បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណះដែលគាត់បានបើករថយន្តកាមេរីក្នុងល្បឿនលឿន ជ្រុលបុកគូទរថយន្តហ៊ីយ៉ានដាយពេញទំហឹង គៀបជាប់ក្រោមរថយន្ត ។
ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២នឹង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ មុខភោជនីយដ្ឋានសប្បាយជួបមិត្ត តាមបណ្តោយផ្លូវលេខ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
យោងតាមប្រភពពត៌មាន បានឱ្យដឹងថា នៅពេលកើតហេតុ គេបានឃើញរថយន្តហ៊ីយ៉ានដាយ ធនធំមួយគ្រឿង ឈប់ចតស្ងៀមនៅមុខភោជនីយដ្ឋាន សប្បាយជួបមិត្ត ដែលម្ចាស់ចូលទៅខាងក្នុងហាង ដោយបានដាក់ស្លាកសញ្ញាបំភ្លឺផ្លូវដែរ ។
ខណះឈប់បានប្រមាណជាកន្លះម៉ោងនោះ ស្រាប់តែមានរថយន្តកាមេរី ពណ៍ស ពាក់ស្លាកលេខ ឃ៧៩៤៧ ភព២ បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រាជោគជាំ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន បុកគូទរថយន្តហ៊ីយ៉ានដាយពេញទំហឹង បណ្តាលឱ្យរថយន្តចូលពីក្រោម គៀបជាប់រថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែកអ្នកបើករថយន្ត រងរបួសធ្ងន់ ត្រូវបានរថយន្តដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋាន បានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានសហការជាមួយជំនាញយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕



































