ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋរស់នៅទីរួមខេត្តព្រះវិហារមានភាពត្រេកអរខណះពេលនេះតំលៃភ្លើងអគ្គិសនីឯកជនធ្លាក់ថ្លៃដល់១៦០០រៀលក្នុង១គីទ្បូវ៉ាត់ម៉ោងធៀបជាមួយឆ្នាំដំបូងវាមានតំលៃរហូតដល់២៦០០រៀលក្នុង១គីទ្បូវ៉ាត់ម៉ោងឯណោះ
ទោះបីយ៉ាងណាវាមិនទាន់មានភាពល្អប្រសើរនៅទ្បើយទេសំរាប់ប្រជាពលរដ្ឋរស់នៅតាមផ្ទះជួលក៍នៅតែមានការនិយាយត្អូញត្អែរចំពោះគ្រប់ម្ចាស់ផ្ទះជួលដែលនៅរឹងរូសយកលេសកេងប្រវ័ញ្ចភ្លើងហោះភ្លើងហើរគិតតំលៃភ្លើងកប់ពពកស្ទើរ១គុណ៣គឺឧបមាថាអ្នកជួលបន្ទប់ក្នុង១ខែប្រើចរន្តអគ្គិសនីអស់តែ១១គីទ្បូវ៉ាត់ម៉ោងប៉ុណ្ណោះប៉ុន្តែម្ចាស់ផ្ទះជួលបានគិតថ្លៃលើវិកយប័ត្រខ្លួនឯងរហូតដល់ជាង២០គីទ្បូវ៉ាត់ម៉ោងតាមអំពើចិត្ត។ចរន្តភ្លើងដែលហើរអស់១១គីទ្បូវ៉ាត់ម៉ោងមិនបានប្រើប្រាស់សោះម្ចាស់ផ្ទះជួលគិតថ្លៃរហូតដល់១៨០០រៀលគុណជាមួយចរន្តភ្លើងដែលហើរអស់១១គីទ្បូវ៉ាត់ម៉ោងថែមទៀត។
ម្ចាស់ផ្ទះជួល១កន្លែងក្នុងភូមិទ្បឥដ្ឋសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារបានអោយដឹងថាការដែលគាត់គិតចរន្តភ្លើងហើរថែមពីលើភ្លើងប្រើប្រាស់ជាក់ស្ដែងពីអតិថិជនជួលបន្ទប់របស់គាត់មកពីកុងទ័រភ្លើងដែលភ្ជាប់បណ្តាញជាមួយរោងចក្រអគ្គិសនីឯកជនវាដើរលឿនខ្លាំងពេក។
ប្រជាពលរដ្ឋផ្សេងទៀតនិយាយថាបើកុងទ័រភ្លើងអគ្គិសនីដើរលឿនខ្លាំងគួរតែម្ចាស់ផ្ទះជួលទៅតវ៉ាជាមួយថៅកែរោងចក្រអគ្គិសនីមន្ទីរជំនាញនិងអាជ្ញាធរដែនដីអោយជួយដោះស្រាយអោយកុងទ័រភ្លើងដើរធម្មតាវិញបែរជាមកគិតថ្លៃកប់ពពកជាមួយអ្នកជួលបន្ទប់ស្នាក់នៅទៅវិញ។នេះជាអំពើទុច្ចរិតក្លាយទៅជាវប្បធម៌ប្រពៃណីគាបសង្កត់កេងប្រវ័ញ្ចអ្នកមានជីវភាពក្រីក្ររស់នៅជួលផ្ទះគេគឺខ្មែរជាន់កខ្មែរអោយកាន់តែក្រល្ហេមល្ហាមថែមទៀតពីសំណាក់គ្រប់ម្ខាស់ផ្ទះជួលនិងថៅកែរោងចក្រអគ្គិសនីឯកជន។
លោកវិស្វករគង់មករាប្រធានមន្ទីររ៉ែនិងថាមពលរខេត្តព្រះវិហារបានអោយដឹងថាកត្តាសំខាន់ដែលចរន្តអគ្គិសនីនៅខេត្តព្រះវិហារធ្លាក់ថ្លៃត្រឹម១៦០០រៀលក្នុង១គីទ្បុវ៉ាត់ម៉ោងគឺយោងតាមសេចក្ដីណែនាំរបស់អាជ្ញាធរអគ្គិសនីក្នុងខែកុម្ភះឆ្នាំ២០១៥តម្រូវអោយអាជីវករជាថោកែអគ្គិសនីត្រូវបញ្ចុះតំលៃភ្លើងអគ្គិសនីខណះពេលតំលៃប្រេងឥន្ធនះបានចុះថ្លៃជាទូទៅ។លោកបន្តទៀតថាឈានចូលខែកក្កដា២០១៥ខាងមុខនេះនឹងចុះតំលៃ១០០រៀលក្នុង១គីទ្បូវ៉ាត់ម៉ោងបន្ថែមទៀតព្រោះយើងបានតភ្ជាប់បណ្កាញខ្សែអគ្គិសនីរួចរាល់ជាមួយខេត្តកំពង់ធំ៕



































