បាត់ដំបង: ក្រុមហ៊ុនប្រមូលភោគផលរ៉ែក្រោមដីមួយកំពុងទន្ទ្រាន និងបំផ្លាញព្រៃភ្នំយ៉ាងពេញទំហុឹងដើម្បីធ្វើការបំផ្ទុះ និងប្រមូលយកប្រភេទថ្មព៌ណ បន្ទាប់ពីក្រុមហ៊ុនដែលគ្រប់គ្រងដោយលោកឧកញ៉ាដ៏ក្មេងខ្ចីម្នាក់នេះ បានសំងំប្រមូលយកភោគផលថ្មកែវស្ទើរតែអស់មួយចំហៀងភ្នំរួចមក ដែលធ្វើអោយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមានការថ្នាំងថ្នាក់ចិត្តយ៉ាងខ្លាំងទៅនឹងការបំផ្លាញព្រៃឈើលើភ្នំដែលកន្លងមកពួកគាត់នៅក្នុងសហគមន៍ទាំងអស់គ្នាបានខិតខំប្រឹងប្រែងថែរក្សានិងអភិរក្សយ៉ាងស្រស់បំព្រង ប្រកបដោយព៌ណខៀវស្រងាត់ បែរជាក្លាយជាវាលរហោស្ថានទៅវិញ។គួររំលឹកដែរថា កន្លងមកក្រុមហ៊ុនមួយនេះបានទៅបោះទីតាំងនៅតាមបណ្តោយជួរភ្នំ150ស្ថិតនៅត្រង់ចំនុចក្បែវត្តគិរីសិលាកែវ ដោយបានដាក់គ្រឿងចក្រ និងម៉ាសុីនកែច្នៃទៅទន្ទ្រានលើខ្នងភ្នំព្រមទាំងបានធ្វើការបំផ្ទុះគ្រាប់បំបុើងថ្មដើម្បីប្រមូលយកថ្មម្យ៉ាងដែលគេហៅថា” ថ្មកែវ ” ពីលើខ្នងភ្នំទំលាក់មកក្បែជើងភ្នំដើម្បីកែច្នៃនៅទីតែម្តង និងបានធ្វើអោយប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងតំបន់នោះបញ្ចេញនូវប្រតិកម្មយ៉ាងខ្លាំងដោយសារតែការបំផ្ទុះគ្រាប់ បានធ្វើអោយដុំថ្មហោះបុើងរាយប៉ាយ
ទៅលើលំនៅដ្ឋានរបស់ពួកគាត់ មានន័យថាវាអាចធ្វើអោយគ្រោះថ្នាក់ដល់អាយុជីវិតបាន។ម្យ៉ាងវិញទៀត ព្រៃភ្នំនៅក្នុងតំបន់នេះគឺប្រជាពលរដ្ឋទាំងអស់នៅក្នុងសហគមន៍បាននាំគ្នាថែរក្សា ដោយមិនមាននរណាម្នាក់ហ៊ានប៉ះបាល់ ឬកាប់បំផ្លាញឡើយ តែឥឡូវបានប្រែក្លាយជាវាលរហោស្ថានអស់ទៅហើយ ព្រោះថ្មកែវដែលមានកម្រាស់ដូចជញ្ជាំងវិហារត្រូវបានគេគាស់រំលើងដោយគ្រឿងចក្រ ហើយប្រមូលយកទៅកែច្នៃស្ទើរគ្មានសល់។
បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែតំបន់នោះបានប្រាប់កម្ពុជាថ្មីថា ប្រមាណជា3ទៅ4ខែកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែក្រោមដីនេះបានលើកគ្រឿងចក្រចេញពីជួរភ្នំ
150 ដោយយកទៅដាក់នៅមួយកន្លែងទៀតដែលស្ថិតនៅលើជួរភ្នំអម្ពរ គឺនៅខាងលិចឆៀងខាងត្បូងមានន័យថានៅខាងក្រោយភ្នំតាគ្រាម ស្ថិតក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងដោយនៅទីនោះគេបានបោះទីតាំងយ៉ាងរឹងមាំ ព្រោះបច្ចុប្បន្នគេកំពុងបុកគ្រឹះដើម្បីតំឡើងគ្រឿងចក្រកែច្នៃថ្មព៌ណដែលគេគាស់កកាយយកបានពីក្នុងភ្នំ ព្រោះនៅ
ទីតាំងថ្មីនេះមានភោគផលរ៉ែជាប្រភេទថ្មព៌ណផ្កាត្របែកព្រៃ ដែលការរុករក និងកែច្នៃនេះវាមិនខុសអីនិងការកែច្នៃថ្មកែវនោះឡើយ គឺគេបានកាត់ជ្រៀកជាដុំៗបួនជ្រុងធំៗទំលាក់ពីលើខ្នងភ្នំដើម្បីយកមកកែច្នៃផែជាផ្ទាំងៗសម្រាប់នាំចេញ។ទីតាំងថ្មីនេះក៏មិនធម្មតាឡើយ ដោយសារតែក្រុមហ៊ុនបានវាទទីទៅលើទីធ្លាយ៉ាងធំសម្រាប់បំពាក់គ្រឿងចក្រកែច្នៃ ដែលជាការបំផ្លាញយ៉ាងធ្ងន់ធ្ងរទៅលើព្រៃឈើ និងបំផ្លាញតួភ្នំយ៉ាងចាស់ដៃដែលអនាគតភោគផលរ៉ែធម្មជាតិក្រោមដីប្រាកដជារលាយជាមិនខាន ដោយសារតែលោកឧកញ៉ាដ៏
ក្មេងខ្ចីប្រចាំខេត្តបាត់ដំបងនេះ ហើយនៅក្នុងតំបន់ដែលគេកំពុងធ្វើអាជីវកម្មនេះគ្មានសមត្ថកិច្ច ឬក៏អាជ្ញាធរណាមួយហ៊ានចេញមុខក្អកឡើយ ដោយឡែកចំពោះលោកប្រធានមន្ទីររ៉ែ និងថាមពល គឺមានតែពាក្យថាមិនសូវដឹងតែប៉ុណ្ណោះរាល់ពេលដែលកម្ពុជាថ្មីធ្វើការសម្ភាសន៍ម្តងៗ គឺហាក់បីដូចជាជួយលាក់បំពួននូវភាពមិនប្រក្រតីយ៉ាងដូច្នេះដែរ តាំងពីការរុករករ៉ែមាសនៅឯស្រុកភ្នំព្រឹកក៏ដូចគ្នាដែរអោយតែយ៉ាងដូច្នេះមែននោះ តទៅមុខអ្វីដែលពាក់ព័ន្អទៅនឹងជំនាញរ៉ែ និងថាមពល ប្រាកដជារលាយហិនហោចជាក់ជាមិនខាន៕




































