បន្ទាយមានជ័យៈ មានការភ្ញាក់ផ្អើលពេញរោងការនៃមង្គលការ កូនស្រីលោកឧត្តមសេនីយ៍ទោ ប៉ែន វ៉ូយ មេបញ្ជាការកងពលតូចលេខ៤២ ខេត្តឧត្តមានជ័យ ដោយសារតែកូនចៅលោកវាយគ្នាជាមួយ និងក្រុមម្ខាងទៀតលុះពេលអ្នកសារព័ត៍មានទៅដល់គំរាមមិនអោយថតផ្សាយ និង
បោកកាមេរ៉ា បិទរបងវាយអ្នកសារព័ត៍មាន ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះកើតឡើងក្នុងពិធីពិសារភោជនីយ៍អាហារ មង្គលការកូនលោក ប៉ែន វ៉ូយ ដែលមានកូនក្រមុំរបស់លោក ឈ្មោះ ប៉ែន ច័ន្ទលក្ខណា និងកូនប្រុសឈ្មោះ យុយ ស៊ីណា ក្នុងហាងស្ទឹងសែន ដែលស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី ២៦ មេសា ២០១៥ ។
តាមព័ត៍មានពីអ្នកចូលស៊ីការ បានអោយដឹងថា នៅខណៈពេលដែលភ្ញៀវស្ទឺរតែចេញអស់ទៅហើយ នៅសល់តែភ្ញៀវដែលជិតស្និត នៃគ្រួសារសមីដើមការ ស្រាប់តែមានការវាយគ្នារវាងក្រុមម្ខាង និងក្រុមម្ខាង ជាច្រើននាក់ដែលគេដឹងថា ជាកូនចៅ ឬជាកូនទាហ៊ានរបស់លោក ប៉ែន វ៉ូយ រហូតដេញវាយបុរសម្នាក់ឈ្មោះ រស់ ពេជ្រ ដែលមានប្រពន្ធមកជាមួយមានទីលំនៅ សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ បណ្តាលអោយរបួសឈាមត្រង់ត្រចៀកខាងឆ្វេង និងចញ្ចើមខាងឆ្វេង ដែលដើរចេញពីរោងការ ។

ក្រោយហេតុការណ័បន្តិច អ្នកសាព័ត៍មានជាច្រើននាក់បានទៅដល់ដើម្បីថត និងយកព័ត៍មានរឿងនេះ ស្រាប់តែបុរសម្នាក់ដែលគេមិនស្គាល់ឈ្មោះ ពាក់អាវដៃវែងការ៉ូសរលាយខៀវ ស្លាក់ខោខាវបូយហើយប្រាប់ថាខ្លួនជាកូនប្រុសលោក ប៉ែត វ៉ូយ បានប្រើភាសាមើលងាយអ្នកសាព័ត៍មានថាអោយលុយមួយរយដុល្លាហើយបិទមាត់ ខណៈពេលដែលអ្នកសារព័ត៍មានមិនយកហើយបន្តរយកព័ត៍មាននេះទៀតក៏គំរាមបិទទ្វារហាងវាយ និងបោកកាមេរ៉ា អ្នកសាព័ត៍មាន ។ ក្នុងហេតុការណ៍ទាំងនេះថ្វីត្បិតតែមានសមត្ថកិច្ចប៉ូលីសប៉ុស្តន៍ និងប៉ូលីសជាច្រើនាក់នៅទីនោះក៏ដោយ ក៏គ្មានការឃាត់ និងចាប់ខ្លួនបុគ្គលបង្ករហេតុវាយតប់គ្នា ឬអ្នកដែលគំរាមអ្នកសាព័ត៍មានឡើយ ដោយគ្រាន់តែប្រាប់អ្នកសាព័ត៍មានថា គេចរចាគ្នាត្រូវរវាងអ្នករងគ្រោះ និងអ្នបង្កររួចហើយ ទើបសមត្ថកិច្ចមិនធ្វើការតាមច្បាប់ ។



































