ខេត្តព្រះវិហារ៖ប្រជាកសិកររាប់រយគ្រួសារមានការព្រួយបារម្ភខ្លាំងដោយសារក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចវិនិយោគវិស័យកសិកម្មចំនួន២នៅក្នុងស្រុកគូលែននិងស្រុកសង្គមថ្មីនៅតែមានមហិច្ឆតាដើរហាមឃាត់ជាមួយកងកំលាំងអាជ្ញាធរមូលដ្ឋានណែនាំមិនអោយប្រជាកសិករភ្ជួររាស់ធ្វើស្រែចំការខណះពេលរដូវស្សាបង្កបង្កើនផលមកដល់ដោយខាងតំណាងក្រុមហ៊ុននិយាយអះអាងថាធ្វើស្រែប៉ះពាល់លើដីវិនិយោគ។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅមូលដ្ឋានបានអោយដឹងនៅព្រឹកថ្ងៃទី២០ឧសភា២០១៥ថាដីធ្លីធ្វើស្រែចំការរបស់ពួកគាត់ជាដីកេរដំណែលពីដូនតាបន្សល់ទុកអោយកូនចៅជំនាន់ក្រោយធ្វើស្រែចំការចិញ្ចឹមជីវិតហើយនៅសុខៗបែរជាមានក្រុមហ៊ុនឯកជននិងកំលាំងអាជ្ញាធរស្រុកសង្គមថ្មីចុះមកហាមឃាត់ពួកគាត់មិនអោយធ្វើស្រែចំការទៅវិញ។
ប្រជាពលរដ្ឋបន្តថាថ្មីៗនេះមានតំណាងក្រុមហ៊ុនសិលាដាម៉ិចនិងក្រុមហ៊ុនអេបផលហ្វ័រខឹសនិងកំលាំងអាជ្ញាធរស្រុកសង្គមថ្មីបានចុះទៅភូមិក្តាក់ឃុំត្បែង២ស្រុកសង្គមថ្មីហាមឃាត់កសិករមិនអោយធ្វើស្រែចំការដោយអះអាងថាដីបង្កបង្កើនផលទាំងនោះជាដីក្រុមហ៊ុនត្រូវវិនិយោគ។តាមរយះការចុះហាមឃាត់នេះបានធ្វើអោយកសិកររាប់រយគ្រួសារមានការព្រួយបារម្ភខ្លាំងគឺចេះតែដេកមិនលក់បក់មិនល្ហើយភ័យខ្លាចក្រុមហ៊ុនទាំង២នេះប្រើអំណាចរឹបអូសយកដីស្រែចំការរបស់ពួកគាត់ប្រៀបដូចបំផ្លាញជីវិតរបស់ពួកគាត់ព្រោះរាល់ថ្ងៃរស់នៅដោយសារធ្វើស្រែចំការដើម្បីផ្គត់ផ្គង់កសាងជីវភាពរស់នៅ។
កសិករមួយរូបបានអោយដឹងថាប្រជាកសិករទាំងអស់ដែលទទួលរងគ្រោះដីធ្លីពីសំណាក់ក្រុមហ៊ុនទាំង២ខាងលើនឹងធ្វើលិខិតផ្លូវការមានផ្ដិតស្នាមមេដៃដើម្បីតវ៉ាទាមទាររក្សាការពារដីស្រែរបស់ខ្លួនមិនអោយបាត់បង់ទ្បើយដើម្បីដាក់ជូនការិយាល័យសភាតំណាងរាស្ដ្រខេត្តព្រះវិហារនិងរាជរដ្ឋាភិបាលតាមរយះក្រសួងពាក់ព័ន្ធអោយជួយដោះស្រាយរកយុត្តិធម៌ជូនពួកគាត់ដែលជាប្រជាកសិករស្លូតត្រង់ទន់ខ្សោយ។កាលពីឆ្នាំ២០១៣ដីធ្លីបង្កបង្កើនផលរបស់ពួកគាត់ត្រូវក្រុមនិសិត្សស្ម័គ្រចិត្តវាស់វែងដីធ្លីបានធ្វើការវាស់វែងដោយប្រើឧបករណ៍ទំនើបជីភីអេសកាត់ឃ្លៀលចេញពីដីក្រុមហ៊ុនជូនពួកគាត់រួចហើយ។កសិករនៅទូទាំងភូមិក្ដាក់ជឿជាក់មុតមាំថារាជរដ្ឋាភិបាលកម្ពុជានឹងការពារបំរើផលប្រយោជន៍ជូនប្រជាកសិករមិនអោយក្រុមហ៊ុនរឹបអូសយកដីស្រែរបស់ពួកគាត់ទ្បើយជាពិសេសប្រជាកសិករនឹងទទួលបានយុត្តិធម៌ធ្វើជាម្ចាស់កម្មសិទ្ធគ្រប់គ្រងដីស្រែចំការដដែល។ប្រភពព័ត៌មានពីមន្ដ្រីជំនាញមេព្រៃខ្លះដែលស្និទ្ធជាមួយអ្នកសារព័ត៌មានបានអោយដឹងថាក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឈ្មោះអេបផលហ្វ័រខឹស(APPLESFORCUSCO,.LTD)ទទួលបានអាជ្ញាប័ណ្ណវិនិយោគពីរាជរដ្ឋាភិបាលកម្ពុជាជាង១០ឆ្នាំមកហើយលើផ្ទៃដីរដ្ឋប្រមាណ៩ពាន់ហិកតាក្នុងស្រុកសង្គមថ្មី។ប៉ុន្តែមកដល់ពេលនេះទៅហើយមិនបានឃើញខាងក្រុមហ៊ុនមួយនេះចំណាយដើមទុនដុំកំភួនធ្វើការអភិវឌ្ឍន៍ឈូសឆាយដាំដុះអ្វីទេតាមផ្លូវច្បាប់រដ្ឋត្រូវដកហូតយកផ្ទៃដីវិនិយោគបង្កកទុកចោលទាំងនោះមកគ្រប់គ្រងវិញ។
អ្នកសារព័ត៌មានមិនអាចជួបទំនាក់ទំនងសុំការបំភ្លឺពីក្រុមហ៊ុនសាមីទាំង២ខាងលើបានទេថាតើសំអាងលើហេតុផលអ្វីបានជាខាងក្រុមហ៊ុនបញ្ជូនបុគ្គលិកនិងកងកំលាំងសន្ដិសុខក្រុមហ៊ុនរួមទាំងកងកំលាំងអាជ្ញាធរស្រុកសង្គមថ្មីយ៉ាងតក់ក្រហល់សរុបជាច្រើននាក់ចុះទៅហាមឃាត់កសិករដែលមានមូលដ្ឋាននៅភូមិក្ដាក់មិនអោយមានសិទ្ធធ្វើស្រែលើដីរបស់ខ្លួនទ្បើយ។អ្នកសារព័ត៌មានរង់ចាំទទួលនូវសេចក្ដីបំភ្លឺពីខាងក្រុមហ៊ុនទាំង២ខាងលើជានិច្ចនៅពេលបានជ្រាបពីព័ត៌មានចុះផ្សាយនេះ៕
មង្គល



































