កំពង់ធំ=រន្ទះបាញបានក្លាយជា អគ្គិភ័យ បានលេបត្របាក់ផ្ទះប្រជាពលរដ្ន ចំនួន១ខ្នងទំហំ៥គុណ៦ម៉ែត្រ ដំបូងប្រកសីស័ង្ស ជញ្ចាំងស្លឹក ឆេះខ្ទេចខ្ទីគ្មានសល់ កាលពី ល្ងាចវេលាម៉ោង ៥,០០នាទីថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៥ ស្ថិតនៅភូមិ រកា ឃុំស្រយ៉ូវ ក្រុងស្ទឹងសែន
ខេត្តកំពង់ធំ។
បើតាមប្រភពពត័មានពីកន្លែងកើតហេតុ បានអោយដឹងថា អគ្គិភ័យ បានឆាបឆេះ ផ្ទះ១ខ្នង អស់ទាំងស្រុងដោយសារតែរន្ទះបាញដើមត្នោត រួចឆេះសន្ទោរ សន្ទៅបណ្ដាលអោយធ្លាក់អណ្ដាតភ្លើង មកចំសំយ៉ាបផ្ទះបាយដែលប្រក់ស្បៅ បណ្ដាលអោយឆាបឆេះរហូតដល់ផ្ទះតែម្ដង ពេលឆេះ មុនមេឃរកភ្លៀង ជួនពេលនោះគ្មានមនុស្សប្រុស នៅទីនោះទេមានតែមនុស្សស្រីនិងដូនចាស់ម្នាក់អាយុ ៧០ឆ្នាំនៅចាំផ្ទះ ទើបពុំមានកំលាំងពន្លតភ្លើងធ្វើអោយឆាបឆេះអស់រលីងតែម្ដង ចំណែកអ្នកភូមិក៏ពុំសូវមានអ្នកណាដឹងទេ ព្រោះលឺតែស្នូររន្ទះបាញ ខ្លាំងៗ ម្យ៉ាង គេខ្លាចរន្ទះបាញផងទើបបណ្ដាលអោយឆេះខ្ទេចខ្ទីដូច្នេះ។
លុះព្រឹកឡើងថ្ងៃទី២៣ កំលាំងសមត្ថកិច្ចនគរបាល អធិការក្រុងស្ទឹងសែន កងរាជអាវុធហត្ថ យោធានិងក្រុមព្រឹក្សាខេត្ត ឧត្តម អ៊ុតសំអន និងអភិបាលក្រុង បានចុះជួយអន្ដរគមន៍ពិនិត្យ សួរសុខទុក ជួយរុះរើ ព្រមទាំងផ្ដល់គ្រឿងបរិភោគ ថវិការ របស់ប្រើប្រាស់មួយចំនួន ជាបណ្ដោះអាសន្ន ។
បើតាមការអោយដឹងលោកមេភូមិ រកា បានប្រាប់ថាក្នុងផ្ទះមានចំនួនមនុស្ស៣នាក់ ប្ដីឈ្មោះឌីម ដា មានមុខរបរជាងកាត់សក់ ប្រពន្ធឈ្មោះតាយ ហៀង មុខរបរលក់បង្អែមតាមភូមិ និងដូនចាស់ម្នាក់ឈ្មោះ យាយ ថូ នៅចាំផ្ទះបន្ទាប់ពីតា បានស្លាប់ចោលមិនទាន់បាន១ខែផងក៏ជួបនិងគ្រោះថ្នាក់រន្ទះបាញឆេះផ្ទះឆេះថែមទៀត ហើយលុយដែលខ្ចីគេធ្វើបុណ្យអោយតានោះមិនទាន់សងគេផង។
ម្ចាស់ផ្ទះ២នាក់ប្ដីប្រពន្ធបានរៀបរាប់ថា ទ្រព្យសម្បត្តិក្នុងផ្ទះ ឆេះអស់ មាន ទូទស្សន៍ ១គ្រឿង លុយ ១លាន រៀល សំលៀកបំពាក់ និងរបស់របរប្រើប្រាស់ ព្រមទាំង ស្រូវ អង្ករ ត្រូវភ្លើងឆេះអស់រលីងគ្មានសល់ គាត់ក៏បានសុំអង្វរ អោយសប្បុរសជន ក៏ដូចជាកាកបាទក្រហម ជួយឧបត្ថមជាសម្ភារះក្ដី ជាថវិកាក្ដី ព្រោះពេលនេះខ្លួនបានបាត់បង់ទ្រព្យសម្បត្តិអស់គ្មានសល់ទៅហើយ៕
ប៊ុន រិទ្ធី




































