ស្ទឹងត្រែង៖ ផ្សារក្នុងខេត្តស្ទឹងត្រែត្រូវបានអ្នកទេសចរណ៏ជាតិ និងប្រជាពលរដ្ឋក៏ដូចជាក្រុមអជីវករដែលធ្វើដំណើរនាំគ្នារិះគន់យ៉ាងខ្លាំងក្លាដល់ អ្នកគ្រប់គ្រងផ្សារ ពិសេសអាជ្ញាធរក្រុងមិនគួរបណ្តែតបណ្តោយឲ្យមានការលក់ដូរលើចិញ្ចើមផ្លូវ និងយកផ្លូវសាធារណៈផ្ញើរកង់ និង
ម៉ូតូលក់ត្រីធ្វើឲ្យដងផ្លូវកកស្ទះចរាចរគ្មានការទប់ស្កាត់។
បើតាមការលើកឡើងពីភ្ញៀវទេសចរណ៏បាននាំគ្នារិះគន់ថា ផ្សារនៅក្នុងទីរួមខេត្តស្ទឹងត្រែជាផ្សារមួយដែលជាប់ផ្លូវទេសចរជាតិ ឆ្លងកាត់អាជ្ញាធរនិងអ្នកគ្រប់គ្រងផ្សារដឹកតែទារភាស៊ីបើកដៃឲ្យអាជីវករយកទីតាំង នេះលក់ខោអាវ លក់ត្រី និងកន្លែងផ្ញើកង់ និងម៉ូតូ ដែលបានធ្វើឲ្យដងផ្លូវមួយនេះពិបាកធ្វើដំណើរទៅមក ដូចជាថ្ងៃបុណ្យជាតិ ក៏ដូចជាថ្ងៃធម្មតាកកស្ទះរាប់ឆ្នាំមកហើយគ្មានលទ្ធភាពរៀបចំឲ្យបាន ត្រឹមត្រូវនោះឡើយ។
ប្រភពខាងលើបានបញ្ជាក់ទៀតថាផ្លូវជុំវិញផ្សារដើមឡើយមានសាភាពតូចធ្វើអោយមានការកកស្ទះ តែពេលនេះ ទោះជាមានការអភិវឌ្ឍន៍ចាក់បេតុង អោយបានធំធូលាយក៏ដោយ ក៏នៅមានកកស្ទះដដែលដោយសាតែអាជ្ញាធរក្រុង ពុំបានរៀបចំសណ្តាប់ធ្នាប់ ។ក្នុងភាពកំពុងតែប្រឈមនឹងបញ្ហាកកស្ទះនេះ អ្នកគ្រប់គ្រងផ្សារបានបណ្តែតបណ្តោយ អោយគេយកផ្លូវសាធារណៈលក់ខោអាវ លក់ត្រីសាច់ ផ្ញើរកង់ ម៉ូតូ សូម្បីតែរថយន្តក៏ចតពេញផ្លូវជុំវិញផ្សារ ដោយមិនខ្វល់ពីការកកស្ទះខ្វះសណ្តាប់ធ្នាប់អ្វីឡើយ។
ចំពោះ បញ្ហាដូចខាងលើ ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៏បានរិះគន់ដល់អ្នកម៉ៅកន្លែងផ្ញើ ម៉ូតូ និងកន្លែងលក់ត្រីក្នុងផ្សារស្អុយដែលកំពុងយកដងផ្លូវធ្វើជាកន្លែងអាជីវកម្មប្រចាំថ្ងៃដោយមិនគិតពីផលលំបាកដល់មហាជន និងភ្ញៀវទេសចរណ៏សោះដូចជាការដាក់ផ្ញើពាសពេញផ្លូវតម្រៀបគ្នាជាច្រើនជួរធ្វើអោយផ្លូវកាន់តែតូចចង្អៀតជាដើម។
ដោយឡែកអាជីវករមួយចំនួនតូចដែលលក់ត្រីបានបញ្ជាក់ប្រាប់អោយដឹងថាការដាក់លក់លើដងផ្លូសាធារណៈនេះដោយសារក្នុងផ្សារគេដាក់ពេញទើបគ្មានកន្លែងលក់ អោយទៅលក់ផ្សារថ្មីលក់ដាច់ ទើបបានជាពួកគាត់មកលក់តាមចិញ្ចើមផ្លូវ ទើបទីតាំងជុំវិញផ្សារក្លាយជាកន្លែងគ្មានសណ្ដាប់ធ្នាប់ ព្រោះតែ អ្នកទទួលខុសត្រូវរៀបចំមិនបានល្អ។
ទាក់ទិន នឹងការរិះគន់សណ្ដាប់ធ្នាប់ជុំវិញបរិវេណផ្សារក៏ដូចជាការលក់ត្រី លក់ខោអាវ ផ្ញើរម៉ូតូ នៅតាមចិញ្ចើមផ្លូវត្រូវបានម្ចាស់វិនិយោកផ្សារប្រាប់អ្នកយកព័ត៍មានថាពេលនេះផ្សារថ្មីកំពុងសាងសង់ ក្រោយពីធ្វើការសាងសង់ផ្សារថ្មីរួចរាល់នៅខែខាងមុខលោកនឹងប្រមូលអោយអាជីវករចូលទៅលក់នៅផ្សារថ្មី ដើម្បីផុតពីការកកស្ទះនេះ។
ពាក់ព័ន្ធក្នុងករណីខាងលើលោកសួង ហ៊ីអភិបាលរងក្រុងស្ទឹងត្រែងប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទថា ចំពោះបញ្ហាអស់នេះ ខាងអាជ្ញាធរមានវិធានការណែនាំដល់ម្ចាស់ផ្សារ ក៏ដូចអាជីវករ រឿងផ្ញើរកង់ម៉ូតូនិងលក់លើផ្លូវសាធារណៈដែលធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់ តែពួកគាត់ហាក់បីដូចមិនចូលរួមសហការ ហើយលោកបានរាយការណ៍ទៅថ្នាក់លើហើយ លោករងចាំបញ្ជាតែប៉ុណ្ណោះ៕




































