បន្ទាយមានជ័យៈ ខេត្តបន្ទាយមានជ័យ មុខម្ហូបធ្វើពីសាច់ក្របី ដើមឡើយមិនមែនជាម្ហូបដែលពលរដ្ឋខ្មែរនិយមចូលចិត្ត ឥឡូវវាក្លាយជាម្ហូមពិសេសដែលលក់ដាច់ជាងគេប្រចាំមជ្ឈមណ្ឌលក្លឹបកំសាន្តសែសិន អស់រយៈពេល១០ឆ្នាំមកហើយ ។លោកស្រី ជាចុងភៅដ៏មានថ្វីដៃក្នុងការធ្វើមុខម្ហូបក្របីង៉ាត និងជាម្ចាស់មជ្ឈមណ្ឌលក្លឹបកំសាន្តសែសិន ដែលមានទីតាំងស្ថិតនៅជាប់និងផ្លូវជាតិលេខ៥ ត្រង់ក្បាលស្ពានសែសិន ក្នុងភូមិនក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបានអោយដឹងថា សម្រាប់មុខម្ហូបក្របីង៉ាត គឺជាម្ហូបមួយដ៏ពេញនិយមប្រចាំកន្លែងរបស់គាត់ មិនថាភ្ញៀវក្នុងខេត្ត ឬក្រៅខេត្ត និងភ្ញៀវបរទេសនោះទេ អោយតែចូលមកកំសាន្ត មិនថាក្នុងភោជនីដ្ឋាន ឬខារ៉ាអូខេ សុទ្ធតែកាម៉ុងមុខម្ហូបក្របីង៉ាតនេះ ដោយខ្លះមិនត្រឹមតែហូបនៅនឹងកន្លែងប៉ុណ្ណោះទេ គឺថែមទាំងការម៉ុងផ្ញើរទៅបងប្អូន មិត្តភក្តី នៅតាមបណ្តាខេត្ត និងរាជធានី រហូតទៅដល់ក្រៅប្រទេសថែមទៀត ។
លោកស្រីបានអោយដឹងទៀតថា មុខម្ហូបសាច់ក្របីង៉ាតមិនពិបាកក្នុងការធ្វើនោះទេ ដោយគ្រាន់តែការម៉ុងទិញសាច់ក្របីស្រស់ ៗ មិនមានសរសៃ ដែលមិនមែនជាក្របីងាប់ ឬក្របីឈឺមកហាន់ជាបន្ទះ ៗ រាងច្រវ៉ាមូល ហើយប្រឡាក់លាយជាមួយគ្រឿងទេស ដែលរួមមាន អំបិល ប៊ីចេង ស្ករត្នោត …។ល។ ក្រោយពីប្រឡាក់ទុកបានរយៈពេល២០នាទី ទើបយកទៅហាលអោយបានរយៈពេលពី២ទី៣ម៉ោង ធ្វើយ៉ាងណាមិនអោយស្ងួតពេក ឬសើមពេក ។ ម្ហូបក្របីង៉ាតនេះ ក្នុងមួយថ្ងៃលក់អស់ពី២០ទៅ៣០គីឡូរ ដោយក្នុងមួយគីឡូរតំលៃនៃលក់១០ម៉ឺនរៀល ។
ដើមឡើយសាច់ក្របីនៅខេត្តបន្ទាយមានជ័យ ពុំដែលមានហាងណាយកមកធ្វើម្ហូប ឬភ្ញៀវកាម៉ុងទិញឡើយ តែចាប់តាំងពីឆ្នាំ២០០៨ លោកស្រីបានយកសាច់ក្របីមកធ្វើជាក្របីង៉ាត ឃើញថាសាច់ក្របីត្រូវបានពេញនិយម ពីមួយឆ្នាំទៅមួយឆ្នាំ ទូទាំងខេត្ត និងពលរដ្ឋនៅក្រៅប្រទេស ។ ក្រៅពីសាច់ក្របីង៉ាតមជ្ឈមណ្ឌលកំសាន្តសែសិន នៅមានម្ហូបជាច្រើមុខទៀតដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ មានដូចជា មុខម្ហូបកន្ទុយហេះ ស៊ុបត្រីម្រះ ពោតលីង ជាដើម ៕