ក្នុងឱកាសបុណ្យចូលឆ្នាំថី្ម ប្រពៃណីខ្មែរ ឈានមកដល់នាថ្ងៃខាងមុខនេះ ប្រតិភូកងទ័ពប្រជាជនវៀតណាម ចំនួន២ក្រុម គឺក្រុមប្រតិភូចង្អុលទិស ភូមិភាគកណ្តាល ដឹកនាំដោយឧត្តមសេនីយ៏ទោ ស្រីវ ស៊ុនហ្វា និងក្រុមប្រតិភូព្រំដែន ដឹកនាំដោយ ឧត្តមសេនីយ៏ទោ វ៉ ចុងវៀត បានមក
ជូនពរថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលពិធីជូនពរឆ្នាំថ្មីនេះ បានធ្វើឡើងតាមរយៈជំនួបសម្តែងការគួរសម ជាមួយឯកឧត្តម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៏ ប៉ុល សារឿន កាលពីព្រឹកថ្ងៃទី៨ ខែមេសានេះ នៅអគ្គបញ្ជាការដ្ឋាន ។
មានប្រសាសន៏នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៏ទោ ស្រីវ ស៊ុនហ្វា និងលោកឧត្តមសេនីយ៏ទោ វ៉ ចុងវៀត បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំ នៃកងទ័ពប្រជាជនវៀតណាមជូនថ្នាក់ដឹកនាំអគ្គបញ្ជាការ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសនៃការទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ប្រពៃណីខ្មែរ នឹងឈានចូលមកដល់ នៅពេលខាងមុខ សូមជួបប្រទះ នឹងពុទ្ធពរជ័យ បវរមហាប្រសើរ ដើម្បីបំពេញភារកិច្ច ការពារជាតិមាតុភូមិ ទទួលបានជោគជ័យ និងរួមចំណែកអភិវឌ្ឍន៏សង្គមជាតិ ឲ្យកាន់តែសម្បូររុងរឿង និងរីកចម្រើនតរៀងទៅ ។
ឯកឧត្តម នាយឧត្តមសេនីយ៏ ប៉ុល សារឿន បានថ្លៃងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះលទ្ធផល ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម សម្រេចបាន ពិសេសក្រោយពីប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា ក្នុងដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម និងដំណើរទស្សនកិច្ច របស់ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ កន្លងទៅនោះ ។
ក្នុងជំនួបនៃពិធីជូនពរនោះ លោកប្រធានប្រតិភូទាំងពីរ ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្ត របស់នាយ ទាហាន និងពលទាហាន នៃកងទ័ពប្រជាជនវៀតណាម ក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ ជាមួយនឹងកងយោធពលខេមរភូមិន្ទ ពិសេសអនុវត្តន៍នូវកិច្ចព្រមព្រៀងទាំងឡាយ ដែលថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃប្រទេសទាំងពីរ បានប្រកាសដាក់ចេញ ៕