ឧត្តរមានជ័យ៖កាលពីវេម៉ោង១០និង៣៥នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ សមត្ថកិច្ចប៉ូលិសថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន២នាក់មកឲ្យសមត្ថកិច្ចកម្ពុជាវិញតាមច្រកអន្តរជាតិជាំសាងុាំ ទាក់ទិននិងពលរដ្ឋខ្មែរទាំង២នាក់នោះលបលួលឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្រញូងក្នុងទឹកដីថៃ ហើយក៏ត្រូវក្រុមទាហានឈុតខ្មៅថៃ ចាប់ឃាត់ខ្លួនបញ្ជូនទៅដាក់គុកនៅប្រទេសគេជាច្រើនខែទើបនិងដោះលែងមកវិញ។លោកក្រូចសម្បត្តិប្រធានទីស្នាក់ការច្រកអន្តរជាតិជាំសាងុាំ បានឲ្យកម្ពុជាថ្មីដឹងថា ពលរដ្ឋខ្មែរដែល លួចឆ្លងដែនទៅកាប់ឈើក្រញូងនៅក្នុងទឹកដីថៃនោះ គឺឡើងទៅតាមច្រកចំបកកោងស្ថិតនៅក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយពលរដ្ឋខ្មែរចំនួន២នាក់នោះ មានឈ្មោះអុី អុីម ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិបឹងកក់ ឃុំលងវែក ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង.ថៃចាប់ខ្លួននៅថ្ងៃទី២៣ ខែឧសភាឆ្នាំ២០១៣ ទី២ឈ្មោះបូ ភាព ភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំងា ស្រុកកំពង់បឹង ខេត្តកំពង់ឆ្នាំង ថៃចាប់ខ្លួនដូចគ្នាខាងលើ។លោកក្រូចសម្បត្តិប្រធានទីស្នាក់ការច្រកអន្តរជាតិជាំសាងុាំបានឲ្យដឹងទៀតថា.នៅពេលនោះដែលសមត្ថកិច្ចទាំងអស់ នៅនឹងមាត់ច្រកក៏បានធ្វើការអប់រំ រួចហើយក៏បានឲ្យពលរដ្ឋទាំង២នាក់នោះ វិលទៅជួបជុំគ្រួសារវិញ។សូមបញ្ជាក់ទៀតថា នៅពេលបច្ចុប្បន្ននេះ នៅចំណុចច្រកអូរស្វាយ ជា
ច្រើនចំណុចក៏នៅតែមានពលរដ្ឋចំណាកស្រុកជាច្រើនលួចឡើងទៅកាប់ឈើក្រញូងក្នុងទឹកដី ថៃ ជារៀងរាលថ្ងៃ ហើយក្រុមទាហានឈុតខ្មៅថៃ ចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ បញ្ជូនទៅដាក់គុកនៅប្រទេសគេ ហើយក៏មានការដោះលែងជាបន្តបន្ទាប់ផងដែរ ព្រោះតែសមត្ថកិច្ចទាហាន ឈរជើងនៅតំបន់នោះ មិនមានការទប់ស្កាត់ ហើយក៏មានការត្រូវគ្នា ទើបពលរដ្ឋចំណាកស្រុកនោះ ឡើងទៅកាប់ឈើក្រញូងបាន នេះសំណាងល្អហើយ ដែលក្រុមទាហានឈុតខ្មៅចាប់រស់នោះ មិនមានការបាញ់សម្លាប់ដូចពីលើកមុន ប្រភពព័តមានបានឲ្យដឹងទៀតថា សមត្ថកិច្ចដែលឈរជើងនៅតំបន់នោះ មានទាហានសឹករងស្រុក ទាហានកងពលលេខ៦ ទាហានកងពលលេខ៤១ ទាហានភូមិភាគនិងសមត្ថកិច្ចប៉ូលិសការពារព្រដែនគោក ដែលឈរជើងនៅក្នុងតំបន់នោះ៕



































