ភ្នំពេញ៖ ជនសង្ស័យពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់និងម្នាក់ទៀតរត់គេចខ្លួនបន្តពីពួកគេបានសកម្មភាព ឆក់ទូរស័ព្ទម៉ាកអាយហ្វូន 5S ពីនារីម្នាក់កំពុងជិះម៉ូតូកង់បីជាមួយប្អូន បានសម្រេចហើយព្យាយាមជិះម៉ូតូគេចខ្លួនតែដោយសំណាងអាក្រក់ក៏បានបើកម៉ូតូជ្រុលទៅបុកនិង
រថយន្តមួយគ្រឿងទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន កាលពីវេលាម៉ោង២និង៥០ នាទីរសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ នៅចំណុចផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ ៧មករា ។
តាមការឲ្យដឹងពី នគរបាលប៉ុស្តិ៍មនោរម្យ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាន់ រូស្សា អាយុ២១ឆ្នាំ មានទីលំនៅផ្ទះលេខ១៦០Eo សង្កាត់ផ្សារ កណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំណែកសង្ស័យមានឈ្មោះ អ៊ូ សុផាន់ ភេទប្រុស អាយុ២៨ឆ្នាំ ធ្វើការនៅហាងខារ៉ាអូខេម្តុំផ្សារតាប៉ាង ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជ ធានីភ្នំពេញ ជិះម៉ូតូម៉ាកស្តេប ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1G-9115 ។ ក្រោយកើតហេតុ សមត្ថកិច្ចដេញតាមឃាត់ខ្លួនបានម្នាក់ រីឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។ បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងចាត់ការបន្ត ចំណែកទូរស័ព្ទដែល ដកហូតពីជនសង្ស័យត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ៕