ក្នុងឆ្នាំនេះដំណាំល្ងនៅក្នុងឆ្នាំនេះ ត្រូវបានប្រជាកសិករ ដែលរស់នៅតាមដងទន្លេ បាននាំគ្នាដាំដុះយ៉ាងផុលផុស ព្រោះតែល្ងមានតំលៃខ្ពស់ ។ ជាក់ស្តែងរយៈពេល២ខែនេះ ប្រជាកសិករ បានប្រមូលផលល្ង យកមកលក់នៅទីផ្សារបានរាប់រយតោន ហើយត្រូវបានឈ្មួញកណ្តាល ដឹកជញ្ជូនយកទៅលក់នៅភ្នំពេញ និងបន្តទៅលក់នៅប្រទេសជិតខាង ។
នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៥ គេឃើញនៅកំពង់ផែរ មាត់ទន្លេផ្សារក្រោម ក្នុងសង្កាត់ផ្សារឆ្នាំង មានកាណូតធំៗជាច្រើនគ្រឿង បានដឹកផលល្ងរាប់សិបតោន យកមកលក់អោយឈ្មួញកណ្តាល នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ។ នៅតាមផ្ទះល្វែងមាត់ទន្លេផ្សារក្រោម ប្រមាណជាង១០កន្លែង គេឃើញឈ្មួញកណ្តាល ដែលជាអ្នកទទួលទិញផលល្ង ស្តុកទុកក្នុង១ផ្ទះៗ រាប់សិបតោន ។ អ្នកទទួលទិញផលល្ងម្នាក់ បាននិយាយអោយដឹងថា គាត់បានទទួលទិញផលល្ងនេះ រយៈពេល២ខែហើយ ប៉ុន្តែផលល្ងក្នុងឆ្នាំនេះ បានថយចុះជាងឆ្នាំមុន ដោយសាតែធាតុអាកាសក្តៅខ្លាំង ។ ដោយឡែកតម្លៃល្ងនៅក្នុងថ្ងៃនេះ ក្នុង១គីឡូក្រាម ទិញចូល៧៦០០រៀល ប្រៀបធៀបនឹងឆ្នាំចាស់ ទិសចូល៨០០០រៀល ។
អ្នកបើកបររថយន្តម្នាក់ឈ្មោះ សា វុធ ជាអ្នកស៊ីឈ្នួលដឹកល្ង ពីខេត្តកំពង់ឆ្នាំង យកទៅភ្នំពេញ បាននិយាយអោយដឹងថា ជាង១០ថ្ងៃនេះ គាត់បានដឹកល្ងក្នុងមួយថ្ងៃបាន១ជើង និងក្នុង១ជើង មានទម្ងន់១០តោន យកទៅអោយថៅកែស្តុកទុក នៅទីក្រុងភ្នំពេញ ហើយល្ងនេះ ត្រូវឈ្មួញទិញបន្ត យកទៅលក់នៅប្រទេសវៀតណាម និងចិន ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង បាននិយាយអោយដឹង នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ថា តាមរបាយការណ៍ដែលលោកទទួលបាន ពីបណ្តាស្រុកមកដល់សប្តាហ៍នេះ ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ដាំដុះល្ងលើផ្ទៃដីសរុប ចំនួន៥២០ហិកតា និងប្រមូលផលល្ង បានចំនួន២៥០តោន ហើយ ស្មើនឹង៩០%នៃផលសរុប ។ ដោយឡែកការប្រមូលផលល្ង ក្នុង១ហិកតា ប្រមូលផលបានពី៦០០ទៅ៧០០គីឡូក្រាម ។
លោក ប៉ាត់ គន ជាអ្នកដាំល្ងម្នាក់ រស់នៅក្នុងភូមិផ្លូវទូក ឃុំផ្លូវទូ ស្រុកកំពង់លែង បាននិយាយអោយដឹងថា ការដាំដុះដំណាំល្ងនេះ ត្រូវមានការថែទាំបាញ់ថ្នាំ ការពារសត្វល្អិត បាញ់ថ្នាំបំប៉នផ្លែផ្កា អោយបានម៉ត់ចត់ ដែលក្នុង១ហិកតា ត្រូវចំណាយថវិកាទិញថ្នាំបាញ់ អស់ប្រាក់ពី៥០ទៅ៦០ម៉ឺនរៀល ហើយនឹងត្រូវទទួលផលមកវិញ ក្នុងរយះពេល៣ខែកន្លះទៅ៤ខែ និងបានផលពី៧០០ទៅ៨០០គីឡូក្នុង១ហិកតា នឹងអាចលក់បានប្រាក់ក្នុង១ហិកតា ពី១៥០០ទៅ២០០០ដុល្លា តាមតម្លៃថ្លៃឬថោក គឺបានកម្រៃខ្ពស់ ជាងដំណាំផ្សេងៗ ធ្វើអោយជីវភាពគ្រួសារពួកគាត់ បានធូធារមួយកំរិតផងដែរ ៕