យុវជនម្នាក់បានរងរបួសធ្ងន់ធ្ងរបាក់ជើងម្ខាង និងបុរសម្នាក់ទៀតបែកមុខបែកមាត់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែអ្នកទាំង២នាក់ជិះក្នុងល្បឿនលឿនដូចគ្នា ហើយបាន បុកនៅចំណុចផ្លូវបំបែកជា៤ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១នឹង០៥នាទីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៥១(ប៉ាស្ទ័រ) ស្ថិតក្នុងសង្កាត់នឹងកេងកងទី៣ ខណ្ឌចំការមន។
សាក្សីដែលបានឃើញហេតុការណ៍ ខាងលើនេះបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ពណ៍ខ្មៅ សេរីឆ្នាំ២០០៤ ពាក់ស្លាកលេខភ្នំពេញ ជិះតាមបណ្តោយផ្លូវលេខ៣៦០ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកែងនឹងផ្លូវលេខ៥១ ក៏ស្រាប់តែមានបុរសម្នាក់ ជិះម៉ូតូឌ្រីមសេ១២៥ សេរីឆ្នាំ២០១១ ជិះក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចគ្នា ក៏ជ្រុលទៅបុកម៉ូតូយុវជនខាងលើពេញទំហឹង បណ្តាលឱ្យប៉ើងអូសទាំងម៉ូតូនិងមនុស្ស រងរបួសធ្ងន់ធ្ងរបាក់ជើងខាងស្តាំ ចំណែកបុរសបង្ករបួសបែកមុខបែកមាត់ រីឯម៉ូតូរងការខូចខាតទាំងសងខាង ។
ភ្លាមៗនោះអ្នកដែរនៅជិតកន្លែងកើតហេតុ បានទំនាក់ទំនងទៅរថយន្តសាមុយ ឱ្យមកដឹកជនរងគ្រោះទាំង២នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូទាំង២គ្រឿង សមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន រង់ចាំដោះស្រាយនាពេលក្រោយ ៕



































