ស្ទឹងត្រែង៖រថយន្តសាំងយ៉ុងមួយគ្រឿងរកស៊ីដឹកជញ្ជូនឈើប្រណីតរាប់ឆ្នាំចេញពីស្រុកសៀមប៉ាងមិនត្រូវបានគេបង្ក្រាបទេ តែពេលនេះត្រូវបានមេព្រៃដេញស្ទាក់ចាប់ តាំងពីផ្លូវជាតិលេខ៧រហូតដល់ផ្ទះ ត្រូវបានគេនិយាយថា មកពីមិនបានប្រាប់និងមិនបានបង់លុយអោយជំនាញ ស្ថិតក្រោមបញ្ជាពីស្ថាប័នអយ្យការខេត្តស្ទឹងត្រែង ទើបមានការបង្ក្រាប។
ការដឹកនាំមន្ត្រីព្រៃឈើចុះបង្ក្រាប រថយន្តដឹកឈើនារសៀលម៉ោងជាង៤ល្ងាច ថ្ងៃទី៨ឧសភា នេះ បាន ធ្វើឡើងក្រោមការបង្គាប់បញ្ជារបស់លោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត គឺលោកជា ពេជ្រ នៅផ្ទះមួ យ កន្លែងត្រង់ចំណុចគីឡូម៉ែត្រលេខ២ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង ។
ប្រភពព័តិ៍បានអោយដឹងថា រថយន្តសាំងយ៉ុងពណ៌ស អត់ស្លាកលេខ១គ្រឿងនេះ បានដឹកឈើជាច្រើនសន្លឹកធំៗ ចរាចរណ៏ចេញពីទីរួមស្រុកសៀម ប៉ាង ចូលមកដីក្រុងស្ទឹងត្រែង។តែក្រោយពីលោកអន ចាន់សុជាតិមន្ត្រីរដ្ឋបាលព្រៃឈើខេត្តបានទទួលដំណឹងភ្លាម លោកក៏បានចុះស្ទាក់ចាប់នៅលើ ដងផ្លូវជាតិលេខ៧ តែរថយន្តនោះ បានបន្ថែមល្បឿងកាន់តែលឿន ចូលមកក្នុងក្រុងព្យាយាម គេចចេញពីសមត្ថកិច្ច តែសមត្ថកិច្ចបានតាមយ៉ាងប្រកៀកប្រកិត ហើយរថយន្តនោះ បានបើកចូលមកពួនសម្ងំនៅផ្ទះឪពុករបស់គេ ក្នុងគោលបំណងចរចារគ្នា តែត្រូវបានគេរាយការណ៍ អោយព្រះរាជអាជ្ញាទើបមានការបង្ក្រាប។
ប្រភពបន្តទៀតថា ក្រោយមានការរាយការណ៏ ជូនលោកជា ពេជ្រព្រះរាជរងបានចុះមកដល់ទីតាំងកើតហេតុ បានបញ្ជាអោយជំនាញធ្វើកំណត់ហេតុដកហូត រថយន្តនិងឈើមួយចំនួនទៀតនៅក្នុងផ្ទះ បញ្ជូនទៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត តែឈើមួយចំនួនមិនបានរឹបអូសទេ គឺបាននាំយកឈើនៅក្នុងរថយន្តតែប៉ុណ្ណោះ ដែលមានចំនួនជាងដប់សន្លឹកធំនិងមានតម្លៃដល់ទៅរាប់ពាន់ដុល្លា។
ប្រភពបន្តថារថយន្តដែលជំនាញបង្ក្រាបនេះ ត្រូវបានគេស្គាល់ថាជារបស់ឈ្មោះអូនដែលជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើចេញពីស្រុកសៀមប៉ាងរាប់ឆ្នាំមកហើយ ហើយក្នុងការដឹកជញ្ជូនឈើនេះ គេបានអួតអាងថាបង់លុយអោយសមត្ថកិច្ច ជំនាញនិងសមត្ថកិច្ចនៅតាមដងផ្លូវអស់ហើយ ដូចជាស្នាក់ការនៅតាមដងផ្លូវ ពិសេស មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងក្រុមនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចម្នាក់ឈ្មោះយឹម ណារ៉ុងមានស្នាក់ការនៅចំណុចដុងក្រឡ ហើយការចាប់នេះត្រូវបានគេនិយាថាដោយសារពេលខ្លះប្រាប់ និងពេលខ្លះមានការដឹកលួចលាក់មិនបានប្រាប់ទើបមន្ត្រីជំនាញធ្វើការបង្ក្រាប។
ឈើដែលចាប់នេះត្រូវបានលោកអន ចាន់សុជាតិមន្ត្រីរដ្ឋបាលព្រៃឈើខេត្តបញ្ជាក់ថា ឈើប្រណិតទាំងនោះ នៅមិនទាន់ដឹងថា មានចំនួនប៉ុន្មានសន្លឹកប៉ុន្មានដុំ ស្មើនឹងប៉ុន្មានម៉ែត្រគូបនោះឡើយ ព្រោះសមត្ថកិច្ច កំពុងធ្វើ កំណត់ហេតុដកហូតឈើ និងរថយន្ត ដើម្បីយកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ។ចំណែកម្ចាស់ឈើមិនបានធ្វើការឃាត់នោះទេ គឺតម្រូវអោយម្ចាស់ចូលខ្លួនបង់ផាកពិន័យ ទៅតាមច្បាប់ស្តីពីព្រៃឈើ ហើយមិនបានចូលខ្លូនមកបង់ពិន័យ ជំនាញនិងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕