កំពង់ធំៈ រថយន្តដឹកឈើចេញពីព្រៃឡង់បន្តកន្ទុយគ្នាដូចគោហ្វូង លោកសៅវណ្ណីនាយផ្នែករដ្ឋបាលព្រៃឈើសណ្តាន់មិនខ្ចីបង្ក្រាប បណ្តែតបណ្តោយឲ្យមានការ កាប់ អា រុករាន្ទព្រៃឡង់ដែលជាព្រៃរបស់រដ្ឋ ព្រៃសម្បត្តិក្នុងរបស់ជាតិ អាឈើយកមកលក់ដោយគ្មានការខ្លាចញញើតបន្តិចឡើយ ជាហេតុធ្វើឲ្យមហាជនទូទៅ ស្ងើចសរសើរទៅលើលោក សៅ វណ្ណីថា មកកាន់តំណែងជានាយផ្នែកនេះ មិនមែនមកការពារទប់ស្កាត់ អភិរក្សព្រៃឈើនោះទេ គឺមកបើកភ្លើងខៀវ ឲ្យឈ្មួញកាប់អាឈើបំផ្លាញសម្បត្តិជាតិទៅវិញ។
ជាក់ស្តែងនៅថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០១៥រថយន្តកូរ៉េ និងរថយន្តយីឌុប ចំនួន៥ គ្រឿង បានដឹកឈើ ប្រភេទលេខ២ ចេញពីព្រៃឡង់ ឆ្លងកាត់មុខផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ ឆ្ពោះមកតាមបណ្តោយផ្លូវបាក់ស្នា កាន់ដេប៉ូឈើនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្នុងនមានរថយន្តកូរ៉េចំនួន ៣គ្រឿង ដែលត្រូវបានគេស្គាល់ម្ចាស់ឈ្មោះ ពេជ្រ ពឿន ភេទ ប្រុស អាយុ ប្រមាណជាង៥០ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាឈ្មួញឈើដុះស្លែរប្រចាំស្រុកសណ្តាន់ រកស៊ីរាប់សិបឆ្នាំ មកហើយពុំត្រូវបានលោក សៅ វណ្ណី ទប់ស្កាត់និងបង្ក្រាបនោះទេ បែរជាអនុញ្ញាតិឲ្យឈ្មួញម្នាក់នេះដឹកជញ្ជូនយ៉ាងរំភើយទៅវិញ ចំណែករថយន្ត២គ្រឿងទៀត ពុំស្គាលម្ចាស់។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣ ដើមខែនេះ សមត្ថកិច្ចនៃសង្កាត់រដ្ឋបាលព្រៃឈើក្រយា បានចាប់រថយន្តរបស់លោក ពេជ្រ ពឿន ដែលជារថយន្តកូរ៉េ ចំនួន៣គ្រឿង ពុំទាន់ធ្វើការដោះស្រាយផង ស្រាប់តែឈ្មួញឈើដ៏សកម្មនេះ បានដឹកឈើនិងរថយន្តចំនួន ៣គ្រឿងទៀត តែពុំត្រូវបានឃាត់និងចាប់រថយន្តរបស់លោក ពេជ្រ ពឿន នេះទេ បែរជា លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើ បណ្តោយឲ្យមានការដឹកជញ្ជូនដោយរលូន។
ប្រជាពលរដ្ឋបានសម្តែងនូវការសោកស្តាយ យ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំ រដ្ឋបាលព្រៃឈើ ដោយមិនគួណាចាត់តាំងឲ្យ លោក សៅ វណ្ណី មកឈរជើងជានាយផ្នែកនៅស្រុកសណ្តាន់នេះ ដែលបានប្រគល់តួនាទីឲ្យការពារនិងអភិរក្សព្រៃឡង់ តែបែរជាពុំមានការបង្ក្រាបនោះទេ បានធ្វើឲ្យព្រៃឡង់កំពុងស្ថិតនៅ ក្នុងសភាពទ្រុឌទ្រម រិចរិល អស់ព្រៃធំ សល់តែព្រៃតូច និងត្រូវបានគេរំពឹងថា អានាគត់ពិតជារលាយមិនខានឡើយ។
តាមការឲ្យដឹងពីលោក ពេជ្រ ពឿន បានឲ្យដឹងថា ការធ្វើចរាចរណ៍ ដឹកជញ្ជូនឈើរាល់ថ្ងៃនេះ លោកបានបង់លុយឲ្យគ្រប់សង្កាត់ គ្រប់ផ្នែក និងសមត្ថកិច្ច ហើយបានធ្វើសកម្មភាពដឹកជញ្ជូនឈើ យ៉ាងសកម្ម និងពុំមានសមត្ថកិច្ចណាហ៊ានបង្ក្រាប។
ដោយ ប៊ុន រដ្ឋា