កំពង់ធំៈ រថយន្តកូរ៉េ៥តោនដឹកឈើ១២ម៉ែត្រគូប ចេញពីព្រៃឡង់ ត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង បញ្ជាឲ្យសមត្ថកិច្ចតំបន់ប្រតិបត្តិការសឹកកំពង់ធំ សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើទំរីង ចាប់ឃាត់កាលពីយប់ថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៥ វេលាម៉ោង ៩យប់ នៅចំនុច ចំការកៅស៊ូ ស្ថិតនៅតាមបណ្តោយផ្លូវពី ឃុំទំរីង ឆ្ពោះទៅ ភូមិ៩៩ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
ឈ្មួញឈើដុះស្លែរដែលត្រូវបានគេស្គាលឈ្មោះ ម៉ុន មានប្រពន្ឋឈ្មោះ ឡែន រស់នៅភូមិបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានធ្វើសកម្មភាពដឹកឈើយ៉ាងរលូន ដោយពុំមានការខ្លាចញញើតសូម្បីតែបន្តិច ដោយលោក ម៉ុន បានអះអាងថា លោកបានបង់លុយឲ្យទៅលោក សៅ វណ្ណនី នាយផ្នែករដ្ឋបាលព្រៃឈើក្នុងមួយរថយន្តចំនួន ២០ ដុល្លា និងបង់លុយជូនលោក រី និងសមត្ថកិច្ចផ្សេងៗ ពុំត្រូវបានសមត្ថកិច្ចចាប់នោះទេ ទើបតែពេលនេះ ត្រូវអស់ល័ក្ខទើបសមត្ថកិច្ចឃាត់តែម្តងដែលជាប្រភេទ រថយន្តកូរ៉េ ៥តោន ពណ៌ ស អត់ស្លាកលេខ ត្រូវបាននាំយកមករក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើទំរីង។
តាមប្រភពពត៌មានពីអ្នកឃ្លាំមើលសកម្មភាព ការអនុវត្តច្បាប់របស់សមត្ថកិច្ច បានឲ្យដឹងថា រថយន្តដឹកឈើបន្តកន្ទុយគ្នា ចេញពីព្រៃឡង់ ដោយដឹកចេញពីចំនុចភូមិស្រុកចាស់ និងចំនុចភូមិអូល្អក់ ចំនុចផ្លូវព្រះអាទិត្យ ក្នុងមួយយប់ចាប់ពី១០ គ្រឿង ទៅ១៥គ្រឿងគឺសុទ្ធតែរថយន្តដឹកឈើដោយគ្មានច្បាប់ ដោយឈើទាំងនេះជាប្រភេទលេខ២ សុទ្ធតែដឹកចេញពីព្រៃឡង់ ជាហេតុធ្វើឲ្យមានការ ព្រួយបារម្ភណ៍ពីសំណាក់មហាជនថា មិនយូរនោះទេ ព្រៃឡង់នៅសល់តែឈ្មោះ ព្រោះ ព្រៃឈើកំពុងតែឡើងឡាន ទៅកាន់ទីផ្សារ រីឯផ្ទៃដីនៃព្រៃឈើកំពុងតែក្លាយទៅជាវាលរហោឋាន និងចំការរបស់ប៉ូលិស ប៉េអ៊ឹម និងមន្ត្រីរាជការអ្នកមានអំណាច ចំណែកប្រជាពលរដ្ឋក្រីក្រ បានត្រឹមតែស្រក់ទឹកភ្នែកដោយ ទទួលគំនៀបទាំងផ្លូវចិត្តនិងផ្លូវកាយ។
សូមបញ្ជាក់ផងដែរ ចាប់ពីដើមខែឧសភា ឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ សមត្ថកិច្ចបានឃាត់រថយន្តចំនួន ១០គ្រឿងគឺសុទ្ធតែរថយន្តកូរ៉េ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់ ដោយគ្មានច្បាប់ ចំណែករថយន្តដែលត្រូវបាន បិទភ្នែក បិទច្រមុះរាប់សិបគ្រឿង ពុំមានការចាប់ឃាត់នោះទេ ចំណែកការបង្កើតគណៈកម្មការចម្រុះដាក់ស្នាក់ការបង្ក្រាបនិងទប់ស្កាត់នៅស្ពានបាក់ស្នា ដែលបានអះអាងថា ជាក្រុមចំរុះបង្ក្រាបបទល្មើសព្រៃឈើខុសច្បាប់នោះ គឺចាប់បានតែកាឡេថងដឹកអុសរបស់អ្នកស្រុកនោះទេ ចំណែកឈ្មួញដឹកដោយយីឌុប និងរថយន្តកូរ៉េ ពុំហ៊ានចាប់នោះទេ ដោយសារតែបានការត្រូវរ៉ូវគ្នាអស់ហើយ។ប្រជាពលរដ្ឋបានខឹងសម្បានិងសមត្ថកិច្ចមេព្រៃដែលខំប្រឹងចាប់តែ អុស របស់ប្រជាពលរដ្ឋដែលកាប់មកពីចំការ និង ប្រមូលពីសំណល់ពីក្រុមហ៊ុន ត្រូវបាសមត្ថកិច្ចចាប់ផាកពិន័យ ចោទថារុករន្ទព្រៃ រីឯឈ្មួញដឹកឈើទាំងយីឌុប ក្នុងមួយយប់៣០គ្រឿងទៅ ៥០ ក្នុងមួយយប់ អះអាងថាមានគេដឹកស្របច្បាប់ ចុះរថយន្តកូរ៉េដឹកអត់ច្បាប់ហេតុអ្វីបានជាមិន បង្ក្រាប ។ ដោយ ប៊ុន រដ្ឋា