យុវជន៣នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ដោយសារតែត្រូវរថយន្តកាមេរីបាឡែន បើកក្នុងល្បឿនលឿនបុករះម៉ូតូមួយគ្រឿង និងរ៉ឺម៉កកង់បី បណ្តាលឱ្យរងការខូចខាត ហើយរថយន្តបានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល ចំណែកអ្នករបួសធ្ងន់ ជាម្ចាស់ម៉ូតូ
ដែលរបួសធ្ងន់ទាំង៣នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២នឹង៤៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ28BT ស្ថិតក្នុងភូមិរោងចក្រ សង្កាត់ភ្នំ ពេញថ្មី ខណ្ឌសែនសុខ ។
សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកាមេរីបាឡែន ពណ៍ស មិនចាំស្លាកលេខ បើកបរតាមបណ្តោយផ្លូវលេខ28BT ទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតាហេតុបានរេចង្កូត ជ្រុលទៅបុករះម៉ូតូឌ្រីម សេ១២៥ពណ៍ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខភ្នំពេញ 1W-0157 ដែលជិះដោយយុវជន៣នាក់ និងរ៉ឺម៉កកងបីមួយគ្រឿងទៀត ដែលជិះក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឱ្យ អ្នកជិះម៉ូតូទាំង៣នាក់របួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើករ៉ឺម៉កកង់បី របួសស្រាល ហើយរថយន្តបង្ក បានបន្ថែមល្បឿនគេចខ្លួនបាត់ស្រមោល ។
ក្រោយមកសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុភ្លាមៗ និងបានយកម៉ូតូ និងរ៉ឺម៉កកង់បី ដែលរង់ការ ខូចខាត ទៅរក្សាទុកជាបណ្តោះអាសន្ន នៅអធិការដ្ឋាន ខណ្ឌសែនសុខ រង់ចាំដោះស្រាយជាបន្ត ៕




































