បាត់ដំបង: បើទោះបីជាបច្ចុប្បន្នធ្យូងត្រូវបានកាត់បន្ថយក្នុងការនាំឆ្លងដែនចូលទៅក្នុងទឹកដីថៃតាមច្រក400 លើទឹកដីស្រុកសំឡូតយ៉ាងណាក៏ដោយ ក៏អនុផលព្រៃឈើមួយចំនួននៅតែមានសកម្មភាពសំរុកនាំចេញតាមច្រកតំបន់នេះដដែល ដូចជាផ្តៅ និងផ្លែសោម ជាដើមដោយតំលៃនៅលើទីផ្សារកំពុងតែឈរនៅលើកំរិតមួយដ៏ខ្ពស់ធ្វើអោយប្រជាពលរដ្ឋខ្មែរនាំគ្នាលុកចូលព្រៃដើម្បីប្រមូលអនុផលព្រៃឈើទាំងនេះយកទៅលក់អោយឈ្មួញថៃយ៉ាងពពាក់ពពូនផងដែរ។គួរបញ្ជាក់ដែរថា កន្លងមកធ្យូងដែលជាការកែច្នៃមកអំពីឈើត្រូវបានគេនាំចេញទៅ ប្រទេសថៃទាំងយប់ទាំងថ្ងៃគួរអោយកត់សំគាល់ ដែលការផលិតធ្យូងនេះបានមកពីការកាប់បំផ្លាញព្រៃឈើតែម្តង ហើយនៅក្នុងភូមិសាស្ត្រស្រុកសំឡូតគឺមានឈ្មួញធំៗដែលក្នុងនោះទំនងជាមាន ភាគហ៊ុនជាមួយនឹងអាជ្ញាធរស្រុកផង បានប្រមូលទិញធ្យូងដោយបើកដៃអោយរថយន្តធំៗរបស់ថៃ ចូលមកតាមច្រក400 ដែលជាច្រកតំបន់ទើបនឹងបង្កើតថ្មី មកដឹកដល់កន្លែងស្តុកតែម្តង ហើយម្យ៉ាងទៀតច្រកនេះគឺក្នុងមួយសប្តាហ៍បើកអោយចេញចូលតែ5ថ្ងៃប៉ុណ្ណោះដោយចាប់ពីថ្ងៃពុធដល់ថ្ងៃអាទិត្យនិងចាប់ពីម៉ោង7ព្រឹកដល់ម៉ោង6ល្ងាច។មិនត្រឹមតែធ្យូងប៉ុណ្ណោះទេ ចំពោះផ្តៅក៏គេសម្រុកនាំចេញដែរ ដែលប្រភេទឈើ និងរល្លិ៍នេះក៏បាន
សម្លាប់ជីវិតប្រជាពលរដ្ឋមិនតិចដែរដោយសារតែពួកគាត់បានរុកចូលព្រៃជ្រៅៗធ្វើអោយជាន់ នឹងគ្រាប់មីន ឬក៏ត្រូវទាហានថៃបាញ់សម្លាប់ ដោយសារតែពួកគាត់ចូលទៅផុតពីព្រំដែនកម្ពុជា។ហើយកាលនោះប្រភេទផ្លែសម្រងក៏ពេញនិយមខ្លាំងសម្រាប់ជនជាតិថៃក្នុងការប្រមូលទិញផ្លែនេះដូច្នេះអ្នកបេះផ្លែនេះចាំបាច់ត្រូវតែកាប់បំផ្លាញដើមដើម្បីប្រមូលយកផ្លែ ដែលបច្ចុប្បន្នធ្វើអោយដើមឈើនេះស្ទើរតែវិនាសហិនហោចទៅហើយ។បច្ចុប្បន្នក៏ស្រាប់តែលេចចេញនូវផ្លែរុក្ខជាតិម្យ៉ាងទៀតដែលមានឈ្មោះ”ផ្លែសោម” ដោយថៃកំពុងតែប្រមូលទិញមិនខុសពីផ្លែសម្រងនោះឡើយក្នុងតម្លៃមួយគីឡូក្រាម42.000រៀល។ទោះបីជារុក្ខជាតិនេះមានដើមជាប្រភេទវល្លិ៍ក៏ដោយ ក៏អ្នកដែលត្រូវការផ្លែចាំបាច់ត្រូវតែកាប់ដើមឈើណាដែលវល្លិ៍នេះឡើងទៅខ្ពស់ៗដែរ នេះហើយគឺជាការកាប់បំផ្លាញព្រៃឈើដោយមិនដឹងខ្លួនដើម្បីប្រមូលយកផលនៃអនុផលព្រៃឈើ។ថ្មីៗនេះរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ្របមាញ់និងនេសាទ្រ បានប្រកាសយ៉ាងដាច់ខាតថាមិនអនុញ្ញាតិអោយមានការនាំចេញធ្យូងទៅកាន់ប្រទេសជិតខាងឡើយ ហើយអ្នកដែលនាំចេញនឹងត្រូវទទួលទោទៅតាមផ្លូវច្បាប់។ដោយសារមានការប្រកាសបែបនេះហើយបានជាមួយរយ:ខ្លីនេះ ការដឹកនាំធ្យូងចេញទៅប្រទេសថៃហាក់បីដូច
ជាស្ងប់ស្ងាត់ ប៉ុន្តែនៅវេលាម៉ោងប្រហែលរំលងអាធ្រាត ឈានចូលថ្ងៃទី16-5-15នេះមានប្រជាពលរដ្ឋដែលរស់នៅម្តុំស្ពានវែងបានរាយការមកថា គេបានឃើញមានរថយន្តកង់ដប់របស់ថៃដែលមានដឹកធ្យូងពេញបានធ្វើដំណើរឆ្លងស្ពានវែងឆ្ពោះទៅទិសច្រក400 តែមិនដឹងថាគេអាចចរចារជាមួយភាកីថៃឆ្លងដែនបានឬក៏អត់នោះទេ ចំណែកគោយន្ត និងគោយន្តច្នៃដែលមានដឹកឈើជន្លង់ម្រេចក៏កំពុងសម្រុកដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេងណាស់ដែរ ដែលគេសំអាងថាជារបស់ ប្រជាពលរដ្ឋដឹកយកទៅប្រើប្រាស់ ប៉ុន្តែរឿងដែលបានកើតឡើងនាពេលថ្មីៗនេះក៏មិនខុសពីលើកនេះដែរព្រោះពេលដែលសមត្ថកិច្ចចាប់ឈើទាំងនោះដើម្បីបញ្ជូនទៅអោយកំលាំងបរិស្ថានដែលភ្នំសំកុះស្រាប់តែលេចមុខមេឈ្មួញដ៏ធំដែលជាភរិយារបស់លោកមេបញ្ជាការរងប៉េអឹមស្រុកសំឡូតចេញមុខ មកកាងតែម្តង ព្រមទាំងបានមើលងាយមើលថោក និងប្រមាថយ៉ាងចាស់ដៃទៅលើសមត្ថកិច្ចថែមទៀតនេះដោយសារតែគេបានលេសមួយដែលលោកអភិបាលស្រុកអនុញ្ញាតិអោយដឹកបានក្នុងការយកទៅប្រើប្រាស់នៅក្នុងស្រុក តែធាតុពិតមេឈ្មួញឈើដ៏ធំនេះបានរកសុីដឹកចេញទៅចែកចាយនៅស្រុកសំពៅលូន ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យឯណោះ។ប្រភពនានាបានលើកឡើងថា តាំងពីបើកច្រកតំបន់400មកគឺអ្នកមានអំណាច និងមេឈ្មួញធំៗមួយចំនួននៅក្នុងស្រុក អាចគ្រប់ទឹកតែម្តង ដោយសារតែមានឈ្មួញម្នាក់ជាជនជាតិថៃឈ្មោះ”ម៉ជុយ” ជាអ្នកឈរជើងចាំទទួលទិញផល និងអនុផលទាំងនេះនៅក្នុងទឹកដីថៃស្រាប់៕




































