ខេត្ដសៀមរាប៖ កម្លាំងសមត្ថកិច្ចចំរុះ និងកម្លាំងអាជ្ញាធរជាតិអប្សរា រាប់រយបានចុះ រុះរើរោងបុណ្យសាមគ្គីភូមិ ដើម្បីរំលឹកគុណដល់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដោយចោទថា ធ្វើបុណ្យនៅលើដីបុរីសណ្ឋាគារអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ។
ប្រតិបត្ដិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៥ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅចំណុចអក្សតេ Tក្នុងភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប ដឹកនាំដោយលោក សូ ប្លាតុង អភិបាលក្រុងសៀមរាប និងតុលាការ ខេត្ដសៀមរាប ។ពិធីបុណ្យនេះនឹងធ្វើឡើងនៅថ្ងៃទី៦ខែឧសភានេះ ដើម្បីផ្ដាច់កម្មពារវេរា ជាមួយអាជ្ញាធរជាតិអប្សរា និងធ្វើពិធីរំលឹកគុណសម្ដេចតេជោ នាយករដ្ឋមន្ដ្រី បន្ទាប់ពីសម្ដេចកាត់ឆ្វៀលដីឲ្យពលរដ្ឋជាង១រយហិកតាជូនពួកគាត់។
ប្រជាពលរដ្ឋដែលរួមគ្នាធ្វើបុណ្យនេះ និយាយស្រដៀងៗគ្នាថា ពិធីបុណ្យនេះ មានច្បាប់អនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងនៅលើទឹកដីភូមិព្រៃគុយ សង្កាត់អំពិល ដែលពួកគេអះអាងា ដីធ្លីនោះលោកនាយករដ្ឋមន្ដ្រីកាត់ឲ្យពួកគាត់ កាលពីថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងមក។ ពួកគេបន្ដថា ពិធីបុណ្យពូនភ្នំខ្សាច់នោះគឺដើម្បីរំលឹកគុណដល់នាយករដ្ឋមន្ដ្រីហ៊ុន សែន និងផ្ដាច់កម្មពារជាមួយអាជ្ញាធរជាតិអប្សរាផងដែរ ប៉ុន្ដែបែជាអាជ្ញាធរមិនអនុញ្ញាតទៅវិញ។ពួកគេនិយាយថា ការរុះរើរោងបុណ្យនេះ ជាចេតនាមួយមិនគោរពព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ទាក់ទងករណីនេះ លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា រោងបុណ្យនេះពលរដ្ឋធ្វើនៅលើដីទីតាំងក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ដែលគ្រប់គ្រងរបស់អាជ្ញាធរជាតិ មិនមែនភូមិព្រៃគុយសង្គត់អំពិលទេ ហើយទីតាំងនោះទៀតសោតមិនមែនជាផ្ទៃដីប្រមុខរដ្ឋាភិបាលកាត់ឲ្យពួកគាត់នោះដែរ។ ប៉ុន្ដែ លោក ហ៊ាង សារី ចៅសង្កាត់អំពិល ក្រុងសៀមរាប បានមានប្រសាសន៍ថា ទីតាំងកន្លែងនោះជាទឹកដីភូមិព្រៃគុយសង្កាត់អំពិល។លោកបានបន្ដទៀតថា ប្រជាពលរដ្ឋបានសុំច្បាប់រូបលោកដែរ ប៉ុន្ដែមានចំង៉ាយពីកន្លែងនោះប្រហែល១០០ម៉ែត្រ។ ទោះជាយ៉ាងណា ការរុះរើរោងធ្វើបុណ្យនេះ មិនមានហឹង្សាដាក់ កើតឡើងនោះទេ ដោយគ្រាន់តែមានការជជែកគ្នាបន្ដិចបន្ទួចរវាងប្រជាពលរដ្ន និងសមត្ថកិច្ចប៉ុណ្ណោះ៕




































