ឲ្យមានសេរីភាពវិញ ក្រោយពីចាប់បង្ខាំងទុករយៈពេល៩ថ្ងៃរថយន្ដដឹកសត្វគោ ចំនួន៥១ក្បាល ត្រូវបានដោះលែង ហើយក្រោយពីចាប់បង្ខាំងទុក រយៈពេល៩ថ្ងៃនិងទទួលការពិន័យ តាមគោលការណ៍ ក្រសួងកសិកម្ម-រុក្ខប្រមាញ់និងនេសាទ ។
មន្ដ្រីបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដពោធិ៍សាត់ បានប្រាប់ឲ្យដឹងដឹងថា កាលពីល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥ រថយន្ដដឹកសត្វគោ ចំនួន៥១ក្បាល ត្រូវបានដោះលែងហើយ ក្រោយពី ត្រូវបានសមត្ថកិច្ច ចាប់ទុករយៈពេល៩ថ្ងៃ ខណៈរថយន្ដដឹកសត្វគោខាងលើ ពុំមានឯកសារធ្វើអាជីវកម្ម និងដើម្បីស្រាវជ្រាវ រកបទល្មើសផ្សេងៗផងដែរ ដោយគ្រាន់តែទទួលការពិន័យ តាមគោលការណ៍ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទប៉ុណ្ណោះ ។ បទល្មើសខាងលើ បានបំពេញឯកសារផ្សេងៗគ្នា តាមនីតិវិធី និងមិនជាប់ពាក់ព័ន្ធបទល្មើសផ្សេងៗទៀតទេ ។
គួររំលឹកថា រថយន្ដដឹកសត្វគោខាងលើ ត្រូវសមត្ថកិច្ចនគរបាល ឃាត់កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិ-ឃុំបឹងស្នោ ស្រុកបាកាន ខេត្ដពោធិ៍សាត់ ទើបដឹងថា រថយន្ដនេះ គ្មានច្បាប់អនុញ្ញាត ទាំងការទិញលក់សត្វ ទាំងការដឹកជញ្ជូន ។
ករណីខាងលើនេះ ត្រូវបានគេរិះគន់ថា ការឃាត់នេះ គ្រាន់តែឱ្យល្អមើលប៉ុណ្ណោះ ខណៈស្ថាប័នខ្លះ មានប្រយោជន៍ រីឯខ្លះទៀត គ្មានប្រយោជន៍ ៕