ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៥ អ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀន ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ស្រុកកំពង់ត្រឡាច សហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ឃាត់ខ្លួនបន្ទាប់សមត្ថ
កិច្ច ស្រាវជ្រាវតាមជំនាញ និងឆែកឆេរ លំនៅដ្ឋាន ក្នុងភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឃើញវត្ថុតាង ក្នុងការជួញដូរគ្រឿងញៀន ។
លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាច បានឲ្យដឹងដឹងថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ ១.ឈ្មោះ យ៉ង់ អែម ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិសរីវង្ស ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង,២.ឈ្មោះ ភួង មឿន ភេទប្រុស អាយុ៣៥ឆ្នាំ និង៣ឈ្មោះកង សុគន្ធា ភេទស្រី អាយុ៣៥ឆ្នាំ ទាំងពីរនាក់នេះ រស់នៅក្នុងភូមិតាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលឆែកឆេរលំនៅដ្ឋាន របស់ឈ្មោះ ភួង មឿន និង ឈ្មោះ កង សុគន្ធា ជាម្ចាស់ផ្ទះ សមត្ថកិច្ចបានរកឃើញទូរស័ព្ទដៃ១៣គ្រឿង ម៉ូតូ៣គ្រឿង ម៉េមម៉ូរី ចំនួន១០ និងលុយរបស់ជនសង្ស័យ ចំនួន៨០ម៉ឺនរៀល ។
លោកអធិការ បានឲ្យដឹងទៀតថា ក្រោយពីបានក្តាប់មុខសញ្ញា បានច្បាស់ហើយ កម្លាំងសមត្ថកិច្ច ស្រុកនិងខេត្ត បានសហការគ្នា ប្រើវិធីសាស្ត្ររបស់សមត្ថកិច្ច រួចប្រើកម្លាំងឡោមព័ទ្ធចាប់បានគ្រឿងញៀនមួយកញ្ចាប់ ដែលអ្នកប្រើប្រាស់ បានទិញពីម្ចាស់ផ្ទះខាងលើ ហើយទម្លាក់ចោលរត់យករួចខ្លួន ។
ជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចនគរបាលការិយាល័យគ្រឿងញៀន កំពុងសាកសួរយកម្លើយ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី ៕



































