រាជធានីភ្នំពេញ ៖ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី៧ មេសា បានសម្រេចតម្កល់ការឃុំខ្លួននាងអូ រស្មី តារាចម្រៀងប្រចាំផលិតកម្មឆ្លងដែន និងរៃមាស តាមការសម្រេចសាលាដំបូងរាជធានីភ្នំពេញដដែល ពោលគឺមិនអនុញ្ញាតឱ្យនាងបាននៅក្រៅឃុំទេ ។ សាលាឧទ្ធរណ៍សម្រេចដូច្នេះ មានន័យថា ដើម្បីទុកពេលឱ្យសាលាដំបូងបើកសវនាការលើអង្គសេចក្តី ហើយបើអនុញ្ញាតឱ្យនាងនៅក្រៅឃុំនោះ វាអាចប៉ះពាល់ដល់ការស៊ើបអង្កេត ។ គួរបញ្ជាក់ថា តារាចម្រៀងប្រចាំផលិតកម្មឆ្លងដែន និងរៃមាស នាងអូ រស្មី ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី១៨ មករា កន្លងមក ដោយជាប់ពាក់ព័ន្ធនឹងបទល្មើសអូសទាញពេស្យាចារកុមារជាអនីតិជន ឱ្យទៅរួមភេទជាមួយភ្ញៀវ និងប្រព្រឹត្តអំពើសញ្ចារកម្មមានស្ថានទម្ងន់ទោស ទាក់ទិននឹងជនរងគ្រោះ ។
នាងអូ រស្មី អាយុ៣៦ឆ្នាំ ស្នាក់នៅផ្ទះលេខ៨៦ ផ្លូវលេខ២ ក្នុងបុរីពិភពថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ការឃាត់ខ្លួនតារាចម្រៀងរូបនេះ ត្រូវបានលោកវរសេនីយ៍ទោ កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរាជធានីភ្នំពេញ ឱ្យដឹងថា ការឃាត់ខ្លួននេះ គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រី ព្រមទាំងមានការសម្របសម្រួលពីសំណាក់លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញផង ។
ក្នុងពាក្យបណ្តឹងរបស់ម្តាយក្មេងស្រី បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ មករា ឆ្នាំ២០១៤ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ កូនស្រីគាត់អាយុ១៤ឆ្នាំ ម្នាក់នេះ បានចេញពីផ្ទះទៅសាលារៀន ។ លុះដល់ម៉ោង៥ និង៥២នាទីល្ងាច ថ្ងៃដដែល នាងបានទូរស័ព្ទប្រាប់មកគាត់ជាម្តាយថា ទៅយកខ្សែដៃពីតារាចម្រៀងអូ រស្មី នៅសណ្ឋាគារមួយ រួចហើយនាងអូ រស្មី បានឃាត់នាងឱ្យនៅដេកជាមួយនាង១យប់ ពេលនោះគាត់ជាម្តាយមិនអនុញ្ញាតឱ្យកូននៅដេកទេ ស្រាប់តែមានការបិទទូរស័ព្ទបាត់ការទាក់ទង ។
លុះនៅថ្ងៃទី១៦ មករា វេលាម៉ោង៨ និង៤០នាទីយប់ នាងអូ រស្មី បានយកទូរស័ព្ទដៃកូនស្រីគាត់ហៅចូលមកកូនប្រុសគាត់ដោយប្រាប់ថា កូនស្រីរបស់គាត់ បានដើរលេងនៅកោះពេជ្រ ហើយភ្លេចទូរស័ព្ទដៃនៅនឹងនាង ។ ពេលទទួលបានដំណឹងនេះ អ្នកស្រីជាដើមបណ្តឹងយល់ឃើញថា កូនស្រីគាត់ពិតជាត្រូវឈ្មោះអូ រស្មី អូសទាញតាមរូបភាពណាមួយជាក់ជាមិនខាន ទើបបានជានៅថ្ងៃទី១៧ មករា ឆ្នាំ២០១៤ អ្នកស្រីសម្រេចចិត្តប្តឹងសមត្ថកិច្ច ដើម្បីចាត់ការលើរឿងនេះ ខណៈកូនស្រីអ្នកស្រីមិនទាន់មកដល់ផ្ទះ ។ បន្ទាប់ពីមានពាក្យបណ្តឹង នៅល្ងាចថ្ងៃទី១៧ មករា កូនស្រីគាត់បានមកផ្ទះវិញ ទើបអ្នកស្រីជាម្តាយនាំកូនទៅរៀបរាប់ប្រាប់សមត្ថកិច្ច ដើម្បីប្រមូលផ្តុំព័ត៌មាន និងឈានទៅចាប់ខ្លួនជនល្មើស ។
នៅចំពោះមុខសមត្ថកិច្ច ក្មេងស្រីបាននិយាយថា នាងបានស្គាល់ឈ្មោះអូ រស្មី តារាចម្រៀងប្រហែល២ខែមកហើយ គឺតាមរយៈម្តាយរបស់នាង ។ ពេលស្គាល់តារាចម្រៀងរូបនោះ នាងតែងតែនិយាយប្រាប់ថា ចង់បានល្បីឈ្មោះដូចគាត់ (រស្មី) ដែរ ហើយនៅថ្ងៃទី១៥ មករា ម៉ោងប្រហែល៦ល្ងាច នាងអូ រស្មី បានទូរស័ព្ទហៅនាងទៅជួបថា ទៅយកខ្សែដៃ ទើបនាងទៅតាមការណាត់ ។
ពេលទៅដល់ផ្ទះនាងអូ រស្មី ឃើញបិទទ្វារ នាងបានទូរស័ព្ទតែត្រូវអ្នកបម្រើលើក និងប្រាប់នាងថា នាងអូ រស្មី ទៅហាត់ប្រាណ ។ ពេលនាងចាំបន្តិច ទើបឃើញឈ្មោះអូ រស្មី មកដល់ និងឱ្យប្រាក់នាង១០ដុល្លារ ដើម្បីឱ្យថ្លៃម៉ូតូឌុប រួចឈ្មោះអូ រស្មី បានឱ្យនាងឡើងជិះរថយន្តទៅជាមួយទៅហូបសាច់គោអាំង នៅជិតសណ្ឋាគារអង្គរ ម្តុំផ្សារកណ្តាល ។ ពេលទៅដល់មុខហាងលក់សាច់គោអាំង បានជួបបុរសចំណាស់ម្នាក់រាងខ្ពស់ ក្បាលទំពែក អាយុជាង៥០ឆ្នាំ មើលទៅហាក់ដូចជាអាណិកជន ហើយឈ្មោះអូ រស្មី បាននិយាយជាមួយបុរសនោះជាច្រើន រួចប្រាប់នាងវិញថា បើព្រមទៅដេកជាមួយបុរសនោះ គាត់នឹងជួយឱ្យក្លាយជាតារា និងជាអ្នកចម្រៀងដ៏ល្បី តែហាមមិនឱ្យប្រាប់ម្តាយនាងជាដាច់ខាត។ ក្រោយពីហូបសាច់គោរួច ឈ្មោះអូ រស្មី បាននាំនាងត្រឡប់ទៅផ្ទះវិញ រួចបានទូរស័ព្ទហៅបុរសចំណាស់ម្នាក់នោះ ឱ្យមកតាមក្រោយ ពោលគឺចាប់ពីយប់ថ្ងៃទី១៥ មករា និងថ្ងៃទី១៦ មករា រូបនាង និងបុរសចំណាស់នោះ បានរួមភេទជាមួយគ្នាជាច្រើនលើក ។
តាមការអះអាងថា បទល្មើសនេះប្រព្រឹត្តនៅបន្ទប់ឡៅតឿផ្ទះរបស់នាងអូ រស្មី តែម្តង ដែលគេមិនឱ្យចេញទៅណាបានទេ ។ រឿងរ៉ាវដែលនាងបានមកដល់ផ្ទះនោះ គឺនៅល្ងាចថ្ងៃទី១៧ មករា នាងបានឮឈ្មោះអូ រស្មី និយាយទូរស័ព្ទជាមួយម្តាយនាងជជែកគ្នាខ្លាំងៗ ស្រាប់តែឈ្មោះអូ រស្មី បានបើករថយន្តដឹកនាង និងបុរសចំណាស់នោះចេញពីផ្ទះ ហើយឱ្យបុរសនោះចុះនៅមុខខ្លោងទ្វារបុរី ចំណែកនាងដឹកយកទៅទម្លាក់ចោលនៅម្តុំប៊ូលឌិញ ខណ្ឌចំការមន និងជិះម៉ូតូឌុបទៅផ្ទះទាំងក្តីឈឺចាប់ ។ នៅចំពោះមុខសមត្ថកិច្ច នាងអូ រស្មី បានបដិសេធរាល់ការចោទប្រកាន់នោះ ដោយអះអាងថា នេះជាគម្រោងរបស់ស្ត្រីជាម្តាយ ដែលគាត់មានបញ្ហារឿងផ្សេងជាមួយនាង ទើបរៀបចំឱ្យសមត្ថកិច្ចចាប់ខ្លួន ។ ទោះជាយ៉ាងណា តារាចម្រៀងកូនមួយរូបនេះ រងនូវការចោទប្រកាន់ពីបទអូសទាញពេស្យាចារកុមារ បើតាមច្បាប់ត្រូវបង្ខំរូបកាយដាក់ពន្ធនាគារពី៧ឆ្នាំ ទៅ១៥ឆ្នាំ ។
តារាចម្រៀង អូ រស្មី ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៩ មករា ដើម្បីចាត់ការតាមនីតិវិធី ។ តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោកខៀវ ផល្លា ព្រះរាជអាជ្ញារង កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២០ មករា បានសម្រេចចោទប្រកាន់តារាចម្រៀងកូនមួយ នាងអូ រស្មី អាយុ៣៦ឆ្នាំ ជាផ្លូវការចំនួន២បទល្មើសគឺ ទី១-អំពើជួញដូរមនុស្សដោយមានគោលដៅ តាមមាត្រា១០ និងបទល្មើសទី២-សញ្ចារកម្មដែលមានស្ថានទម្ងន់ទោសតាមមាត្រា២៨ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទ ។
ក្រោយពីតំណាងអយ្យការបានចោទប្រកាន់ជាផ្លូវការហើយ និងដល់ម៉ោងមន្ដ្រីរាជការសម្រាកពីការងារ តារាចម្រៀងអូ រស្មី ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ នាំទៅកាន់ការិយាល័យវិញ ដើម្បីរង់ចាំពេលម៉ោងចូលធ្វើការ ដែលសំណុំរឿងនេះត្រូវបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ។ លោកវរសេនីយ៍ទោ កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការ ពារអនីតិជនរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីតារាចម្រៀងនាងអូ រស្មី ត្រូវបាននាំទៅឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ននៅព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០១៤ ៕