សៀមរាបៈ មហាជនបានរិះគន់យ៉ាងចាស់ដៃ ទៅលើលោក ហេ យែម ( ហៅ ដូ ) ប្រធានស្នាក់ការ៦៧២ ដែលបានព្រលែងកូនចៅឲ្យដឹកឈើដោយរថយន្តតាកូម៉ា ពណ៌ត្រីអ៊ី២គ្រឿងដើម្បីរកចំណូលចិញ្ចឹមឆ្នាំបាយស្នាក់ការ ដោយដៃម្ខាងបង្ក្រាប ដៃម្ខាងចាប់ និងមិនខ្វល់ពីការពារសន្តិសុខ សុវត្តិភាពរបស់ប្រជាពលរដ្ឋ និងបានធ្វើសកម្មភាពដឹកឈើ ប្រណិតយ៉ាងសកម្មចេញពី ភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
សកម្មភាពការដឹកជញ្ជូនឈើចេញពីឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ត្រូវបានគេឃើញដឹកបន្តកន្ទុយគ្នា ដូចហែកឋិន តាមរយះរថយន្ត កូរ៉េ រយន្តតាកូម៉ា រថយន្តសាំយ៉ុង និងរថយន្តកែច្នៃ រថយន្តពត៌ត្រីអ៊ីជាច្រើនគ្រឿង បានដឹកជញ្ជូនយ៉ាងសកម្ម តែពុំត្រូវបាន សមត្ថកិច្ចសង្កាត់រដ្ឋបាលស្រែណូយ មានឆន្ទះក្នុងការបង្ក្រាបនោះទេ បែរជាដាក់ភ្លើងចាំទទួលលាភស្ការៈពីរថយន្តដឹកបទល្មើសទាំងនេះវិញ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មន្ត្រីសកម្មក្នុងការដឹកជញ្ជូនឈើប្រណិត ត្រូវបានគេស្គាល់ឈ្មោះ និត និងលោក ណាត បានពាក់ស្បែកខ្លាទាំងមនុស្ស ទាំងរថយន្ត និងពាក់ស្លាកលេខ ខេមរៈភូមិន្ទ ត្រូវបានគេស្គាល់ថា ជាមន្ត្រី កងរាជ អាវុធហត្ថស្នាក់ការ ៦៧២ ស្រែណូយ បានដឹកជញ្ជូនឈើជារៀងរាល់ថ្ងៃ ដោយមានការបើកដៃពី លោកហេ យែម ( ហៅ ដូ ) ប្រធានស្នាក់ការ៦៧២ ឲ្យរកស៊ីដឹកជញ្ជូនឈើ ដែលជាសកម្មភាពមិនអាចអនុគ្រោះបាន ដោយសារតែ កន្លងមកធ្លាប់តែមាន ធ្លាប់តែឃើញជនល្មើសលបលួច ដឹកឈើ តែដល់ពេលនេះស្រាប់តែឃើញ អ្នកដឹកឈើប្រើ សុទ្ធតែរថយន្តត្រីអ៊ី ម្ចាស់រថយន្តក៏សុទ្ធតែកងរាជអាវុធហត្ថ តើជាជនល្មើស ឬក៏កងកម្លាំង។
ពាក់ព័ន្ឋទៅនឹងបញ្ហាចោទប្រកាន់ថាលោក ហេ យែម ( ហៅ ដូ ) ប្រធានស្នាក់ការ៦៧២ មានកូនចៅដឹកឈើរកស៊ីចិញ្ចឹមស្នាក់ការ អ្នកសារពត៌មាន មិនអាចសុំការបំភ្លឺបានទេ ក្នុងនោះដែរ មហាជនដែលបានឃើញនូវទង្វើដែលធ្វើឲ្យ ទើសភ្នែក បានសំណូមពរដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ផ្កាយមាស៤ មេបញ្ជាការងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជួយពិចារណា លើលោក ហេ យែម ( ហៅ ដូ ) ប្រធានស្នាក់ការ៦៧២ ដែលបានឲ្យ លោក និត និងលោក ណាត ដែលជាមន្ត្រីក្រោមឳវាទ យករថយន្តតាកួម៉ា ពណ៌ត្រីអ៊ី ដឹកឈើប្រណិត ដោយពុំមានការខ្លាចក្រែង ពីសំណាក់ភ្នែកច្រមុះរបស់មហាជន ដែលបានឃើញ សកម្មភាពរបស់រកស៊ីដឹកឈើរបស់កងរាជអាវុធហត្ថចំណុះឲ្យខេត្តសៀមរាប ។
ដោយ ខេម រា ដេលី