បាត់ដំបង៖ ជនសង្ស័យចំនួនពីរនាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀននៅតាមសួនសាធារណ:ត្រូវបានសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី16-5-15 វេលាម៉ោង9,40នាទីយប់ ត្រង់ចំនុចលើសួនព្រែកមហាទេព ស្ថិតក្នុងសង្កាត់
ស្វាយប៉ោ ក្រុងបាត់ដំបងខណ:ដែលជនសង្ស័យទាំងពីររូបនេះកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាក់ស្តែង។
តាមការអះអាងពីលោកវរ:សេនីយ៍ត្រីស៊ាន សុណាល់ នាយការិយាល័យស្តីទី នៃការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ជនទាំងពីរនាក់ដែលឃាត់ខ្លួនបាននេះមានឈ្មោះគឹម រីណា ហៅអ៊ុំ ភេទប្រុស អាយុ33ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំតាស្តា ស្រុកសំពៅលូននិងឈ្មោះរឿម សុភី ហៅប្រុស ភេទប្រុស អាយុ27ឆ្នាំ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង។
លោកនាយការិយាល័យស្តីទីបានបន្ថែមថា នៅមុនពេលចេញប្រតិបត្តិការ គឺលោក
បានទទួលដំណឹងថាមានករណីជួញដូរគ្រ៉ងញៀនមួយដែលកំពុងប្រព្រឹត្តត្រង់ចំនុចខាងលើ ទើបលោកបានចាត់កំលាំងអោយចុះទៅជាបន្ទាន់ ដោយមានការសហការណ៍ជាមួយកំលាំងបង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តផងនោះ ទើបកំលាំងជំនាញបានឈានដល់ការឃាត់ខ្លួនមនុស្សចំនួនពីរនាក់ដែលសង្ស័យថាអាចមានជាប់ពាក់ព័ន្ធទៅនឹងករណីនេះ។ប៉ុន្តែមុនពេលដែលសមត្ថកិច្ចត្រូវនាំខ្លួនទៅកាន់ការិយាល័យដើម្បីសាកសួរ គឺកំលាំងបានឆែកឆេររកឃើញមានគ្រឿងញៀនប្រភេទយ៉ាម៉ាចំនួន75គ្រាប់ដែលជននេះបានលាក់ទុកជាប់នឹងខ្លួន ព្រមទាំងទូរស័ព្ទដៃស៊ែរីចាស់ចំនួនមួយគ្រឿងដែលសមត្ថកិច្ចត្រូវដកហូត។
រៀងរាល់លើកនៃការឃាត់ខ្លួនជនសង្ស័យ គឺមុខសញ្ញាម្នាក់ៗមិនដែលសារភាពថាខ្លួន
បានរកសុីមុខរបរនេះពីពេលណានោះឡើយ ដោយគ្រាន់តែអះអាងថាទើបតែចាប់ផ្តើមរកសុីតែប៉ុណ្ណោះប៉ុន្តែទោះបីជាយ៉ាងនេះក្តី វត្ថុតាងដែលមានគ្រប់គ្រាន់គឺសមត្ថកិច្ចត្រូវតែបញ្ជូនខ្លួនជនទាំងពីរនាក់នេះទៅកាន់សាលាដំបូងខេត្តដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕



































