ខេត្តឧត្តរមានជ័យ៖ទីបំផុតមេឈ្មួញឈើគ្រញូងដុសស្លែរម្នាក់លាក់ខ្លួននៅក្នុងស្រុកអន្លង់វែង ដែលត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយព្រះរាជអាជ្ញារងខេ ត្តកំពង់ធំ លោក សាយ ណូរ៉ា បានចុះឃាត់ខ្លួន នៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ ដោយជាប់ពីបទដឹកជញ្ជូន អនុផលព្រៃឈើ ប្រភេទឈើគ្រញូង ហើយត្រូវបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ។ជនសង្ស័យជាមេឈ្មួញដឹកជញ្ជូនឈើគ្រញូងដ៏សកម្មម្នាក់នេះឈ្មោះ ស សុគុន្ធ (ហៅត្រកួន) ភេទប្រុសអាយុ ៣៧ឆ្នាំ មានទីលំបច្ចុប្បន្នភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយចំពោះជនសង្ស័យរូបនេះ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនបទល្មើសឈើគ្រញូង ឆ្លងកាត់ខេត្តកំពង់ធំ ដែលត្រូវសមត្ថកិច្ចជំនាញ ខេត្តកំពង់ធំ បង្ក្រាបបានរថយន្ត ម៉ាក់TUNTRA ពណ៌ស ចង្កូតឆ្វេង ពាក់ស្លាក់លេខ ខ.ភ.ម. ដឹកឈើគ្រញូងពេញ តែជនសង្ស័យឈ្មោះ ស សុគុន្ធ ហៅត្រកួន ជាម្ចាស់រថយន្តដឹកឈើ បានរត់គេចខ្លួន ហើយទៅលាក់ខ្លួន នៅក្នុងស្រុកអន្លង់វែង។
លោកអនុសេនីយ៍ទោ ហើន សំបោន នាយការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ស សុគុន្ធ ហៅត្រកួន ត្រូវបានឃាត់ខ្លួនៅវេលាម៉ោង ៥ល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៥ តាមដីការបស់ព្រះរាជអាជ្ញារងខេត្តកំពង់ធំ និងសហការជាមួយកម្លាំងអាវុធហត្ថខេត្តកំពង់ធំ ហើយបានចុះប្រតិបត្តិចុះទៅដល់ផ្ទះជនសង្ស័យរូបនេះ ដែលកំពុងលាក់ខ្លួន នៅក្នុងផ្ទះនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោកបន្តថា បន្ទាប់ពីធ្វើការឃាត់កម្លាំងអាវុធហត្ថស្រុកបាននាំជនសង្ស័យ ជាមេឈ្មួញដឹកឈើគ្រញូង ឈ្មោះ ស សុគុន្ធ ហៅត្រកួន មកស្នាក់ការអាវុធហត្ថស្រុកធ្វើកំណត់ហេតុរួច ក៏បានប្រគល់ឱ្យទៅលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ ដើម្បីនាំទៅសាកសួរ។