ខេត្តសៀមរាប៖ចោរប្រដាប់ដោយអាវុធវែងខ្លីមួយក្រុមបានធ្វើសកម្មភាពចាប់ចងម្ចាស់ផ្ទះរួចនាំគ្នាប្រមូលយកលុយអស់ចំនួន៦៥០០០ដុល្លានិងគ្រឿងអលង្កាមួយចំនួនធំទៀត រួចក៏នាំគ្នាគេចខ្លួនបាត់ងដោយសុវត្ថិភាព
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៥ក្នុងលំនៅដ្ឋានជនរងគ្រោះស្ថិតនៅភូមិមមាញ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។អធិការនគរបាលស្រុកប្រាសាទបាគងលោកវរសេនីយទោ មិន ចន្ថា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨នេះថា ក្រុមចោរបានលបចូលខាងក្រោយផ្ទះរួចចាប់ចងជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធនិងកូន រួចធ្វើសកម្មភាពប្រមូលលុយកាក់និងគ្រឿងអលង្កាសរុបជិត៧ម៉ឺុនដុល្លា។លោកបន្តថា ជនរងគ្រោះមានឈ្មោះឆាន់ ឡៃសាងប្រុស អាយុ៤៣ឆ្នាំប្រពន្ធឈ្មោះប្លោក សុភាវីអាយុ៣៤ឆ្នាំ មុខរបរលក់មាស ប្តូរប្រាក់នៅ
ភូមិឃំុខាងលើ។លោកបន្តថា ករណីនេះជរងគ្រោះមិនមានរងរបួសធ្ងន់ធ្ងរនោះទេ។លោកបន្តថាជនរងគ្រោះបានប្រាប់ថា ក្រុមចោរមានគ្នា៣នាក់ បិទម៉ាសជិតមុខម្នាក់ឯ២នាក់មិនបិទនោះទេ ហើយម្នាក់ៗប្រដាប់ដោយកាំភ្លើងAKស្វៃបត់និងK៥៩ពីរដើម។
លោកបន្តថា ជនល្មើសគេចខ្លួនបាត់ដោយសាពួកគេចងជនរងគ្រោះជាប់ ។លោកបន្ថែមថា ករណីនេះកម្លាំងនគរបាល កំពុងតែស្រាវជ្រាវយ៉ាងល្អិតល្អន់ដើម្បីស្វែងរកចាប់ជនល្មើសយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។សូមរំលឹកថានេះគឺជាលើកទី១ហើយដែលមានករណីប្លន់អ្នកលក់មាសបានសំរេចក្នុងឆ្នាំ២០១៥នៅតំបន់ទេសចរសៀមរាបនេះ ៕




































