនគរបាលប៉ុស្ថិ៍ឃុំអូរបីជាន់និង
កម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ៩១១ និងវរៈនគរបាល៨០៧ ឈរជើងនៅបឹងត្រកួន ។ ក្នុងរយៈពេល២ថ្ងៃចុងសប្តាហ៍នេះបានចុះប្រតិបត្តិការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់មកពីបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាសរុបចំនួន២១៣នាក់បម្រុងធ្វើដំណើរទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ក្នុងភូមិសាស្ត្រឃុំបឹងបេងស្រុកម៉ាឡៃភូមិសាស្ត្រឃុំអូរបីជាន់ស្រុកអូរជ្រៅ និងភូមិសាស្រ បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ក្នុងប្រតិបត្តិការនៃការទប់ស្កាត់ពលករខ្មែរខាងលើនោះគ្រាដែលមានសេចក្តីរាយការណ៍មកថាមានពលករខ្មែរម្នាក់ត្រូវបានមេកាជនជាតិថៃបាញ់សម្លាប់កន្លែងធ្វើការងាររឿងជម្លោះជាមួយកម្មករដូចគ្នា និងមានពលករខ្មែរខ្លះទៀតបានធ្វើដំណើរតាមរថយន្តបើក រត់គេចពីការតាមចាប់របស់សមត្ថកិច្ចថៃបង្កឱ្យគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់និងរងបួសជាច្រើនាក់ជាបន្តបន្ទាប់ កាលពីកន្លងទៅថ្មីៗនេះ។ប្រតិបត្តិការទប់ស្កាត់ពលករខ្មែរខាងលើនោះដែរ ត្រូវគេរាយការណ៍មកថាអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ
ដាក់ចេញឱ្យកម្លាំងនគរបាលគ្រប់ផ្នែក និងជំនាញត្រូវសហការគ្នាដើម្បីទប់ស្កាត់ពលករខ្មែរឆ្លងដែនខុសច្បាប់ដែលការឆ្លងដែនខុសច្បាប់ របស់ពួកគាត់អាចប្រឈមនិងបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតនិងការចាញ់បោកការជួញ ដូរនិងកេងកម្លាំងពលកម្ម ពីសំណាក់ក្រុមមេខ្យល់នោះជាដើម។បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចឱ្យដឹងថា ពលករដែលឆ្លដែនខុសច្បាប់ខាងលើ ពួកគេអះអាងថាគឺឆ្លងដែនចេញទៅតាមរយៈការអូសទាញ ពីមេខ្យល់ថៃនិងខ្មែរទំនាក់ទំនងតាមទូរស័ព្ទ ហើយការឆ្លងដែននោះដែរត្រូវបានបង់ប្រាក់ឱ្យសមត្ថកិច្ចការពារព្រំដែនទាំងថៃ និងកម្ពុជាម្នាក់ចាប់ពី៥ពាន់រៀលទៅ១ម៉ឺន៥ពាន់រៀលឯណោះ។ពលករខ្មែរខាងលើបន្ទាប់ពីឃាត់ខ្លួនរួចមកត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការឆ្លងដែនខុសច្បាប់តទៅទៀតហើយក៏សំណូមពរឱ្យពួកគាត់ចាកចេញទៅរកការងារនៅ ប្រទេសថៃតាមរយៈស្របច្បាប់វិញ ។ ពលករទាំងនោះដែរក្រោយពីអប់រំរួចត្រូវបានសមត្ថកិច្ចដោះលែង ត្រឡប់ទៅស្រុកកំនើតវិញហើយបានប្តេជ្ញាថាមិនទៅប្រទេសថៃរកកាងារទៅដោយខុសច្បាប់ទៀតឡើយបើខ្លួនចង់ទៅពេលក្រោយត្រូវធ្វើក្រដាសស្នាមឲ្យបានត្រឹមត្រូវជាសវាងការចាញ់បោកមេខ្យល់និងគ្រោះថ្នាក់ផ្សេងៗនៅតាមផ្លូវជាយថាហេតុជាដើម៕


































