ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៏ ត្រី អាត់ខែមស្នងការនគបាលខេត្តបន្ទាយមានជ័យបានបន្ដដាក់ផែនការយ៉ាងម៉ឺងម៉ាត់ជាទីបំផុតដល់កងកម្លាំងរបស់ខ្លួនដែលឈរនៅតាមបន្ទាត់ព្រំដែនលើការទប់ស្កាត់ បទល្មើសតាម បណ្ដោយព្រំដែនកម្ពុជា-ថៃក្នុងទឹកដីខេត្ដបន្ទាយ
មានជ័យ ក្នុងនោះមានការទប់ស្កាត់ ទំនិញគេចពន្ធ ពលករឆ្លងដែនខុសច្បាប់ និង បញ្ហាគ្រឿងញៀនជាដើម។ការដាក់ផែនការបង្កើនបញ្ហាសន្ដិសុខ តាមបន្ទាត់ព្រំដែនខាងលើនេះ ខណៈដែលលោកឧត្ដមសេនីយ៍ស្នងការ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥ បានទៅជួបសំណេះសំណាល និងនាំយកសម្ភារចែកជូនដល់កងកម្លាំងនគរបាលនៅតាមបណ្ដាវរទាំង៤ រួមមាន វរលេខ ៩១១.៨០៧ .៨១៥.និង៨១១ ព្រមទាំងនគរបាលស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ។នៅចំពោះមុខកងកម្លាំងនគរបាលទាំង អស់ លោកឧត្ដមសេនីយ៍ស្នងការបានជំរុញឱ្យនគរបាលនៅតាមគោលដៅបន្ដសកម្មភាពការងារលើការចុះល្បាតការពារសន្ដិសុខ ក្នុងនោះត្រូវទប់ស្កាត់ឱ្យបាន ចំពោះសកម្មភាពពលករឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃ ដោយត្រូវបង្វែគាត់ ពន្យល់គាត់ យល់ពីច្បាប់ទម្លាប់និងពីបញ្ហាប្រឈមនានា នៅពេលធ្វើដោយខុសច្បាប់នៅប្រទេសគេ ។លោកស្នងការ ក៏បានស្នើឱ្យនគរបាលតាមអង្គភាពនីមួយៗត្រូវរួមសហការគ្នាឱ្យបានល្អ ដើម្បីការពារបញ្ហាសន្ដិសុខ ជូនប្រជាពលរដ្ឋ និងបង្កើនទំនាក់ទំនងសហការល្អ ជាមួយភាគីថៃ ដែលឈរជើង នៅតាមខ្សែ បន្ទាត់ព្រំដែន ព្រមទាំងបង្កើនសាមគ្គីភាព ជាមួយអាជ្ញាធរដែនដី ក្នុងមូលដ្ឋានរបស់ខ្លួន។នៅក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ អាត់ ខែម ក៏បានចែកជូននៅខោអាវនិងស្បែកជើង ព្រមទាំងសម្ភារប្រើប្រាស់ ក្នុងជួរកងកម្លាំងជូនដល់មន្ដ្រីនគរបាលទាំងអស់ ដែលជារបប និងការឧបត្ថម្ភពីក្រសួងមហាផ្ទៃ ៕គង្គា



































