សៀមរាបៈ បច្ចុប្បន្នគេសង្កេតឃើញ ទីក្រុងសៀមរាប ដែលត្រូវបានគេស្គាល់ថា ជាទៅក្រុងទេសចរណ៍ លំដាប់អន្តរជាតិ អាជ្ញាធរ ថ្នាក់ដឹកនាំខេត្ត និងសមត្ថកិច្ចបានខិតខំប្រឹងប្រែង យកអស់ពីកំលាំងកាយចិត្ត ដើម្បីថែរក្សាវប្បធម៌ ទំនាម ទំលាប់ប្រពៃណីខ្មែរ និងការពារសុវត្តិភាពជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានល្អប្រសើរ តែក្នុងនោះគេ សង្កេតឃើញមានការចន្លោះប្រហោង របស់សមត្ថកិច្ច ដោយពុំបានរិតបន្តឹង និងទប់ស្កាត់ ការលេងល្បែងស៊ីសងឲ្យបាន ១០០ភាគរយនោះទេ ជាហេតុធ្វើឲ្យល្បែងស៊ីសង រីករាលដាល ចាប់ពីទីក្រុង ដល់ជបបទ។
ជាក់ស្តែងប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិគោគទឺ ឃុំ ចាន់សរ ស្រុកសូទ្រនិគមន ខេត្តសៀមរាប ដែលនៅឆ្ងាយពីទីក្រុងសៀមរាប ប្រមាណ៤០ គីឡូម៉ែត្រជាតំបន់ដាច់ស្រយាល ប្រជាពលរដ្ឋទាំងនោះ បានចាប់យកអាជីពលេងល្បែង ស៊ីសង បៀ អាប៉ោង ជាមុខរបរ ប្រជាពលរដ្ឋនាំគ្នាទៅកកកុញចូលទៅលេងល្បែងស៊ីសង ដូចទៅលេងបុណ្យ ដែលត្រូវបានគេបើកបនល្បែងនៅក្នុងព្រៃ ក្រោយភូមិ ចម្ងាយប្រមាណ២០០ម៉ែត្រ ក្នុងនោះក្រុមអ្នកលេងល្បែងទាំងនេះ បានដាក់បណ្តាញចាំឃ្លាំមើលសមត្ថកិច្ច និងមនុស្សចម្លែក ដើម្បីរាយការទៅប្រាប់មេល្បែង ។
តាមប្រភពពត៌មានច្បាស់ការ ពីប្រជាពលរដ្ឋ ដែលរស់នៅទៅនោះ បានលួចខ្សឹបថា អ្នកភូមិនេះក្រៅពីមុខរបរធ្វើស្រែ គឺមានតែលេងល្បែងទាំងនេះ ហើយមិនចាំបាច់ទៅសួររកកន្លែងលេងទេ ព្រោះតាំងពីកូនក្មេង របស់ដល់ចាស់សក់ស្កូវ ក៏នាំគ្នាលាក់ទីតាំងបនល្បែង ដោយមិនងាយសមត្ថកិច្ចណាចាប់បានទេ តែក្នុងបនល្បែងស្ថិតនៅភូមិគោកទឺនេះ គឺបាន បង់លុយឲ្យទៅលោក ឡាន ជាភូមិ និងប៉ុស្តិ៍រដ្ឋបាលឃុំចាន់ស ជារៀងរាល់ខែ ក្នុងមួយខែ ៥០០ដុល្លា ហើយអ្នកមកលេងភាគច្រើនមកពីចម្ងាយ និងអ្នកនៅក្នុងភូមិលេងចាប់ពីម៉ោង ១០ ព្រឹករហូតដល់យប់ម៉ោង១១ជារៀងរាល់ថ្ងៃ។
លោក ទេព ចាន់ណា អធិការស្រុកសូទ្រនិគម បានឲ្យដឹងថា ក្រោយពីទទួលបានពត៌មាន ថាមានបនល្បែងស៊ីសង ដែលកំពុងតែធ្វើសកម្មភាពលេង នៅភូមិគោកទឺង ឃុំចាន់ស លោកបានបញ្ជាក់ថា លោកមិនបានដឹងនោះទេ ចាំលោក ឲ្យកម្លាំងប៉ុស្តិ៍ចុះទៅត្រួតពិនិត្យមើល ។ ចំណែក លោក វរៈសេនីយ៦ ថោង សាគុណ ស្នងការងទទួលបន្ទុក ព្រហ្មទណ្ទកំរិតស្រាល បានឲ្យដឹងថាតាមទូរស័ព្ទថា ជារៀងរាល់សប្តាហ៍ ពេលមានប្រជុំ លោកស្នងការក៏តែងតែដាក់ បទបញ្ជាមិនឲ្យមានការលេងល្បែងស៊ីសង ចំពោះល្បែងស៊ីសងកើតនៅភូមិសាស្ត្រណា អធិការនោះត្រូវទទួលខុសត្រូវ ដោយហាមមិនឲ្យមានការលេងល្បែងស៊ីសងជាដាច់ខាត រីឯការផ្សព្វផ្សាយច្បាប់ឲ្យប្រជាពលរដ្ឋចូលរួមគោរពនូវ គោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុចជូនដល់ប្រជាពលរដ្ឋ តែហាក់ដូចជាពុំមានការសហការពីប្រជាពលរដ្ឋនោះទេ នឹងពុំទទួលបានជោគជ័យឡើយ មិនតែប៉ុណ្ណោះថែមទាំងមានការឌឺដងពីប្រជាពលរដ្ឋទៀតផង ចំណែកការផ្តល់ពត៌មានមកនេះ ក៏សូមអគុណដែលបានសហការ ហើយលោកនិងឲ្យអធិការដឹកនាំកម្លាំងចុះទៅមើល ។ ដោយ ប៊ុន រដ្ឋា