កំពង់ឆ្នាំង៖ តុលាការខេត្តកំពង់ឆ្នាំង បានសម្រេចដោះលែងជនសង្ស័យម្នាក់ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ ក្រោយពីសមត្ថកិច្ចនគរបាលស្រុក និងខេត្តបានកសាងសំណុំរឿង បញ្ជូនចោទប្រកាន់ពីបទប្រើអំពើហឹង្សា និងចាក់ប្រេងម៉ាស្យូត បំរុងដុតប្រពន្ឋ និងមួយករណីទៀតពីបទលាក់ទុកអាវុធកែឆ្នៃចំនួន២ដើម ( កាំភ្លើងខ្យល់អាចបាញ់មនុស្សស្លាប់ )ខុសច្បាប់
ដែលគេបានប្រព្រឹត្តកាលពីថ្ងៃ០៩ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច ។ សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាចដែលជាអ្នកកសាងសំណុំរឿងពីមូលដ្ឋានមកបានអោយដឹងថា៖ ជនសង្ស័យខាងលើមានឈ្មោះ សាត ចាន់ អាយុ២៣ឆ្នាំ មានមុខរបរជាអ្នកស៊ីឈ្នួលដាំដំឡូងអោយគេ ចំណែកប្រពន្ឋមានឈ្មោះ កែម រ័ត្ន អាយុ២៩ឆ្នាំ គ្រួសារនេះមានកូន២នាក់ និងមានទីលំ នៅ ភូមិឃុំកើតហេតខាងលើ ។នៅមុនពេលកើតហេតុជនសង្ស័យ ឈ្មោះ សាត ចាន់ ជាប្ដីបានឈ្លោះប្រកែក យ៉ាងខ្លាំងជាមួយ ប្រពន្ធ របស់ខ្លួនពីរឿង ប្តីវ៉ៃកូនរឿងលេងទ្វារប្រយ័ត្នកៀបដៃ ពេលនោះប្រពន្ឋខឹងបានវ៉ៃកូនថែមគឺវ៉ៃបញ្ឈឺ ហើយក៏បានទាស់សំដីគ្នា ដោយបុរសជាប្តីបាន ប្រើអំពើហឹង្សាទៅលើប្រពន្ធ និងបាន ស្ទុះទៅ យកប្រេងម៉ាស្យូត ចាក់ស្រោចលើប្រពន្ធក្នុងបំណងដុតសម្លាប់ទៀត តែនៅពេលនោះក៏មានអ្នក ជិតខាងជួយទាន់ ។ក្រោយពេលកើតហេតុស្ដ្រី រងគ្រោះដែលត្រូវជាប្រពន្ធបានមក ប្ដឹងសមត្ថកិច្ចឱ្យជួយធ្វើអន្ដរាគម ក្នុងករណីប្ដីប្រើហឹង្សាមកលើខ្លួន ។ ក្នុងពេលនោះដែរ សមត្ថកិច្ចចុះទៅដល់បានឃាត់ ជនសង្ស័យរូបនោះ ហើយបានឆែកឆេររក ឃើញអាវុធកែច្នៃខុសច្បាប់ចំនួន២ដើម ដែលជនសង្ស័យបានលាក់ទុកនៅក្នុងផ្ទះទៀតផង ។
ក្រោយមកសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត និងបានបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់តុលាការតាមនិតិវិធីនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ និងក្រោយពីសាកសួរចម្លើយមួយព្រឹកធំរួចមក ក៏ត្រូវបានតុលាការដែលមានលោកព្រះរាអាជ្ញារង និងលោកចៅក្រមសម្រេចអោយនៅក្រៅឃុំ ដោយដាក់អោយស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ ករណីនេះសមត្ថកិច្ចនិយាយថា បើគ្មានអីៗនោះទេក៏មិនអាចនៅក្រៅឃុំបានដោយងាយស្រួលដូច្នេះដែរ ដែលនេះជារឿងធម្មតារបស់លោកតុលាការទៅហើយមិនបាច់ឆ្ងល់ឡើយ។សូមបញ្ជាក់ថាៈកាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៥ កន្លងមកថ្មីៗនេះ តុលាការខេត្តកំពង់ឆ្នាំងបានសម្រចឃុំខ្លួនយុវជនសង្ស័យចំនួន៣នាក់ដាក់ពន្ឋនាគារ ដោយចោទប្រកាន់ពីបទរក្សាទុក និងចរាចរណ៏អាវុធខុសច្បាប់ គឺដាវសាម៉ូរ៉ៃតែមួយដើមប៉ុណ្ណោះដែលដាក់ជាប់ខ្លួនជិះម៉ូតូ តែពេលនេះជនសង្ស័យខាងលើប្រើអំពើហឹង្សាទៅលើប្រពន្ធផង និងបានលាក់ទុកអាវុធកែឆ្នៃខុសច្បាប់ដល់ទៅ២ដើមទៀតផង( កាំភ្លើងខ្យល់អាចបាញ់មនុស្សស្លាប់ ) បែរជាមានសំណាងនៅក្រៅឃុំទៅវិញ ដែលនេះគឺជាឆន្ទានុសិទ្ធរបស់តុលាការពិតជាមានឧត្តមគតិច្បាប់ដ៏ល្អរបស់គេមែនគួរតែជូនរង្វាន់អោយគាត់ផង៕
. .




































