ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៦០គ្រួសារ មកពី៣ឃុំ គឺឃុំស្ទឹងត្រង់ ,ឃុំសាលាក្រៅ និងឃុំអូរអណ្តូង មានចំនួន៨ភូមិ ត្រួវបានទទូលអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ។ ពិធីនេះប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិកោះកែវ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដោយមានការចូលរួមពីសំណាកលោក លោកស្រីសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងប្រជាពលរដ្ឋជាច្រើនកុះករ ។
បន្ទាប់ពីអង្គពិធី បានអានរបាយការណ៏ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ធ្វើឲ្យខួចខាតផ្ទះប្រជាពលរដ្ឋចំនួន៦០គ្រួសារ រួចមក លោកជំទាវ បាន ស្រីមុំ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៏ថា៖ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់ដល់បងប្អួនប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ហើយនាពេលកន្លងមកយើងឃើញហើយថា ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមចុះជួយដល់បងប្អួនប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងហេតុការផ្សេងៗ ។
លោកជំទាវ បាន ស្រីមុំ មានប្រសាសន៏បន្តថា៖ សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មានគោលបំណងដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជន ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនោះ។ សកម្មភាពមនុស្សធម៌នៃការចែករំលែកនេះ គឺយើងមិនបានប្រកាន់និន្នាការនយោបាយឬគិតថាបងប្អូនមកពីបក្សណាៗនោះទេ គឺធ្វើឡើងទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយមានការសហការជាមួយថ្នាក់ដឹកនាំតាមមូលដ្ឋាន ហើយបើបងប្អួនប្រជាពលរដ្ឋ មានបញ្ហាផ្សេងៗសូមរាយការណ៏មកអាជ្ញាធរមូលដ្ឋាន នោះសាខាកាកបាទក្រហមកម្ពុជាខេត្ត ឬក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចុះជួយដល់បងប្អួនផងដែរ ។
អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែលចុះចែកនាពេលនេះ ក្នុងមួយគ្រួសារទទូលបាន គ្រឿងឧបភោគ បរិភោគរួមមានអង្ករ៣០kg មី១កេះ មីសួរ១កញ្ចប់ធំ ទឹកត្រី៦ដប ទឹកស៊ីអ៊ី៦ដប ប្រេងឆា១ដប ប៊ីចេង១កញ្ចប់ ស្កសរ១kg អំបិលអ៊ីយ៉ូត១កញ្ចប់ ត្រីខ១០កំប៉ុង ទឹកសុទ្ធ១ឡូ ឃីត១កញ្ចាប់មានភួយ១ មុង១ ក្រម៉ា១ សារ៉ុង១ និងថវិកា៧០,០០០រៀល (ប្រាំពីរម៉ឺនរៀលគត់) ។
និងផ្ទះប្រជាពលរដ្ឋដែលរងគ្រោះខូចខាតធ្ងន់ធ្ងន់ចំនួន ២៥ខ្នងផ្ទះ ត្រូវបានក្រុមការងារកាកបាទក្រហម និងយុវជន សសយក សហការណ៍គ្នាជួយជួសជុល ប្រក់ដំបូលផ្ទះឡើងវិញ រីឯក្មេងតូចៗ ទទួលបាននំ ស្ករគ្រាប់ និងថវិកាផងដែរ ។