ខេត្តព្រះវិហារ
ចាប់តាំងពីតំបន់ព្រំដែនប្រាសាទព្រះវិហារទទួលបានសុខសន្ដិភាពពេញលេញអំទ្បុងឆ្នាំ២០១២រហូតមកដល់បច្ចុប្បន្ននេះយើងសង្កេតឃើញខេត្តព្រះវិហារមានឈ្មួញមួយចំនួនបានឆក់ឱកាសចំណាយដើមទុនដុំកំភួនដើម្បីបើកសេវាកម្មមណ្ឌលកំសាន្តគគ្រឹកគគ្រេងបំរើដល់ការកំសាន្តសប្បាយដល់អតិថិជន។
ខេត្តព្រះវិហារសំបូរទៅដោយមណ្ឌលកំសាន្តមានដូចជាខារ៉ាអូខេរាប់សិបកន្លែងនៅតំបន់ស្រអែម,ទីរួមខេត្តព្រះវិហារនិងក្លឹបឌីស្កូមាន២កន្លែងក្នុងក្រុងព្រះវិហារ។ក្លឹបឌីស្កូទី១ឈ្មោះក្លឹបឌីស្កូសប្បាយសប្បាយនិងទី២ឈ្មោះក្លឹបឌីស្កូភីធូ។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថាក្លឹបឌីស្កូភីធូជាក្លឹបទើបបើកថ្មីប៉ុន្តែមានបញ្ហាជម្លោះកើតទ្បើងច្រើនករណីក្នុងមូលដ្ឋានដោយសារភ្ញៀវចូលទៅរាំកំសាន្តពេលរាត្រីភាគច្រើនជាសិស្សសាលាវ័យស្ទាវៗ។ជម្លោះភាគច្រើនកើតទ្បើងនៅខាងក្រៅទីតាំងក្លឹបដោយសាររាំដណ្ដើមស្រីស្អាតនិងជាន់ជើងគ្នាហើយណាត់គ្នាមកបន្ធូរកំហឹងនៅខាងក្រៅនិងមានការដេញវាយគ្នាស្រែកទ្បូទ្បានាពេលយប់កណ្តាលអធ្រាតថែមទៀតផង។
ម្ចាស់ទីតាំងក្លឹបបានអោយដឹងថាពិតជាមានជម្លោះកើតទ្បើងមែនប៉ុន្តែវាជាជម្លោះតូចតាចកើតនៅខាងក្រៅទីតាំងក្លឹបតែប៉ុណ្ណោះវាមិនមែនកើតទ្បើងក្នុងពេលរាំកំសាន្តនោះទេ។
សមត្ថកិច្ចនគរបាលក្រុងព្រះវិហារបានអោយដឹងនៅព្រឹកថ្ងៃទី០១ឧសភា២០១៥ថាថ្មីៗនេះគាត់បានកោះហៅម្ចាស់ក្លឹបឌីស្កូភី២មកណែនាំនិងអោយធ្វើកិច្ចសន្យារួចហើយថាទី១មិនត្រូវអោយកើតមានអំពើហិង្សាឈ្លោះវាយតប់កាប់ចាក់គ្នាក្នុងពេលភ្ញៀវកំពុងរាំកំសាន្តទី២ធានាសន្តិសុខសណ្តាប់ធ្នាប់លើការចាក់ផ្សាយបំពងសំលេងធុងបាស់មិនអោយឮខ្លាំងរំខានដល់ដំណេកប្រជាពលរដ្ឋនិងទី៣អោយភ្ញៀវចតរថយន្ដមានរបៀបរៀបរយលើដងផ្លូវសាធារណះ។សមត្ថកិច្ចបញ្ជាក់ថាម្ចាស់ក្លឹបភីធូបានយល់ព្រមទទួលយកនូវសេចក្ដីណែនាំទាំងនេះ៕