កំពង់ឆ្នាំង៖នៅវេលាម៉ោង៦និង១០នាទីល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៥ បុរសពីរនាក់បងប្អូន បានរងរបួសបែកក្បាលនិងបាក់ដៃ ខណះដែលជនបង្ក បានវៃនិងដែកបំពង់ទីប ហើយរត់គេចខ្លួនបាត់ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅចំណុចគល់ស្ពានថ្ម ដែលស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានអោយដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ផល មករា ភេទប្រុស អាយុ៣៥ឆ្នាំ ២.ឈ្មោះ ផល វាស្នា អាយុ២៨ឆ្នាំ ដោយឡែកជនបង្ក មានឈ្មោះ រិន ភារា អាយុ២៧ឆ្នាំពួកគេទាំង៣នាក់ រស់នៅក្នុងភូមិប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បាននិយាយអោយដឹងថា កន្លងមកជនរងគ្រោះនិងជនដៃដល់ធ្លាប់មានគុំនុំនិងគ្នា តាំងពីបុណ្យចូលឆ្នាំខ្មែរមកម្ល៉េះ ពួកគេមិនបានជួបមុខគ្នាតែ អ្វីដែលបានកើតឡើងក្នុងថ្ងៃនេះទំនងជាពួកគេឌឺដងដាក់គ្នា ទើបបានជាឈានដល់ការវៃគ្នា រហូតដល់បែកក្បាលនិងបាក់ដៃ ។
ប្រភពមួយដោយឡែក បាននិយាយអោយដឹងថា ហេតុការណ៍ឈានដល់មានការវាយតប់គ្នា ខណះដែលជនរងគ្រោះ មានគ្នា២នាក់ ហើយជនបង្កមានតែម្នាក់ឯង នៅពេលប៉ះគ្នានោះ ជនបង្កបានឆក់យកបានបំពង់ទីបហើយវាយមកលើជនរងគ្រោះ បណ្តាលអោយបែកក្បាលនិងបាក់ដៃ ហូរឈាមស្រោចខ្លួន ក្រោយកើតហេតុជនបង្កបានរត់គេចខ្លួនបាត់ ដោយឡែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកតាមរថយន្ត យកទៅសង្ក្រោះបន្ទាន់ នៅមន្ទីពេទ្យផងដែរ ។
ប្រភពមួយផ្សេងទៀត បានបង្ហើបអោយដឹងបន្តថា ជនបង្កគឺជាក្រុមក្មេងទំនើង ដែលតែងតែដើរបង្ករឿងនៅក្នុងភូមិ ដោយគេសម្អាងលើម្តាយបងប្អូន ដែលសុទ្ធជាក្រុមជើងខ្លាំង ខាងដើរប្តឹងល្បីល្បាញនៅក្នុងភូមិ មិនថាប្រុសឬស្រី គ្មាននរណាមួយហ៊ានជាមួយនោះឡើយ ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលើនេះ គេរង់ចាំមើលថា ជនល្មើសជើងខ្លាំង ដែលតែងតែបង្ករឿងរ៉ាវមិនចេះចប់ នៅក្នុងភូមិខាងលើនេះ អាចគេចផុតពីសំណាញ់ច្បាប់ បានដែរឬយ៉ាងណា ខណះដែលសមត្ថកិច្ច កំពុងតាមរកមុខជនល្មើសជើងខ្លាំង ដើម្បីចាប់យកមកធ្វើការតាមផ្លូវច្បាប់ផងដែរ ៕



































