អត្ថបទ ប៊ុនរិទ្ធី
កំពង់ធំ= អគ្គិភ័យ បានលេបត្របាក់ផ្ទះប្រជាពលរដ្ន ១ខ្នង ស្ទើរតែខ្ទេចខ្ទីគ្មានសល់ ទាំងព្រឹក វេលាម៉ោង ៨,៤៥នាទីថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០១៥ ស្ថិតនៅភូមិ កំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
បើតាមប្រភពពត័មានពីកន្លែងកើតហេតុ បានអោយដឹងថា អគ្គិភ័យ បានឆាបឆេះ ផ្ទះ១ខ្នង អស់ទាំងស្រុង ក្នុងនោះដែរកំលាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ យោធានិងក្រុមព្រឹក្សាស្រុក សន្ទុក ប្រជាពលរដ្ន បានជួយអន្ដរគមន៍ពន្លតផងដែរ លុះ១ម៉ោងក្រោយ ទើបរថយន្ដ ពន្លតអគ្គិភ័យ ២គ្រឿង ចេញពីខេត្តកំពង់ធំបានទៅដល់ ជួយបាញទឹកពន្លត់ដោយប្រើប្រាស់ពេល ២ម៉ោង ទើបរលត់ទាំងស្រុង ផ្ទះនោះមានទំហំ ៦គុណ៨ម៉ែត្រ ដំបូលប្រក ក្បឿង ជញ្ចាំងក្ដា ម្ចាស់មានឈ្មោះ គុយ សំអុល អាយុ ៦២ឆ្នាំ ប្រពន្ធឈ្មោះ យ័ន គឹម ហៀង អាយុ៦០ឆ្នាំ ក្នុងគ្រួសារមានមនុស្ស៤នាក់។
បើតាមការអោយដឹងពីម្ចាស់ផ្ទះបានប្រាប់ថាពួកគាត់បានអង្គុយ ជជែកគ្នាលេងជាធម្មតានៅក្រោមផ្ទះស្រាប់តែលឺសំលេងផ្ទះសេរ ខ្សែរភ្លើង នៅក្នុងបន្ទប់ប្អូនស្រី ដែលទៅរៀននៅភ្នំពេញ ដោយនឹកស្មានថាឆ្មាចាប់កណ្ដុល ពុំបានដឹងថាផ្ទុះសេខ្សែភ្លើងនោះទេ ក្រោយមកបានតេ ទូស័ព្ទទៅប្អូនស្រី ក៏ស្រាប់តែឃើញផ្សែងក្មួលខ្មាញចេញពីក្នុងបន្ទប់ពេញទំហឹងតែម្ដង ពេលនោះអ្នកជិតខាងក៏បានឃើញអណ្ដាតភ្លើង ឆាបឆេះយ៉ាងសន្ធោរសន្ធៅទៅហើយ ពួកគាត់បានជួយពន្លត់ដែរតែដោយអំណាចភ្លើងខ្លាំងពេកពុំអាចពន្លតលើផ្ទះបានក៏នាំគ្នាកាន់ធុង កាន់ប៉ោត ពន្លតបានតែក្រោមផ្ទះទើបធ្វើអោយអណ្តាតភ្លើង ខាងលើផ្ទះឆាបឆេះទាំងស្រុងតែម្តង។
លោក ម៉ៅ ចាន់ធី នាយរងប៉ុស្ដិនគរបាលឃុំកំពង់ថ្មបានប្រាប់ថាមូលហេតុបណ្ដាលមកពីផ្ទុះសេខ្សែរភ្លើង ដោយម្ចាស់ផ្ទះប្រាប់ថា ទ្រព្យសម្បត្តិនៅក្នុងផ្ទះខូចខាតទាំងស្រុង ក្នុងនោះមាន លុយ ចំនួន ៤៦លាន រៀល ខ្សែករមាសទំងន់៥ជី ទូទស្សន៍២គ្រឿង ទូដាក់ខោអាវ២គ្រឿង និងទ្រព្យសម្បត្តិផ្សេងទៀតជាច្រើន ត្រូវឆេះអស់ទាំងស្រុង ធ្វើអោយក្រុមគ្រួសារឈ្មោះ គុយ សំអុល និងប្រពន្ធឈ្មោះ យ័ន គឹម ហៀង បានលើកដៃសំពះ អោយសប្បុរសជន ក៏ដូចជាកាកបាទក្រហម ជួយឧបត្ថមជាសម្ភារះក្ដី ជាថវិកាក្ដី ព្រោះពេលនេះខ្លួនបានបាត់បង់ទ្រព្យសម្បត្តិអស់គ្មានសល់។
ក្នុងនោះដែរប្រជាពលរដ្នបានរឹះគន់ភ្លើងអគ្គិសនីថា ភ្លើងខ្សោយ រអាក់រអួល ឡើងចុះៗ ដាច់ញឹកញាប់ សូម្បីតែបើភ្លើងអំពូលក៏មិនភ្លឺ បើកកង្ហាលក៏មិនចង់វិល បានជាបណ្ដាលអោយផ្ទុះសេខ្សែភ្លើងបែបនេះ បន្ដិចក្រោយមក លោកពេជ សុធា អភិបាលស្រុកសន្ទុក ក៏បានយកអំណោយ ជួយឧបត្ថមដល់ក្រុមគ្រួសារជនរងគ្រោះ មានគ្រឿងបរិភោគ និងសម្ភារះប្រើប្រាស់មួយចំនួនផងដែរ៕
ប៊ុន រិទ្ធី





































