ខេត្តកំពង់ឆ្នាំ៖ ខ្ចីពីសង្កាត់ផ្សារឆ្នាំងជិត១៥ឆ្នាំហើយមិនព្រមអោយសង្កាត់វិញ
កំពង់ឆ្នាំង៖ ក្រោយពីលោកស្រី គឹម លុយ ចៅក្រមសាលាដំបូងខេត្ត បានបើកសាវនាការសួរនាំផ្ទាល់មាត់ មិនបានជោជ័យ លើសំណុំរឿងលេខ៤០១ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ របស់លោកស្រី ភួន ឈុយអេង ចៅសង្កាត់ផ្សារឆ្នាំងប្តឹងទាមទារដីរបស់សង្កាត់ផ្សារឆ្នាំង ដែលឈ្មោះ សុខ សុភា ខ្ចីធ្វើរោងលក់ឈើជិត១៥ឆ្នាំមកហើយមិនព្រមអោយសង្កាត់វិញ។នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ លោកស្រីចៅក្រម និងលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមន្ត្រីភូមិបាលក្រុងកំពង់ឆ្នាំងបានចុះពិនិត្យការវាស់វែងដីទំនាស់ជាក់ស្តែង ដោយមានការចូលរួមពីភាគីទំនាស់ទាំង២ផងដែរ។
យោងឯកសាររបស់លោកស្រីចៅសង្កាត់កំពង់ឆ្នាំងបានអោយដឹងថា៖កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០០ ឈ្មោះ សុខ សុភា រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានធ្វើលិខិតខ្ចីដីសង់ស្តង់លក់ឈើ២កន្លែងដែលមានទំហំ២៥គុណនឹង២០ម៉ែត្រ តែម្ចាស់ស្តង់ឈើមួយកន្លែងគេបានប្រគល់ដីអោយសង្កាត់វិញហើយ។ដោយឡែកនៅក្នុងឆ្នាំ២០០០នោះដែរ ក៍មានឈ្មោះ សាន់ ឆៃ និងឈ្មោះ សាន់ វណ្ណដេត បានធ្វើលិខិតខ្វីដីសង្កាត់ផ្សារឆ្នាំង សង់ស្តង់លក់ឈើ២កន្លែងផងដែរ ប៉ុន្តែនៅពេលសង្កាត់ទាមទារដីនោះវិញឈ្មោះ សាន់ ឆៃ និងឈ្មោះ សាន់ វណ្ណដេត ក៍បានប្រគល់ដីនោះអោយសាលាសង្កាត់វិញហើយដែរ។
ដោយឡែកលោក សុខ សុភា វិញពេលចៅសង្កាត់ផ្សារឆ្នាំងទាមទារយកដីនោះវិញកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០០៣ លោកក៍បានសន្យាយល់ព្រមរុះរើស្តង់ឈើចេញនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៣ ដោយបានផ្តិតស្នាមមេដៃលើកំណត់ហេតុយ៉ាងច្បាស់លាស់។ប៉ុន្តែដល់ថ្ងៃកំណត់រុះរើ លោក សុខ សុភា មិនបានរុះរើស្តង់ឈើចេញពីដីសង្កាត់ផ្សារឆ្នាំងតាមការសន្យាខាងលើរបស់ខ្លួនឡើយ គឺនៅតែបន្តគ្រប់គ្រងដីនេះរហូតមកដល់បច្ចុប្បន្ន មិនតែប៉ុណ្ណោះនៅពេលលោកស្រីចៅក្រមសាកសួរ លោក សុខ សុភា បានឆ្លើយថា បានទិញដីនេះតៗពីគេមក ប៉ុន្តែមិនមានឯកសារអ្វីជាភស្តុតាងបង្ហាញតុលាការ និងអាជ្ញាធរសង្កាត់ឡើយ។
លទ្ធផលនៃការវាស់វែងនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ លោក ស៊ិន សូត្រ ប្រធានភូមិបាលក្រុងកំពង់ឆ្នាំងជាអ្នកវាស់វែងដីទំនាស់ខាងលើនេះបានអោយដឹងថា៖ ដីសរុបរបស់សាលាសង្កាត់មានទំហំក្បាលដីជាប់ថ្នល់កៅស៊ូប្រវែង១៨,៩០ម៉ែត្រ ដោយឡែកដីសាលាសង្កាត់កំពុងធ្វើការបច្ចុប្បន្នមានក្បាលដីប្រវែង៨,៤០ម និងបណ្តោយ១៤,៤០ម។ចំណែកដីដែលលោកសុខ សុភា កំពុងគ្រប់គ្រងជាដីរបស់សាលា សង្កាត់ផ្សារឆ្នាំងមានក្បាលដីប្រវែង១០,៥០ម និងបណ្តោយ២១,៧០ម។
លោក ស៊ិន សូត្រ បានបញ្ជាក់អោយដឹងថា៖ដីទាំងអស់ខាងលើនេះជាដីចំណីទន្លេ តាមផ្លូវច្បាប់រដ្ឋមិនអនុញាតិអាចចេញប័ណ្ណកម្មសិទ្ធស្របច្បាប់អោយបុគ្គលឯកជនណាមួយបានទេ បូកទាំងដីនិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅភូមិសំរោងក៍មិនអាចចេញប័ណ្ណកម្មសិទ្ធស្របច្បាប់អោយបានដែរ។
នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ ក៍មានប្រជាពលរដ្ឋប្រមាណជាង៥០នាក់នៅក្នុងសង្កាត់ផ្សារឆ្នាំង ក៍បានមកចូលរួមមើលការវាស់វែងនេះដែរ ហើយពួកគាត់បានអះអាងថា៖ដីដែលលោក សុខ សុភា ធ្វើជាស្តង់លក់ឈើមកដល់សព្វថ្ងៃនេះគឺជាដីរបស់សាលាសង្កាត់ផ្សារឆ្នាំង និងលោក សុខ សុភា រកស៊ីមានបានធ្វើផ្ទះថ្មក៍ដោយសាដីនេះដែរ ល្មមប្រគល់ដីនេះអោយសាលាសង្កាត់វិញហើយ ព្រោះសាលាសង្កាត់ទាមទារយកដីនេះមកសាងសង់សាលាសង្កាត់ថ្មីដើម្បីបំរើប្រជាពលរដ្ឋ មិនមែនទាមទារមកធ្វើជាកម្មសិទ្ធឯកជនឡើយ។
ទាក់ទងនឹងទំនាស់ខាងលើនេះ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ លោក សុខ សុភា និងលោក មេធាវីរបស់គាត់បានបដិសេធន៍មិនផ្តល់ការសម្ភាសដល់អ្នកសារព័ត៌មានក្នុងរឿងខាងលើនេះឡើយ៕
កំពង់ឆ្នាំង,ថ្ងៃទី០៥.០៥.២០១៥