ខេត្តសៀមរាប៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយមន្ទីររ៉ែនិងថាមពលខេត្តក្រោមការដឹកនាំផ្ទាល់ ដោយលោក កើត វណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានឲ្យកម្លាំងក្រោមឱវាទចុះធ្វើការត្រួតពិនិត្យនិងឆែកឆេរទីតាំងផលិតទឹកសុទ្ធគ្មានច្បាប់មួយកន្លែងនៅកណ្តាលវាលស្រែយីហោស៊ីវ ជាតិ រហូតឈានដល់ធ្វើការបិទបណ្តោះអាសន្ន។
ហេតុការចុះត្រួតពិនិត្យនិងឆែកឆេរកច្បាប់ទម្លាប់នេះធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃទី៣០ ខែ មេសា ឆ្នាំ ២០១៥នៅកណ្តាលវាលស្រែ ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំ រើក ក្រុងសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជាក់ស្តែងកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងមន្ទីរជំនាញខេត្តបានចូលរួមសហការណ៍គ្នាធ្វើការត្រួតពិនិត្យនិងឈានដល់ធ្វើការផ្អាកទីតាំងផលិតទឹកសុទ្ធ ដែលម្ចាស់យកទៅលក់ឲ្យម៉ូយនៅក្នុងក្រុងសៀមរាប ដោយគ្មានច្បាប់ពិនិត្យត្រឹមត្រូវ ច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រនិងសិប្បកម្មតាមមាត្រា៤៣។សមត្ថកិច្ចបន្ថែមថា បច្ចុប្បន្នម្ចាស់ទីតាំងផលិតទឹកសុទ្ធយីហោ(ស៊ីវ ជាតិ)ឈ្មោះ សៀក ម៉េង ភេទប្រុសអាយុ៣៥ឆ្នាំជាជនខែ្មរ មានស្រុកកំណើតខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅភូមិ សង្កាត់ខាងលើ ដែលមកផលិតទឹកសុទ្ធនៅក្នុងខេត្តសៀមរាបបានរយៈពេល៤ខែ ដែលផលិតទឹកសុទ្ធចេញលក់ក្នុងមួយថ្ងៃបាន២០០យួរ ហើយលក់ចេញក្នុង១យួរតម្លៃ២៥០០រៀល ចំណែកកាដុងធំ ផលិតចេញម្តងបាន១៥០កាដុង លក់ចេញតម្លៃ២០០០ទៅ២៥០០រៀល។ សមត្ថកិច្ចបន្ថែមទៀតថា ក្រោយពីយកម្ចាស់ផលិតទឹកសុទ្ធមកសាកសួររួចសមត្ថកិច្ចជំនាញក៏បានឲ្យម្ចាស់ផលិតទឹកសុទ្ធនោះ ទៅធ្វើច្បាប់ជាមុនសិនទើបអនុញ្ញាតិឲ្យបើកអាជីវកម្ម ជាថ្មី។
សូមរំលឹកផងដែរថា ជាញឹកញាប់នៅក្នុងខេត្តសៀមរាប ត្រូវបានគេសង្គេតឃើញថា មានសមត្ថកិច្ចចុះទៅបង្ក្រាបទីតាំងបើកសិប្បកម្មនិងទំនិញគ្មានគុណភាពជាច្រើនលើកមកហើយ ដោយធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ផងដែរ។
ទន្ទឹមគ្នានោះពលរដ្ឋស្នើរឲ្យសមត្ថកិច្ចទាំងនោះបន្តត្រួតពិនិត្យទំនិញគេចពន្ធដែលគ្មានគុណភាពនឹងទីតាំងជាច្រើនទៀតដែលមានភាពប្រក្រតី៕ដោយ កុសល