ក្រសួងទេសចរណ៍ បានបង្ហាញថា ៖ ត្រីមាសទី១ឆ្នាំ២០១៥នេះ ចំនួនភ្ញៀវទេសចរកូរ៉េជាប់ចំណាត់ថ្នាក់លេខរៀងទី៣ ក្នុងចំណោម១០ប្រទេសនៅអាស៊ី ដែលបានមកទស្សនាកម្ពុជា ! ជាមួយនឹងនិន្នាការភ្ញៀវទេសចរកូរ៉េនេះ មជ្ឈមណ្ឌលអាស៊ានកូរ៉េ បានបន្តការប្រើប្រាស់សេចក្តីព្យាយាមរបស់ខ្លួន ផ្តល់នូវចំណេះដឹងជាមូលដ្ឋាន ចំពោះប្រតិបត្តិករទេសចរណ៍ នៅតំបន់អង្គរ-សៀមរាប ដើម្បីរក្សានិរន្តរភាពភ្ញៀវទេសចរកូរ៉េ ចូលទស្សនាតំបន់អង្គរ កាន់តែច្រើនឡើង !
សៀមរាប ស្ថិតក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥នេះ នៅសណ្ឋាគារ Empress Angkor ក្រុងសៀមរាប បានបើកដំណើរការ អង្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីទេសចរណ៍ និង វប្បធម៌ អាស៊ាន-កូរ៉េ រយៈពេល២ថ្ងៃ ជូនដល់សិក្ខាកាម ដែលជាប្រតិបត្តិករទេសចរណ៍ មកពីបណ្តាសណ្ឋាគារ ភោជនីយ៍ដ្ឋាន និងទីតាំងបំរើសេវាកម្មជួរមុខនៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ។ សិក្ខាកាមទាំងអស់នេះ នឹងត្រូវទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាផងដែរ ក្រោយពេលដែលបានសិក្សាបញ្ចប់វគ្គ នៃអង្គសិក្ខាសាលានេះ ។
នាព្រឹកថ្ងៃបើកដំណើរការអង្គសិក្ខាសាលានេះ គេសង្គេតឃើញមានវត្តមានរបស់ឯកឧត្តម ឱក តារារិទ្ធិ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ម៉ៅ វុឌ្ឍី អភិបាលរងខេត្តសៀមរាបក្នុងនាមអាជ្ញធរដែនដី និង មានវត្តមានផងដែរ លោក គីម យុងស៊ុន អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ។
នៅក្នុងពិធីបើកអង្គសិក្ខាសាលានេះ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ( ឱក តារារិទ្ធិ ) បានសម្តែងនូវអំណរសាទរ និងគាំទ្រចំពោះមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ជាមួយនឹងការរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌អាស៊ាន-កូរ៉េ នៅខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍វប្បធម៌ដ៏ទាក់ទាញបំផុតរបស់កម្ពុជា ។ ឯកឧត្តម បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការរបស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ បាននាំមកនូវគម្រោងជាប្រយោជន៍ជាច្រើន ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍នៅកម្ពុជា ។
លោកបានលើកបញ្ជាក់ថា ៖ សិក្ខាសាលានេះ មិនត្រឹមតែបានផ្តល់ឱកាសឲ្យសិក្ខាកាម បានយល់ដឹងអំពីភាសា ប្រវត្តិសាស្ត្រ វប្បធម៌ របៀបនៃការរស់នៅ ប្រពៃណី ចរិតលក្ខណៈ និន្នាការកំណើនទេសចរកូរ៉េប៉ុណ្ណោះទេ តែវាត្រូវបានបង្កើតឡើងនូវយុទ្ធសាស្ត្រដ៏មានប្រសិទ្ធីភាព សម្រាប់ការអនុវត្តជាក់ស្តែង ព្រមទាំងបានធានានូវគុណភាពសេវាកម្មទេសចរកូរ៉េ ថែមទៀតផង ។
នៅក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តម ឱក តារារិទ្ធិ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបង្ហាញឲ្យដឹងថា ៖ មួយត្រីមាសដំបូងនៃឆ្នាំ២០១៥នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ១ ៣០៧ ៨៣៦ នាក់ កើនឡើង ៣.១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៤កន្លងទៅ ក្នុងនេះ ភ្ញៀវទេសចរជនជាតិកូរ៉េ ឈរក្នុងលំដាប់លេខរៀងទី៣ ដែលបានមកទស្សនាកម្ពុជា គឺមានចំនួន ១៥៩ ៨៦៧ នាក់ លើចំនួន១០ប្រទេស ក្នុងតំបន់អាស៊ី ។
បើទោះបីមាននិន្នាការភ្ញៀវទេសចរកូរ៉េ បន្តមានកំណើនក៏ដោយ តែការបើកដំណើរការអង្គសិក្ខាសាលានេះ គឺជាសក្ខីកម្ម នៃការខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ដើម្បីបំពេញនូវសេចក្តីត្រូវការ និងការចាប់អារម្មណ៍របស់ភ្ញៀវទេសចរកូរ៉េ ដូចជាចំណង់ចំណូលចិត្ត ភាពចាំបាច់ និង វិធីសាស្ត្រនៃការផ្គត់ផ្គង់សេវាដល់ពួកគេ ។
ខេត្តសៀមរាប គឺជាតំបន់វប្បធម៌ដែលប្រជាជនកូរ៉េស្រឡាញ់ ចូលចិត្ត និងមានការចាប់អារម្មណ៍ខ្លាំងមែនទែន ។ កាលពីឆ្នាំមុននេះ មានភ្ញៀវទេសចរកូរ៉េ ចូលមកទស្សនាអង្គរសៀមរាប ប្រមាណជាង ៣៥ម៉ុននាក់ ហើយសម្រាប់ ឆ្នាំ២០១៥នេះ ភ្ញៀវទេសចរកូរ៉េ មានចំនួនកាន់តែច្រើនឡើងថែមទៀត ។
តំបន់អង្គរវត្ត គឺជាតំបន់ប្រវត្តិសាស្ត្រនៃអរិយធម៌ វប្បធម៌ របស់កម្ពុជា ដែលមានភាពរុងរឿង និង ស្រស់បំព្រងមែនទែន ហើយក៏ជាសក្តានុពលនៃការទាក់ទាញភ្ញៀវកូរ៉េដ៏មានឥទ្ធិពលបំផុត ។
សិក្ខាសាលានេះ មានកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ហើយខ្ញុំគិតថា តាមរយៈនៃអង្គសិក្ខាសាលនេះ បើសិនជាភាគីកម្ពុជាអាចផ្តល់សេវាប្រកបដោយគុណភាព អីចឹងទៅ ! គឺទេសចរកូរ៉េ កាន់តែមកទស្សនាកម្ពុជាកាន់តែច្រើន ហើយទំនាក់ទំនងផ្នែកទេសចរណ៍កម្ពុជាកូរ៉េក៏កាន់តែប្រសើឡើង ផងដែរ ។
មជ្ឈមណ្ឌលអាស៊ានកូរ៉េ គឺជាអង្គការមួយដែលបង្កើតឡើង ដើម្បីផ្សារភ្ជាប់កិច្ចទំនាក់ទំនងសហប្រតិបត្តិការ រវាងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាមួយសាធារណរដ្ឋកូរ៉េ កាន់តែជិតស្និត ។
ប្រទេសកម្ពុជា គឺជាប្រទេសដែលមានការរីកចម្រើនលើវិស័យឧស្សាកម្មទេសចរណ៍យ៉ាងល្អប្រសើរ ហើយតាមរយៈនៃអង្គសិក្ខាសាលានេះ និងអង្គសិក្ខាសាលាជាបន្តបន្ទាប់ទៀត មជ្ឈមណ្ឌលអាស៊ានកូរ៉េ មានបំណងចែករំលែកបទពិសោធន៍ល្អៗ ទាក់ទងទៅនឹងវិស័យទេសចរណ៍ និងជម្រុញឲ្យមានភាពប្រកួតប្រជែងលើវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា និងចែករំលែកបច្ចេកទេស បច្ចេកវិទ្យា អំពីការផ្សព្វផ្សាយរកទីផ្សារទេសចរណ៍ ផងដែរ ។
ឥឡូវនេះ ទំនាក់ទំនងវិស័យទេសចរណ៍រវាងកម្ពុជានិងកូរ៉េ គឺល្អមែនទែន ហើយនៅខាងមុខនេះ យើងត្រូវបន្តការខិតខំប្រឹងប្រែងឲ្យការរីកចម្រើននេះ ប្រកបដោយនិរន្តរភាព ។
បច្ចុប្បន្ននេះ ស្រី្តកម្ពុជា បានរៀបអាពាហ៍ពិពាហ៍ជាមួយបុរសកូរ៉េច្រើនណាស់ ហើយប្រជាជនកូរ៉េ ក៏កំពុងខិតខំប្រឹងប្រែង សិក្សាស្វែងយល់អំពីវប្បធម៌របស់កម្ពុជាឲ្យកាន់តែបានច្រើន ហើយមជ្ឈមណ្ឌលអាស៊ានកូរ៉េ ក៏មានគម្រោងចែករំលែកការយល់ដឹងអំពីវប្បធម៌កូរ៉េ ជូនដល់ប្រជាជនកម្ពុជា ផងដែរ ៕ ដោយគឿនវ៉េត



































