កំពង់ធំ ៈ ឈ្មួញឈើដុះស្លែរ រកស៊ីប៉ៅផ្តាច់ស្រុកសណ្តាន់ ដែលត្រូវបាន គេស្គាល់ឈ្មោះ ចែ រ៉ន ជាឈ្មួញដ៏ធំគ្រប ដណ្តប់ឥទ្ធិពលអំណាចរបស់មេព្រៃ បានធ្វើសកម្មភាពដឹកឈើ កាលពីវេលាម៉ោង ៨.៣០នាទីយប់ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០១៥ ដោយដឹកឈើចេញពីស្រុកចាស់ ឆ្លងកាត់ចំនុចអូល្អក់ ពុំត្រូវបានសមត្ថកិច្ចបង្ក្រាបឡើយ ជាហេតុធ្វើឲ្យមាន ការសង្ស័យថា សង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ បានទទួលលាភស្ការៈហើយបានជា មិនហ៊ានបង្ក្រាប។
យោងតាមប្រភពពត៌មាន បានឲ្យដឹងថា សមត្ថកិច្ចរដ្ឋបាលព្រៃឈើសណ្តាន់ និងសង្កាត់ទំរីង ព្រមទាំងផ្នែកសណ្តាន់ ត្រូវបានឈ្មួញ ឈ្មោះ ចែរ៉ន បានទិញទឹកចិត្តអស់ហើយ ដោយពុំមានធ្វើការបង្ក្រាបនោះទេ គឺនៅពេលដែល មានការ ឃាត់រថយន្តរបស់ ចែរ៉ន ដែលត្រូវបានគេដឹងថា ជាឈ្មួញប្រចាំស្រុកសណ្តាន់ បែរជាមេព្រៃម្នាក់រួញដូចកង្កែបនៅក្នុង អណ្តូង និងពុំមានបង្ក្រាបថែមទាំងជួយអន្តរាគមន៍ដោះលែងទៅវិញ។
ជាក់ស្តែងកាលពី២ម៉ោងកន្លងទៅនេះ មានការឃាត់រថយន្តរបស់ ចែរ៉ន ដែលមានដឹកឈើយ៉ាងពេញ ដោយរថយន្តបុកសឺរ ចេញបីស្រុកចាស់ ទៅដាក់ឲ្យក្រុមហ៊ុនមួយ តែត្រូវបានដោះលែងភ្លាម និងពុំមានការទប់ស្កាត់និងបង្ក្រាបនោះ ឡើយ ជាហេតុធ្វើឲ្យឈ្មួញដ៏ទៃដឹងចិត្ត ដឹងថ្លើមរបស់សមត្ថកិច្ចមេព្រៃ ថាគ្មានអ្វីក្រៅពីលុយទេ លុយអាចទិញទឹកចិត្ត របស់សមត្ថកិច្ចបាន ទោះជាដឹកចង់បាក់ទ្រុងឡានក៏ដោយ ក៏មេព្រៃមិនខ្ចីរវល់នោះឡើយ ។
ដោយ ប៊ុន រដ្ឋា