ខេត្តព្រះសីហនុ
កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុបានធ្វើការស្រាវជ្រាវបង្ក្រាបការជួញដូរគ្រឿងញៀនមួយកន្លែងដែលមានទីតាំងនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ព្រមទាំងធ្វើការឃាត់ខ្លូនជនសង្ស័យ ប្រុស ស្រីបានចំនួន ០៣
នាក់ ។
លោកឧត្តមសេនីយត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានមានប្រសាសន៌ថា កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវជាប្រចាំឈានទៅដល់ធ្វើការបង្ក្រាបករណីជួញដូរ ប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យប្រុស ស្រីចំនួន០៣នាក់ និងវត្ថុតាងមួយចំនួនទៀត ។
លោកមេបញ្ជាការកងរាជអាវុធហត្ថបានបន្តថា ជនសង្ស័យទី១ មានឈ្មោះ អ៊ំ ប៊ុននឿន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកស្រាបៀអង្គរ បច្ចុប្បន្នស្នាក់នៅក្រុម១៧ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ទី២ ឈ្មោះ កែត សិរីវុទ្ធថន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបនេសាទ ទីលំនៅក្រុម១៦ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះ សីហនុ និងទី៣ឈ្មោះ ជ័យ សុផា ភេទស្រី អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអតីតគ្រូបង្រៀន ស្នាក់នៅក្រុម១៦ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

លោកឧត្តមសេនីយត្រី ហេង ប៊ុនទី បានឪ្យដឹងបន្តទៀតថា ក្នុងករណីបង្ក្រាបការជួយដូរ និងប្រើប្រាស់គ្រឿងញៀនខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តធ្វើការដកហូតបានវត្ថុតាងមួយចំនួនមានដូចជា ម្សៅពណ៌សថ្លា ០១កញ្ចប់ធំ និង០៧កញ្ចប់តូច ទូរសព្ទ័ដៃចំនួន០២ អត្តសញ្ញាណបណ្ណចំនួន០២ ម៉ូតូ០១គ្រឿង ប្រាក់រៀល និងប្រាក់ដុល្លាមួយចំនួនទៀត ។
បច្ចុប្បនជនសង្ស័យទាំង០៣នាក់ ត្រូវបានធ្វើការសាកសួរ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕




































