ខេត្តប៉ៃលិន ៖ ជាងជួសជុលម៉ាស៊ីនត្រជាក់ក្នុងកាស៊ីណូ Pailin Flamingo ម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងជាងម្នាក់ទៀត រងរបួសធ្ងន់ បម្រុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃ ប៉ុន្តែក៏បានស្លាប់តាមផ្លូវផងដែរ ខណៈជាងទាំងពីរនាក់នេះធ្វើការជួសជុល (ផ្សារ)
ធុងហ្គាសម៉ាស៊ីនត្រជាក់ បណ្តាលឱ្យផ្ទុះលាន់យ៉ាងកក្រើក ដូចផ្ទុះមីនតោន ។ ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៥០នាទីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅក្នុងអគារខាងក្រោយក្រុមហ៊ុនកាស៊ីណូ Pailin Flamingo ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា៖ ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះស្រី ចាន់រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ, ទី២-ឈ្មោះទាវ ពិសិដ្ឋ ភេទប្រុស អាយុ២៦ឆ្នាំ ជនរងគ្រោះទាំង២នាក់ជាជាងជួសជុលម៉ាស៊ីនត្រជាក់ មានស្រុកកំណើតនៅភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា៖ មុនពេលកើតហេតុ ខាងម្ចាស់ក្រុមហ៊ុនកាស៊ីណូខាងលើ បានជួលជាងទាំងពីរនាក់ដែលជាជនរងគ្រោះ យកមកជួសជុលម៉ាស៊ីនត្រជាក់ក្នុងបន្ទប់កាស៊ីណូ ដែលជាប់គាំងមិនដំណើរការអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមក លុះពួកគេបាននាំគ្នាដោះជួសជុល (ផ្សារ) ធុងហ្គាស់ម៉ាស៊ីនត្រជាក់ចុះឡើងៗ តាំងពីព្រឹករហូតដល់ម៉ោងជិត៩ និង៥០នាទី ស្រាប់តែធ្លាយធុងហ្គាស បណ្តាលឱ្យផ្ទុះលាន់យ៉ាងកក្រើកដូចផ្ទុះមីនតោន ធ្វើឱ្យមានការផ្អើលឆោឡោរត់ជាន់ជើងគ្នាព្រោងព្រាត ទាំងបុគ្គលិកកាស៊ីណូ និងអ្នកចូលលេងល្បែងទាំងខ្មែរ និងថៃ ផ្អើលរត់ជាន់ជើងគ្នាចេញពីក្នុងបន្ទប់អស់តែម្តង ។
ប្រភពបន្តទៀតថា៖ លុះគេចូលទៅមើលក្នុងអគារកាស៊ីណូខាងក្រោយ ស្រាប់តែឃើញជាងម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងបាត់ទៅហើយ ដោយឡែកម្នាក់ទៀត រងរបួសសុសសាច់ដេកដួលនៅក្នុងថ្លុកឈាម ហើយក៏ត្រូវគេហៅរថយន្តសង្គ្រោះ ដើម្បីដឹកទៅខេត្តចាន់បុរី ប្រទេសថៃ តែជាអកុសល់ស្លាប់បន្តបន្ទាប់ទាំងពីរនាក់តែម្តង ។ ប្រភពពីប្រជាពលរដ្ឋនៅក្បែកន្លែងកើតហេតុបានឲ្យដឹងថា៖នេះជាគ្រោះថ្នាក់ដ៏រន្ធត់ដែលបណ្តាលមកពីការមិនយកចិត្តទុកដាក់ពីសុវត្ថិភាព បច្ចេកទេស ពីសំណាក់ក្រុមហ៊ុន Pailin Flamingo Casino ទើបបណ្តាយអោយគ្រោះថ្នាក់បែបនេះ ដល់បុគ្គក្រុមហ៊ុនស្លាប់យ៉ាងអាណោចអាធម ដូច្នោះ ៕
សេង សុវណ្ណារិទ្ធ




































