បន្ទាយមានជ័យៈ ប្រជាពលរដ្ឋរស់នៅជំវិញតំបន់ភ្នំព្រះ ស្រុកថ្មពួក ខេតត្តបន្ទាយមានជ័យ ដែលជាតំបន់ព្រៃក្រាស សំបូរទៅដោយសត្វព្រៃ និងបឹងធម្មជាតិដ៏ធំ បច្ចុប្បន្នសល់តែព្រៃសហគមន៍ បានធ្វើការចោទប្រកាន់ទៅលើអាជ្ញាធរឃុំ និងមន្ត្រីរដ្ឋបាលព្រៃឈើថាបានតែផ្សព្វផ្សាយដដែល ៗ តាមទីវត្តអារាម អោយពលរដ្ឋចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ និងនេសាទខុសច្បាប់ តែបែរជាខ្លួនឯងវិញទោះបីជាមានការកាប់ព្រៃ ដឹកឈើតាមផ្លូវអស់ឈើពីព្រៃភ្នំ និងឆក់ត្រីយ៉ាងណាក៏ដោយ ក៏ពុំមានការបង្ក្រាបឡើយ ។
ការលើកឡើងដូច្នេះធ្វើឡើងក្នុងវេទិ “ការរៀនសូត្រស្តីពីការចូលរួមគ្រប់គ្រង និងអភិរ្សព្រៃសហគមន៍អោយមាននិរន្តរភាព” ក្រោមការរៀបចំដោយអង្គការក្រុមទ្រទ្រង់ភូមិ (VSG) កាលពីម្សិលមិញ នៅភូមិតាសៀវ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ វេទិការនេះមានការចោទសួរ និងឆ្លើយពីសំណាក់នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មពួក និងលោកមេឃុំគោកកឋិន ព្រមទាំងប្រធានសហគមន៍ភ្នំព្រះ និងប្រជាពរដ្ឋក្នុងឃុំជាច្រើននាក់ ។
ទន្ទឹមនិងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើលោក សាយ ធាវី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មពួក ដែលត្រូវបានពលរដ្ឋចោទសួរថា ឈើកាប់និងព្រៃហើយដឹកតាមគោយន្ត តាមថ្នល់ មិនមែនតាមផ្លូវអាកាស ក្នុងមួយថ្ងៃបួនដប់គោយន្តហេតុអ្វីមិនបង្ក្រាប គឺដោយសារតែកំលាំងរដ្ឋបាលព្រៃឈើមានតែបីបួននាក់មិនអាចដាក់កំលាំងចាំគ្រប់ផ្លូវដើម្បីបង្ក្រាបឡើយ ហើយលោកក៏ទទួលស្គាល់ថា ពិតជាមានបទល្មើសព្រៃឈើកើតឡើងនៅពេលយប់ដែលលោកមិនអាចបង្ក្រាបបាន ។ ចំណែកលោក ណង ប៊ុនឈី មេឃុំគោកកឋិនវិញ បានឆ្លើយតបថា បទល្មើសនៅតែមានតែការបង្ក្រាបនៅតែបង្ក្រាប ដោយលោកលើឧទាបរណ៍ដូចបទល្មើសគ្រឿងញៀនសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់តែអ្នកប្រើប្រាស់នៅតែមាន ។
លោក ស៊ឹម សំរ៉ាន មន្ត្រីជាន់ខ្ពស់របស់អង្គការទ្រទ្រង់ភូមិអោយដឹងដែរថា កម្មវិធីនេះឧបត្ថមដោយ អង្គការ Forum syd ហើយការយកទីតាំងនេះធ្វើកម្មវិធីដោយសាតែសហគមន៍ភ្នំព្រះរងការកាប់បំផ្លាញព្រៃឈើ និងនេសាទខុសច្បាប់ ហើយម្យ៉ាងទៀត អ្វីដែលបងប្អូនប្រជាពលរដ្ឋលើកឡើង និងការឆ្លើយតបរបស់អាជ្ញាធរ និងមន្ត្រីជំនាញ វាអាចធ្វើអោយពលរដ្ឋកាន់តែយល់ច្បាប់ អស់កង្វល់ទៅលើបញ្ហាធនធានធម្មជាតិ ព្រៃឈើ និងជលផល និងច្បាប់មួយចំនួន ធ្វើអោយបទល្មើសទាំងឡាយថយចុះ ។
សូមបញ្ជាក់ថា តំបន់ព្រៃភ្នំព្រះត្រូវបានរងការកាប់ទន្ទ្រានយកឈើ និងដីក្លាយជាស្រែចម្ការ ពីសំណាក់ អ្នកមានអំណាច មានលុយ ឃុបឃិតជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រដាប់អាវុធ និងជំនាញ មុននិងក្រោយគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លីរបស់រដ្ឋាភិបាល ។ ជាពិសេស ២ឆ្នាំចុងក្រោយនេះសកម្មភាពទាហ៊ាន បានទន្ទ្រានយកដីព្រៃថា ធ្វើជាទីតាំងទ័ពបែរជាបច្ចុប្បន្នលក់អោយពលរដ្ឋទៅជាចម្ការដំឡូងអស់ ៕