​ខ្លាឃ្មុំ​ចេញពី​ព្រៃ​ខាំ​បុរស​ម្នាក់​រងរបួស​ធ្ងន់ នៅ​ភ្នំ​ដំបង​

​ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ បាន​រងរបួស​ធ្ងន់ ត្រូវ​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ខណៈពេល​រូបគាត់​បណ្តើរ​សត្វ​ឆ្កែ​៣​ក្បាល ចេញពីផ្ទះ​ទៅ​មើល​ចម្ការ​របស់ខ្លួន ដែលមាន​ប្រវែង​ប្រហែល​២​គឺ​ឡូ​ម៉ែត្រ​ពី​ផ្ទះ ក៏​ប្រទះឃើញ​មាន​សត្វ​ខ្លាឃ្មុំ​ខ្មៅ​១​ក្បាល ទម្ងន់​ប្រហែលជា​១០០​គីឡូក្រាម​ស្ទុះ​ចេញពី​ក្នុងព្រៃ​មាត់​អូរ រត់​យ៉ាង​លឿន​មក​សង្គ្រុប​លើ​រូបគាត់ រួច​ខាំ​ជាច្រើន​ចង្កូម តែ​សំណាងល្អ ដោយ​ជនរងគ្រោះ​មាន​ស្មារតី​រឹងប៉ឹង ក៏​ទាញ​ពូថៅ​ដែល​នៅជាប់​នឹង​ដៃ កាប់​តទល់​ជាមួយ​ខ្លាឃ្មុំ​ចំនួន​២​ពូថៅ បណ្តាលឱ្យ​សត្វ​ខ្លាឃ្មុំ​រងរបួស រួច​រត់​ចូល​ព្រៃ​បាត់ស្រមោល ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥ ស្ថិតនៅ​ចំណុច​ព្រៃ​អូរ​តា​វ៉េ​ត ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

download
​បុរស​ជនរងគ្រោះ​ដែល​ជ្រូក​ខ្វះ​ឈ្មោះ​សឿន ម៉ុ​ន ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្តុល ឃុំ​ក្តុល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង បច្ចុប្បន្ន​រស់នៅ​ភូមិ​-​សង្កាត់​ខាងលើ ។​
​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា​៖ នៅ​ព្រឹក​នៃ​ថ្ងៃកើតហេតុ រូបគាត់​បាន​ចេញពីផ្ទះ​ម្នាក់ឯង​បណ្តើរ​ឆ្កែ​ចំនួន​៣​ក្បាល ក្នុង​គោលបំណង​ទៅ​មើល​ចម្ការ​ដំឡូង​មី​របស់ខ្លួន ដែល​បាន​ដាំ​រួចរាល់​កាលពី​បី​ថ្ងៃមុន ក្រោយពី​មាន​ភ្លៀង​មួយ​មេ​ធំ ។ គាត់​បន្តទៀតថា ពេល​ដើរ​តាម​ក្បែរ​ព្រៃ​មាត់​អូរ ជិត​ដល់​ចម្ការ​ទៅហើយ ស្រាប់តែ​ឮសូរ​សំឡេង​សត្វ​ឆ្កែ​របស់គាត់​ព្រូស ហើយ​ពួកវា​បាន​រត់គេច​ព្រោងព្រាត ។​គ្រាន់តែ​ឃើញ​ដូច្នេះ គាត់​នឹកស្មានថា ឆ្កែ​ឃើញ​សត្វ​ជ្រូកព្រៃ​ទើប​ដើរ​លបៗ​ទៅ​ក្បែរ​នោះ មិនទាន់​ទៅដល់​ផង ស្រាប់តែ​សត្វ​ខ្លាឃ្មុំ​១​ក្បាល​យ៉ាង​ធំ មាន​កម្ពស់​ជាង​១​ម៉ែត្រ ទម្ងន់​ប្រហែល​១០០​គីឡូក្រាម វែក​ព្រៃ​ស្ទុះ​រត់​តម្រង់​មករក​គាត់ ក៏​ទះ​ចំក្បាល​១​ដៃ ខាំ​ដោះ​មុត​៤​ចង្កូម និង​ខាំ​ស្មា​ដៃស្តាំ​៨​ចង្កូម ញី​ផ្ទប់​ទៅនឹង​ដី​បម្រុង​ហែក​ស៊ី​តែ​សំណាងល្អ ដោយ​រូបគាត់​មាន​ស្មារតី​រឹងប៉ឹង ក៏​ទាញ​ពូថៅ​ដែល​នៅជាប់​នឹង​ដៃ កាប់​តទល់​ជាមួយ​ខ្លាឃ្មុំ​ចំនួន​២​ពូថៅ បណ្តាលឱ្យ​សត្វ​ខ្លាឃ្មុំ​រងរបួស រួច​រត់​ចូល​ព្រៃ​បាត់ស្រមោល ។ ក្រោយពេល​កើតហេតុ​រូបគាត់ ត្រួវបាន​សាច់ញាតិ​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ផងដែរ ។
​ប្រភពពី​ប្រជាពលរដ្ឋ បាន​ឲ្យ​អ្នកយក​ព័​ត៌​ដឹងថា​៖ នេះ​ជា​លើក​ទី​១​ហើយ ដែលមាន​ករណី​សត្វ​ខ្លាឃ្មុំ​ខាំ​មនុស្ស បណ្តាលឱ្យ​រងរបួស​ធ្ងន់ ដែល​ពីមុនមក​ធ្លាប់​តែមាន​ករណី​ជ្រូកព្រៃ​ខ្វេះ​ខាំ​បុរស​ជាច្រើន​នាក់ បណ្តាលឱ្យ​រងរបួស​ធ្ងន់ តែ​មិនមាន​អ្នកណា​បាត់បង់​ជីវិត​នោះឡើយ ។​