បាត់ដំបង: មានប្រជាពលរដ្ឋប្រមាណជិតមួយរយនាក់ដែលមកពីភូមិចំនួនបួនក្នុងស្រុកបាណន់បានមករារាំងដល់ការធ្វើអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុនមួយ ព្រមទាំងបានបោះបង្គោលធ្វើជាក្លោង កាលពីព្រឹកថ្ងៃទី19-5-15 នៅចំកណ្តាលច្រកចេញចូលរបស់ក្រុមហ៊ុន ដែលបានដឹកខ្សាច់ចេញទៅ លើផ្លូវធំ ដោយសារតែបានបង្ក អោយមានផលប៉ះពាល់ដល់ការបាក់ជ្រាំងស្ទឹងផង និងអាចប៉ះពាល់ដល់ផលដំណាំនៅតាមមាត់ស្ទឹង ផងត្រង់ចំនុចភូមិថ្មីឃុំកន្ទឺ1 ស្រុកបាណន់ ខេត្តបាត់ដំបង។លោកម៉ៅ រុឺត ជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិថ្មីបានរៀបរាប់ថា រយ:ពេលប៉ុន្មានថ្ងៃហើយដែលប្រជាពលរដ្ឋមានការជួបជុំពិភាក្សាគ្នាអំពីក្រុមហ៊ុនដែលមកធ្វើអាជីវកម្មបូមខ្សាច់នៅក្នុងស្ទឹងសង្កែប្រហែលជិតមួយខែមកនេះគឺអាចបង្កនូវភាពប៉ះពាល់មួយចំនួនដូចជា ការខូចខាតផ្លូវលំនៅក្នុងភូមិបង្កអោយមានការបាក់ជ្រាំងស្ទឹងនៅរដូវទឹកជំនន់ ព្រមទាំងប៉ះពាល់ដល់ផលដំណាំរបស់ ្របជាពលរដ្ឋដែលរស់នៅសងខាងស្ទឹងថែមទៀតផង ដូច្នេះហើយបានជាមានប្រជាពលរដ្ឋដែលមកពីភូមិចំនួនបួន
គឺភូមិថ្មី ភូមិចង្ហូរថ្ម ភូមិស្វាយព្រៃ និងភូមិទួលអណ្តែត មករារាំងមិនអនុញ្ញាតិអោយក្រុមហ៊ុននេះបន្តអាជីវកម្មរបស់ខ្លួនទៀតឡើយ ម្យ៉ាងវិញទៀតក្រុមហ៊ុននេះមានច្បាប់អនុញ្ញាតិត្រឹមតែថ្នាក់ស្រុកតែប៉ុណ្ណោះដោយមិនទាន់មានអាជ្ញាប័ណ្ណស្របច្បាប់ដែលចេញពីមន្ទីរជំនាញ
នៅឡើយទេ។ប៉ុន្តែទោះបីជាប្រជាពលរដ្ឋបានយកបង្គោលទៅបោះនៅកណ្តាលផ្លូវដើម្បីទប់ស្កាត់មិនអោយរថយន្តដឹកខ្សាច់ធ្វើដំណើរយ៉ាងណាក៏ដោយ ក៏ក្រុមនេះបានដកបង្គោលនោះចេញហើយបន្តការបើកបរទាំងងងើលតែម្តង។ដោយមើលឃើញនូវបញ្ហាបែបនេះទើបនៅព្រឹកថ្ងៃទី19នេះលោកមេភូមិវុិត វុធ បានដឹកនាំកំលាំងប្រជាពលរដ្ឋមួយចំនួនចុះទៅបោះបង្គោលជាក្លោងយ៉ាងរឹងមាំ ហើយបានប្រកាសថាអ្នកណាហ៊ានដកអ្នកនោះត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់។នៅក្នុងក្រុមហ៊ុននេះគឺមានបងប្អូនបង្កើតចំនួនបីនាក់ដែលមានស្រុកកំណើតនៅខេត្តមណ្ឌលគិរីដែលមានឈ្មោះមុយ សុភក្តិ (បងប្រុសទី1) មុយ ថានិត (ប្អូនបន្ទាប់) និងមុយ ថានីន (ប្អូនប្រុសពៅ)ដែលគេបានលើកឡើងក្នុងន័យគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនថា ទន្ទឹមនឹងការរារាំងរបស់ប្រជាពលរដ្ឋនេះ គឺ អាជ្ញាធរស្រុកបានកោះហៅអោយ
ឡើងទៅជួបដោយបានណែនាំអោយឡើងទៅសុំការអនុញ្ញាតិពីមន្ទីររ៉ែ និងថាមពលសិនដើម្បីអោយជំនាញចុះទៅត្រួតពិនិត្យ និងសិក្សាត្រង់ចំនុចនេះ ដូច្នេះនៅថ្ងៃទី20 គេនឹងឡើងទៅជួបនឹងមន្ទីរជំនាញហើយ។ជួបជាមួយកម្ពុជាថ្មីលោកមុយ សុភក្តិ បានលើកឡើងថា ការធ្វើអាជីវកម្មនេះគឺទើបតែមានការអនុញ្ញាតិត្រឹមស្រុកតែប៉ុណ្ណោះ ម្យ៉ាងវិញទៀតការធ្វើអាជីវកម្មនេះគឺបានប្រហែលជិតមួយខែកត្រូវប្រជាពលរដ្ឋមករារាំងតែម្តង ។លោកមុយ សុភក្តិ បាននិយាយបែបងាយៗថា បើការបូមខ្សាច់នេះមានការបាក់ដីដែលនៅសងខាងស្ទឹង នោះគេជាអ្នកទទួលខុសត្រូវ ប៉ុន្តែចំពោះបញ្ហាដែលកើតឡើងនៅពេលខាងមុខនោះគេមិនទទួលខុសត្រូវឡើយ។ពាក្យមួយប្រយោគនេះគឺមានន័យថាម្ចាស់ក្រុមហ៊ុនស្គាល់តែផលប្រយោជន៍ខ្លួនឯងតែប៉ុណ្ណោះ ព្រោះនៅពេលនេះទឹកស្ទឹងស្រកវាមិនអាចបាក់បានទេ ប៉ុន្តែនៅពេលខាងមុខ
ដែលទឹកស្ទឹងជន់ជោរនោះជ្រាំងស្ទឹងទាំងសងខាងប្រាកដជាបាក់ជាមិនខាន គឺចំពេលដែលក្រុមហ៊ុនដកចេញអស់បាត់ទៅហើយ តើពាលនោះអ្នកណាជាអ្នកទទួលខុសត្រូវ?
បញ្ហានេះក៏មានប្រភពជាច្រើនបានធ្វើការរិះគន់ទៅលើអាជ្ញាធរ និងអង្គភាពជំនាញយ៉ាង
ចាស់ដៃផងដែរ ព្រោះការធ្វើអាជីវកម្មនេះវាមានរយ:ពេលសឹងតែមួយខែទៅហើយ ដោយគ្មានច្បាប់ទំលាប់ត្រឹមត្រូវ តែគ្មាននរណាម្នាក់ចេញមុខទៅរារាំងបន្តិចណាសោះ ទាល់តែប្រជាពលរដ្ឋផ្ទុះកំហឹងទើបអាជ្ញាធរចេញមុខធ្វើរត់ឆ្លេរឆ្លានឹងគេដែរ រីឯអង្គភាពជំនាញក៏គ្មានដឹងខ្យល់អ្វីបន្តិចទាល់តែសោះ ដែលទុកអោយគេធ្វើទៅតាមទំនើងចិត្ត។តាមការស្ទង់មតិពីប្រជាពលរដ្ឋ បើទោះបីជាមន្ទីររ៉ែ និងថាមពលព្រមចេញអាជ្ញាប័ណ្ណដោយមិនបានសិក្សាអំពីផលប៉ះបាល់ទេនោះ ក៏ប្រជាពលរដ្ឋនៅតែជំទាស់និងធ្វើការរារាំងដដែល ដោយមិនអាចរកច្រកចេញបាននោះទេ៕




































