សៀមរាប ៖ ជនសង្ស័យភេទប្រុសម្នាក់នេះមានឈ្មោះ ហេង ឈុនហាក់ អាយុ២៨ឆ្នាំជាជាងជួសជុលទូរស័ព្ទ នៅខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមកស្នាក់នៅផ្ទះជួលបន្ទប់ក្នុងភូមិវត្តបូព៍ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។ ត្រូវបានលោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាល
ខេត្តសៀមរាបនិងលោកវរសេនីយ៍ត្រី អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានដឹកនាំកម្លាំងនគរបាលក្នុងអង្គភាពចុះប្រតិបត្តការណ៍ តាមដានស្រាវជ្រាវនិងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់នេះកាលពីថ្ងៃទី០៥ខែមេសាឆ្នាំ២០១៤កន្លងទៅនេះរួចយកមកកាន់ការិយាល័យជំនាញដើម្បី
ធ្វើការសួរនាំជាប់ពាក់ព័ន្ធក្នុងករណីជួញដូរនូវសារធាតុញៀនខុសច្បាប់។លោកវរសេនីយ៍ត្រី អ៊ុំ សាអាត បានបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចជំនាញរបស់លោកបានធ្វើការសួរនាំនិងបានធ្វើការតាមដានស្រាវជ្រាវបន្តទៀតនោះទើបសមត្ថកិច្ចយើងបានរកឃើញនៅប្រភេទគ្រឿងញៀនខុសច្បាប់ ម្សៅមេតំហ្វេតាមីន ហៅ ម៉ាទឹកកក ចំនួន ៤កញ្ចប់តូចនិង២២កញ្ចប់ធំ ស្មើនិង ៦៦ ក្រាម និងជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿងទៀតផងដែរ។
ដែលជនសង្ស័យបានឆ្លើយសារភាពថាគ្រឿងញៀនទាំងអស់នេះគឺគេទើបតែយកមកពីរាជធានីភ្នំពេញ។ ដោយលោកវរសេនីយ៍ត្រី អ៊ុំ សាអាត នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់ថានៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាគេពិតជាបានប្រព្រត្តឹនៅករណីជួញដូរនូវសារធាតុញៀន
ខុសច្បាប់ខាងលើពិតប្រាកដមែនបច្ចុប្បន្នទាំងជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលពីរសៀលថ្ងៃទី០៧ខែមេសាឆ្នាំ២០១៤នេះដើម្បីចំណាត់ការទៅតាមនិតិវិធីជាបន្ត ៕ អត្ថបទដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ