រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរដោយបាក់ដៃទាំងសងខាងនិងបែកប្លោកនោមនៅសល់តែដង្ហើមចង្រិតក្នុងគ្រោះថ្នាក់ចរាចរមួយបង្កឡើងរវាងរថយន្តហ៊ីយ៉ាន់ដាយ SANTA ពណ៌សមួយគ្រឿងបើកបរដោយបុរសជនជាតិកូរ៉េម្នាក់បានបើកទៅបុកនិងម៉ូតូធុនធំពណ៌ខ្មៅ
មួយគ្រឿងម៉ាកR6បើកបរដោយបុរសម្នាក់ចំពីមុខពេញទំហឹងបណ្ដាលអោយផ្លោងខ្ទាតអ្នកបើកម៉ូតូទើរលើដំបូលរថយន្តកាលពីវេលាម៉ោង១និង១៥នាទី រំលងអធ្រាតឈានចូលថ្ងៃទី០៨ មេសា ២០១៤ នៅចំណុច មុខមន្ទីរពេទ្យព្រះកុសមះ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។នៅកន្លែងកើតហេតុសមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះនិងបុរសជនជាតិកូរ៉េបើករថយន្តបង្កហេតុនៅឡើយទេ។
លោក ស៊ិន សុវណ្ណ នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរផ្លូវគោកខណ្ឌសែនសុខបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយ SANTA ពណ៌សមួយគ្រឿង អត់ទាន់មានស្លាកលេខ បើកបរដោយបុរសជនជាតិកូរ៉េម្នាក់ បានធ្វើដំណើរយ៉ាងលឿនដូចហោះតាមបណ្ដោយផ្លូវ ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើក៏បានព្យាយាមបើកវ៉ានិងរថយន្តមួយគ្រឿងទៀតនៅពីមុខទើបជ្រុលចង្កូតទៅបុកម៉ូតូធុនធំម៉ាកR6ពណ៌ខ្មៅមួយគ្រឿង អត់មានស្លាកលេខចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសជាអ្នកបើកម៉ូតូផ្លោងខ្ទាត ទៅធ្លាក់ទើរនៅលើដំបូលរថយន្តបង្កហេតុខាងលើ ឃើញដូចនោះរថយន្តបង្កហេតុបានព្យាយាមបើករត់ទាំងជនរងគ្រោះទើរលើដំបូលបានប្រមាណ១០០ម៉ែត្រដល់មុខមន្ទីរពេទ្យព្រះកុៈសុៈមៈទើបត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចធ្វើការឃាត់បានទាំងរថយន្តនិងអ្នកបើកបរ។
បន្ទាប់ពីកើតហេតុ អ្វីដែលគួរអោយហួសចិត្តនោះគឺជនរងគ្រោះដែលត្រូវរថយន្តបុកទើរលើដំបូលរថយន្តបើកមករត់មកមុខមន្ទីរពេទ្យព្រះកុៈសុៈមៈ ទៅហើយតែបែរជាគ្មានគ្រូពេទ្យណាម្នាក់អើពើយកជនរងគ្រោះទៅធ្វើការសង្គ្រោះឡើយដោយទុកជនរងគ្រោះរហូតដល់ប្រជាពលរដ្ឋទ្រាំមិនបានក៏ទូរស័ព្ទហៅរថយន្តសាមុយរបស់គ្លីនិកឯកជនមួយមកដឹកយកជនរងគ្រោះទៅធ្វើការសង្គ្រោះទៅវិញ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងរួចស្ទូចយករថយន្តបង្កហេតុនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕