ខេត្តសៀមរាប៖ នៅចុងសប្តាហ៏នេះកងរាជអាវុធហត្ថប្រឆាំងគ្រឿងញៀនខេត្តបានចុះបង្ក្រាបករណីជួញដូរនូវសារធាតុញៀនឈានដល់ធ្វើការឆែកឆេរក្នុងផ្ទះជនសង្ស័យរកឃើញវត្ថុតាងជួញដូរគ្រឿងញៀនមួយចំនួនធំនិងធ្វើការឃាត់ខ្លួនបានស្ត្រីម្នាក់ជាម្ចាស់ផ្ទះនិងក្មួយជា
អ្នកជួញដូរដ៏ធំនៅក្នុងក្រុងសៀមរាបត្រូវបានរត់គេចខ្លួនបាត់ ។
ការចុះបង្ក្រាបបទល្មើសនេះនៅចំណុចក្នុងផ្ទះជនសង្ស័យ ក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាបដែលដឹកនាំដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត។
លោកវរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា កម្លាំងជំនាញបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើ រួចធ្វើការឆែកឆេក្នុងផ្ទះ ដែលមានម្ចាស់ឈ្មោះ ជា រាន់ ភេទស្រីអាយុ៤៤ឆ្នាំមុខរបរលក់ត្រីនៅផ្សារលើធំថ្មី ត្រូវបានតំណាងអយ្យការចោទពីបទ(សមគំនិតជាមួយក្មួយ)ជួញដូរ)ចំណែកក្មួយឈ្មោះ ហ៊ត់ សុរត្ន័ ភេទប្រុសអាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិកើតហេតុខាងលើ ត្រូវបានគេចខ្លួនបាត់។
លោកបន្តថា ក្រោយពេលឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញនាំយកមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដើម្បីធ្វើការដកហូតបាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៤៥កញ្ចប់ទម្ងន់៦៩,៦០ក្រាម,ទូរសព្ទ័ដៃ៣គ្រឿង,និងឧបករណ៍វេចខ្ចប់សម្រាប់ជក់មួយចំនួនធំផងដែរ។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធិច្បាប់៕ ដោយ គឿនវ៉េត



































