ខេត្តបន្ទាយមានជ័យ៖ លោកអាត់ខែមបានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកស្វាយចេកខេត្ដបន្ទាយមានជ័យបានបើកការដ្ឋានផ្លូវក្រាលគ្រួសក្រហមមួយខ្សែ ដែលមានប្រវែងជាង៥គីឡូម៉ែត្រ ស្ថិតនៅ ភូមិតាអុង របស់ឃុំរលួស និងភូមិប្រិយ៍ របស់ឃុំ
ទ្រាស ស្រុកស្វាយចេក នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០១៥។ក្នុងពិធីបើកការដ្ឋានផ្លូវក្រាលគ្រួសក្រហម ជូនប្រជាពលរដ្ឋទាំងពីរឃុំខាងលើនេះបានធ្វើឡើងក្រោមការដឹកនាំរបស់លោកអាត់ខែមសមាជិកអចិន្ដ្រៃយគណបក្សខេត្ដនិងជាអនុប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក លោកប្រាក់ សារ៉ាត់ អនុប្រធានក្រុមការងារ ចុះជួយស្រុកស្វាយចេក និងថ្នាក់ដឹកនាំ ដែលជាស្នងការរង ដូចជាលោកវង្ស វិត លោកវង្ស ប្រាថ្នា លោកង៉ាន់ ចិន្ដា និងសមាជិកសមាជិកាជាច្រើននាក់ផ្សេងទៀត ។លោកអាត់ ខែម នៅចំពោះមុខប្រជាពលរដ្ឋ អាជ្ញាធរភូមិ ឃុំ ជាច្រើននាក់ បានលើកឡើងពីការផ្ដាំផ្ញើពីការសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាជាលោក ឧបនាយករដ្ឋមន្ដ្រីកែ គឹមយ៉ាន ប្រធានក្រុមថ្នាក់ជាតិ ចុះជួយខេត្ដបន្ទាយមានជ័យទើបថ្ងៃនេះក្រុមការងារទាំងអស់បានមកបើកការដ្ឋាន ផ្លូវមួយខ្សែនេះ ជូនបងប្អូន សម្រាប់ការធ្វើ ដំណើរនិងការដឹកជញ្ជូនកសិផល ទំនិញផ្សេងៗ បានយ៉ាងងាយស្រួល ។
លោកអាត់ ខែម បានលើកឡើងទៀតថាឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ សូមឱ្យជួយជួសជុលផ្លូវមួយខ្សែនេះភ្លាម លោកឧបនាយករដ្ឋមន្ដ្រីកែ គឹមយ៉ាន បានចាត់ឱ្យក្រុមការងាររបស់លោក ចុះទៅសិក្សាទីតាំងភូមិសាស្ដ្រហើយក៏ឈានទៅដល់ការបើកការដ្ឋាននៅថ្ងៃនេះតែម្ដង ។ លោកបន្ដថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលលេចចេញពីការយកចិត្ដទុកដាក់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនជូនចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង នៅពេលដែលជួបបញ្ហាអ្វីមួយ ជាពិសេស ការរក្សានូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំ ដែលមានសម្ដេចតេជោជាប្រមុខនៃរាជរដ្ឋាភិបាលនោះ។នៅក្នុងឱកាសនោះដែរ លោកអាត់ ខែម និងក្រុមការងារ ក៏បាននាំយកអំណោយជា សារុង ចែកជូនដល់សមាជិកសមាជិកា ដែលអញ្ជើញចូលរួម ចំនួន១២០នាក់ ដែលក្នុងម្នាក់ៗ ទទួលបានសារុងម្នាក់មួយផងដែរ។




































