ភ្នំពេញ ៖ មានហេតុការណ៍ដែលគួរឱ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរជាច្រើននាក់នាំ គ្នាចោមរោមមើលនោះ គឺដោយសារតែមានបុរសម្នាក់បើករថយន្តហ្វ័ររ៉េនន័រក្នុងល្បឿនលឿន ហើយខណះដែល បើកបររថយន្តបានបែកកង់ឆ្វេង រួចក៏បានរេចង្កូតជ្រុលបុករបងធ្លាក់ចូលខាងក្រោមការដ្ឋានមួយកន្លែងដែលកំពុងសាងសង់កម្ពស់ប្រមាណជាង១០ម៉ែត្រ តែសំណាងល្អអ្នកបើកបររថយន្ត និងកម្មករដែលសម្រាកនៅខាងក្រោម មិនមានរងរបួសនោះទេ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩នឹង៤០នាទីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៥ ស្ថិតក្នុងការដ្ឋានមួយកន្លែង តាមបណ្តោយផ្លូវ២៧១ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ។
សាក្សីដែលបានឃើញកើតហេតុនេះ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តហ្វ័ររ៉េនន័រ ពណ៍ស្ករ ពាក់ស្លាកលេខ បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវ លេខ២៧១ ហើយខណះដែលកំពុងបើកបរ ស្រាប់តែរថយន្តបានបែកកង់ឆ្វេង រួចក៏បានរេចង្កូតជ្រុលបុករបងធ្លាក់ចូលខាងក្រោមការដ្ឋានមួយកន្លែង ដែលកំពុងសាងសង់កម្ពស់ប្រមាណជាង១០ម៉ែត្រ តែសំណាងល្អអ្នកបើកបររថយន្ត និងកម្មករដែលសម្រាកនៅខាងក្រោមក៏មិនមានអ្នករងរបួសនោះដែរ ចំណែករថយន្តបានរងការខូចខាត យ៉ាងដំណំ ។ ប្រភពដដែលបន្តថា ក្រោយមកគេបានឃើញម្ចាស់រថយន្ត រើឥវ៉ែឥវ៉ានចេញពីក្នុងរថយន្ត ហើយបានជិះម៉ូតូឌុបចេញពីកន្លែងកើតហេតុ ទាំងសមត្ថកិច្ចទៅដល់កន្លែងនោះ ហើយមិនបានឃាត់ខ្លួនអ្នកបើកបររថយន្ត ទៀត គឺដោយសារតែរថយន្តពាក់ស្លាកលេខរដ្ឋ ទំនងជាអ្នកធ្វើការនៅក្នុងរាជការ ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញ ធ្វើការវាស់វែងនិងហៅរថយន្តស្ទូចមកស្ទូចយករថយន្តខាងលើ ទៅរក្សាទុកជាបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕