ខេត្តក្រចេះ ពលរដ្ឋស្រុកស្នួលដែលរស់នៅដងផ្លូវជាតិ០៧ នៅតែមានកាព្រួយបារម្ភ ចំពោះក្រុមរថយន្តផ្តាច់ព្រលឹង ដឹកឈើជន្លង់ម្រេច ដែលសព្វនេះគឺតែបង្ករអោយមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយមានមនុស្សស្លាប់និងរបួសជាបន្តរបន្ទាប់ 
ពលរដ្ឋម្នាក់ដែលជាអ្នកលក់សាំង នៅកែងស្រុកស្នួលសុំមិនបញ្ចេញឈ្មោះ បានសម្តែងពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពកូនចៅរបស់គាត់ដែលធ្វើដំណើទៅសាលារៀនរាល់ថ្ងៃ ខណះដែលមានគ្រោះថ្នាក់ចរាចរណ៍ កើតមានជាញឹកញ៉ាប់នៅក្នុងស្រុកស្នួល ដែលបង្ករឡើងដោយសារក្រុមរថយន្តដឹកឈើជន្លង់ម្រេចនេះឯង ។ពលរដ្ឋខាងលើបានបញ្ជាក់ទៀតថា នៅក្នុងមួយថ្ងៃៗគេសង្កេតឃើញក្រុមរថយន្តដឹក ឈើជន្លង់ម្រេច ចរាចរណ៍យ៉ាងគក្រើក ទៅម្តងមួយខ្សែរៗ ហើយល្បឿននៃការបើកបររបស់ ពួកគេហាក់ដូចជាមិនគោរពច្បាប់ចរាចរណ៍បន្តិចសោះឡើយ ។ មិនត្រឹមតែបើកបរលឿន ថែមទាំងជែងគា្នពេញផ្លូវតែម្តង ដែលជាហេតុបង្ករអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងស្រុកស្នួលភាគច្រើនបង្ករឡើងដោយសារក្រុមរថយន្តដឹកឈើជន្លង់ម្រេច នេះឯង ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៦ ខែឧសភា រថយន្តដឹកឈើអារជន្លង់ម្រេច មួយគ្រឿង បាន បុករថយន្តម៉ាកកូរ៉េ៥ភ្លៅ មួយគ្រឿងដែលកំពុងចតស្ងៀមក្នុងទិសដៅស្របគ្នា បណ្តាលអោយអ្នកបើកបររងរបួសធ្ងន់ផងដែរ ។ហើយកាលពីអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ ក៍មានគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីដែលបង្ករអោយមានមនុស្សស្លាប់និងរបួសផងដែរ។
ម៉េង ហ៊ាង



































